គ្រាប់ជី ជាអាហារសុខភាពល្អបំផុតមួយដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់រក្សាសុខភាពរាងកាយល្អប្រសើរ។ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ស្គាល់ ក៏ដូចជាចូលចិត្តទទួលទានគ្រាប់ជី ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យ របស់វាក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាសុខភាពផ្សេងៗ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផលវិជ្ជមាននៃការទទួលទានគ្រាប់ជី ៖
១. ផ្ដល់សារធាតុចិញ្ចឹមសំខាន់ៗ
គ្រាប់ជីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ចំពោះសុខភាពរាងកាយ រួមបញ្ចូលទាំង ប្រូតេអ៊ីន, ជាតិសរសៃ, អាស៊ីតខ្លាញ់អូមេហ្គា ៣, កាល់ស្យូម, ម៉ង់កាណែស, ម៉ាញ៉េស្យូម, ផូស្វ័រ, វីតាមីន B3, ស័ង្កសី, វីតាមីន B1, ប៉ូតាស្យូម និងវីតាមីន B2។ អ្វីដែលសំខាន់នោះ គឺវាមានផ្ទុកជាតិកាឡូរីដែលអាចបង្កហានិភ័យនៃបញ្ហាសុខភាពផ្សេងៗទាបបំផុត។
២. បង្កើនការរំលាយអាហារ និងបន្សាបជាតិពុល
អាហារដែលមានផ្ទុកទៅដោយជាតិសរសៃគ្រប់គ្រាន់ជួយទប់ស្កាត់បញ្ហាពិបាកក្នុងការរំលាយអាហារ ក៏ដូចជាអាការៈទល់លាមក រួមទាំងបង្កើនសុខភាពប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរ។ ចលនាពោះវៀនត្រឹមត្រូវប្រក្រតី គឺសំខាន់ណាស់ដើម្បីកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយតាមរយៈការបន្ទោរបង់។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
គ្រាប់ជី មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើនជាងត្រីសាម៉ុនដល់ទៅ ៨ដងឯណោះ។ ហើយអាស៊ីតខ្លាញ់អូមេហ្គា ៣ មានប្រសិទ្ធិភាពខ្ពស់ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
៤. ជួយឱ្យស្រកទម្ងន់
គ្រាប់ជី ជាប្រភពដ៏ប្រសើរនៃជាតិសរសៃ, អាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីត alpha-linoleic ដែលមានប្រយោជន៍ជួយឱ្យស្រកទម្ងន់បានឆាប់រហ័ស។
៥. សុខភាពឆ្អឹងរឹងមាំ
ជាតិកាល់ស្យូមដែលមានផ្ទុកក្នុងគ្រាប់ជីជួយពង្រឹងសុខភាពឆ្អឹងបានយ៉ាងប្រសើរ។ កាល់ស្យូម គឺចាំបាច់ចំពោះសុខភាពឆ្អឹងដោយជួយរក្សាម៉ាស និងភាពរឹងមាំ។ គ្រាប់ជី ក៏ជាប្រភពនៃសារធាតុ boron ដែលសំខាន់សម្រាប់រក្សាសុខភាពឆ្អឹងល្អប្រសើរផងដែរ។ Boron ជួយក្នុងការរំលាយម៉ាញ៉េស្យូម, កាល់ស្យូម, ផូស្វ័រ និងម៉ង់កាណែសសម្រាប់ការលូតលាស់នៃសាច់ដុំ និងឆ្អឹងដែលមានសុខភាពល្អជៀសផុតពីជំងឺពុកឆ្អឹង។
៦. គ្រប់គ្រងជាតិស្ករក្នុងឈាម
ជាតិអន្ធិលនៃគ្រាប់ជីជួយពន្យឺតការរំលាយជាតិស្ករ ដោយបង្កើតរបាំងការពាររវាងជាតិកាបូអ៊ីដ្រាត និងអង់ស៊ីមរំលាយអាហារ។ ជាលទ្ធផលក្នុងការបញ្ចេញថាមពលប្រកបដោយស្ថេរភាពជំនួសការបញ្ចេញជាតិស្ករខ្ពស់ទៅក្នុងឈាមដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕
ត្រួតពិនិត្យដោយ www.health.com.kh