ជាតិ
ក្រសួងកសិកម្ម ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង នៅ​រដូវប្រាំង
23, Feb 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង នៅ​រដូវប្រាំង  ខណៈ​កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត អែល​នី​ណូ ដែល​បង្ក​ឲ្យ​ឡើង​កម្ដៅ​ខ្លាំង​។

 
​កម្ពុជា​នឹង​ទទួលរង​នូវ​បាតុភូត អែល​នី​ណូ ដែល​បង្ក​ឲ្យ​មាន​អាកាសធាតុ​នៅ​រដូវប្រាំង​នេះ មាន​ភាព​ហួតហែង សី​តុ​ណ្ណ​ភាព​អាច​ឡើងដល់​៤០​ទៅ​៤២​អង្សា នៅ​ដើមឆ្នាំ​២០១៩​។ ស្ថានភាព​បែបនេះ នឹង​ងាយ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ហើយ​អាច​បណ្ដាល​ឲ្យ​បឹង​ព្រែក​អាច​ប្រឈម​នឹង​ការ​គោក រីង​រាក់ កង្វះ​អុកស៊ីសែន​ក្នុង​ទឹក​សម្រាប់​ត្រី និង​ជាហេតុ​បណ្ដាល​ឲ្យ​ពុល​ត្រី​ងាប់​។ នេះ​បើតាម​សេចក្តីណែនាំ​របស់​ក្រសួងកសិកម្ម​។​
 
​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​នេះ ក្រសួងកសិកម្ម ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចាត់វិធានការ​ការពា​រ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង និង​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ត្រី​ក្នុង​តំបន់​អភិរក្ស​ជាបន្ទាន់ ដូចជា​៖ ទប់ស្កាត់ និង​បង្ការ​ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​លិច​ទឹក ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម ការធ្វើ​កសិកម្ម​ពនេចរ និង​ការតាំង​ទីលំនៅ​ថ្មី​ដោយ​វាទ​យក​ដី​ធ្វើជា​កម្ម​សិ​ទិ្ធ​មិន​ស្របច្បាប់​។ ទប់ស្កាត់​ការដុត​ព្រៃ​លិច​ទឹក​ដើម្បី​ចាប់​សត្វ​។ 
 
​ជាពិសេស​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ត្រូវ​រៀបចំ​ជម្រក​ត្រី​ដោយ​ប្រើ​កំ​ផ្លោក​ចង​ព័ទ្ធ​ដាក់​នៅក្នុង​អន្លង់​ជ្រៅៗ ឬ​ពង្រាយ​ឲ្យ​បាន​ច្រើន​កន្លែង​ក្នុង​កន្លែង​អភិរក្ស​ជលផល​។ បន្ថែម​ពីនេះ​អាជ្ញាធរ​ត្រូវ​ត្រៀម​ម៉ាស៊ីនបូមទឹក​ទៅលើ​បរិយាកាស ឲ្យ​ធ្លាក់​នៅលើ​បន្ទះក្ដារ ដើម្បី​ឲ្យ​មាន​អុកស៊ីសែន​ដល់​ត្រី​នៅ​កន្លែង​អភិរក្ស​ជលផល ហើយ​ត្រូវការពារ​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​សកម្មភាព​របស់​ប្រជាពលរដ្ឋ ចូលធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​ជលផល​ផង​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕ 
 

Tag:
 ទប់ស្កាត់​
  ភ្លើង​ឆេះ​
  ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com