ជាតិ
ក្រសួងសុខាភិបាល អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ការបរិភោគ​ត្រី​ក្រពត​
22, Feb 2019 , 2:19 pm        
រូបភាព
ដោយ:
​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ការបរិភោគ​ត្រី​ក្រពត​ចំនួន ៣ ប្រភេទ ដែល​បណ្ដាលឱ្យ​ពុល​ឈឺ និង​ស្លាប់​។ សេចក្តីអំពាវនាវ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៩ កន្លងទៅនេះ ស្របពេល​មាន​ករណី​ពុល​ត្រី​ក្រពត នៅតែ​បន្ត​កើតឡើង ថ្វី​ដ្បិត​ក្រសួង​ធ្លាប់ធ្វើ​ការណែនាំ​ជារឿយៗ​ក្ដី​។


 
​យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​បានឱ្យដឹងថា ចាប់ពី​ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃទី ១៩ ខែកុម្ភៈ​ឆ្នាំ ២០១៩ នេះ គឺមាន​ករណី​ពុល​ត្រី​ក្រពត​កើតឡើង​ចំនួន ៧ លើក នៅក្នុង​ខេត្ត​ចំនួន​៤ ដូចជា​ខេត្តក្រចេះ កោះកុង សៀមរាប​។ ស្របពេល​ជាមួយគ្នានេះដែរ នៅ​ខេត្តបន្ទាយមានជ័យ បានកើត​ឡើង​ករណី​ពុល​ត្រី​ក្រពត ជា​លើក​ទី ៣ កាលពី​ថៃ្ង​ទី ១៩ ខែកុម្ភៈ ដែល​បានធ្វើឱ្យ​គ្រួសារ​មួយ​ពុល​ឈឺ ៥ នាក់ និង​ស្លាប់​ម្នាក់​។​
 
​កន្លងមក គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ធ្លាប់បាន​ចុះផ្សាយ​អត្ថបទ​របស់ខ្លួន នៅក្នុង​គេហទំព័រ​ថ្មីៗ នូវ​ប្រភេទ​ក្រពត​ពុល​ចំនួន​ប្រាំ​ប្រភេទ ដែល​អត្ថបទ​ដកស្រង់​ចេញពី​អម្បូរ​ក្រពត នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​ទស្សនា​វ​ដ្តី​ជលផល​កម្ពុជា​។​
 
​ខាងក្រោម​នេះ គឺជា​រូបភាព និង​លក្ខណៈ​សម្គាល់​អំពី​ត្រី​ក្រពត​ពុល​ចំនួន​ប្រាំ​ប្រភេទ ដែល​ខាង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​ធ្លាប់បាន​ចុះផ្សាយ​៖
 







 
​យោងតាម​ការស្រាវជ្រាវ​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា នៅពេល​ជាតិពុល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល គឺអាច​បណ្ដាល​ឱ្យស្លាប់​។ ពួក​ត្រី​ក្រពត​ទាំងនេះ មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​រដូវ​កូន​បន្ត​ពូជ ដែល​ស្ថិតនៅ​ខែកុម្ភៈ​ដល់​ខែមីនា និង​ស្ថិតនៅ​ចន្លោះ​ខែ កក្កដា​ទៅ​ខែកញ្ញា ហើយ​ចំពោះ​មេជី​វិត និង​ពង​រប​ស់វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក​ថ្លើម ពោះវៀន ស្បែក និង​សាច់​។ បន្ទាប់ពី​បរិភោគ​ត្រី​ក្រពត​ទាំងនេះ រយៈពេល ២០​នាទី ទៅ ២​ម៉ោង គឺមាន​រោគសញ្ញា ដូចជា រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ ឈឺក្បាល វិលមុខ រមាស់​ចាក់ៗ នៅ​ចុង​អវយវៈ ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម បើ​ស្ថិតក្នុង​ស្ថានភាព​ពុល​ខ្លាំង គឺ​ធ្វើឱ្យ​ថប់ដង្ហើម​ស្លាប់​តែម្តង​។​
 
​ក្រសួងសុខាភិបាល​បាន​អះអាង​បន្តថា ការធ្វើឱ្យ​ក្អួត គឺ​អាចជួយ​បញ្ចេញ​ជាតិពុល​បាន​មួយចំណែក ពី​ក្នុង​ខ្លួន​។ បន្ទាប់មក ត្រូវ​ប្រញាប់​ទៅរក​ការជួយ​សង្គ្រោះ​ជាបន្ទាន់ នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។ លើសពីនេះ ជាតិពុល​ក្នុង​ត្រី​ក្រពត​ទាំងនោះ មិនអាច​កម្ចាត់​ចោល​តាមរយៈ​ការ​ចម្អិន​ឱ្យ​ឆ្អិន ឬ​ដាក់ឱ្យ​កក​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com