ជាតិ
សេដ្ឋកិច្ច
ADB គ្រោងផ្ដល់ថវិកាជាង៧០លានដុល្លារ សម្រាប់កែលម្អរចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនៅកម្ពុជា រូបភាពបានពីក្រសួងកសិកម្ម( លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម ជួបពិភាក្សា ជាមួយ លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំជំនួយបច្ចេកទេសសម្រាប់កសាងគម្រោងក្នុងខេត្ត៦ នៅកម្ពុជា នៅទីស្តីការ
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ជំនួយ៧៦លានដុល្លារ លើគម្រោងរៀបចំនិងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម ក្នុងខេត្តចំនួន៦ នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម។
លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយក្នុងកិច្ចពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២១ កុម្ភៈថា គម្រោងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃផលិតផលកសិកម្មនេះ នឹងផ្តល់អាទិភាព ទៅលើដំណាំកសិឧស្សាហកម្ម មានស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មសត្វមាន់ជាដើម ដែលស្ថិតនៅក្នុងគោលដៅខេត្តទាំង៦រួមមានត្បូងឃ្មុំ ព្រះវិហារ កំពង់ចាម កំពង់ធំ សៀមរាប និខេត្តឧត្តរមានជ័យ។ ចំពោះទំហំថវិកាខាងលើនេះ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍផ្សេងទៀត ក្រៅពីជំនួយរបស់ADB ដែរ។
ក្រៅពីផ្ដល់ជំនួយនេះ ADB ក៏នៅបន្តគាំទ្រជួយដល់សង្វាក់ផលិតផលកសិកម្មនេះ រួមមានទី១ ជំនួយការងារបច្ចេកទេស ក្រោយពេលប្រមូលផល និងដឹកជញ្ជូន ។ ទី២ ការកសាងរចនាសម្ព័ន្ធគាំទ្រដល់ការបំពេញខ្សែសង្វាក់តម្លៃដូចជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ។ ទី៣ ការកសាងផ្លូវ នៅតាមជនបទ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូនកសិផល និងទី៤ ការកសាងសមត្ថភាព និងការផ្សាភ្ជាប់រវាងគ្រប់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ក៏ស្នើឲ្យប្រធានក្រុមការងារគម្រោងADB ឲ្យជួយគិតគូដំណាំពោតដាក់ចូលក្នុងផែនការគម្រោងផងដែរ ព្រោះដំណាំនេះកំពុងតែមានសក្កានុពលខ្លាំង ទាំងទីផ្សារក្នុងស្រុក និងបរទេស។ លើសពីនេះទៀតលោក វេង សាខុន ក៏ចង់ឲ្យADB ជួយលើកកម្ពស់ការកសាងសមត្ថភាពរបស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោតលើការកសាងភាពជាដៃគូរវាងអ្នកផលិតនិងអ្នកកែច្នៃ ដែលផ្អែកលើការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការធ្វើទំនើបកម្មកសិកម្ម។ ដោយឡែកវិស័យផលិតកម្មគោ ជាពិសេសការប្តូរពូជសត្វគោដែលកំពុងមានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រដែរ ព្រោះផលិតកម្មគោគឺជាប្រភពចំណូលដ៏ធំមួយ ហើយដែលបានជួយកែប្រែកម្រិតជីវភាពរបស់កសិករយ៉ាងល្អប្រសើរ។ ទាំងនេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។
គម្រោងកែលម្អរចនាសម្ព័ន្ធខ្សែច្រវ៉ាក់តម្លៃតម្លៃផលិតកម្ម និងកសិផល គឺអនុវត្តឡើងដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ,កាត់បន្ថយឈ្មួញកណ្តាល ហើយពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញបច្ចេកទេស ។ ជាពិសេសធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ រួមទាំងកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដូចជា ដំឡូង ស្រូវ ស្វាយ និងស្វាយចន្ទីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com