អន្តរជាតិ
អាមេរិក និង​រុស្ស៊ី​កំពុង​ដើរទៅ​រក​វិបត្តិ​មី​ស៊ី​ល​គុយបា​លើក​ទី​ពីរ​?
22, Feb 2019 , 7:39 pm        
រូបភាព
​ការដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កាន់តែ​យ៉ាប់យ៉ឺន​។ រុស្ស៊ី​បារម្ភ​ថា អាមេរិក​នឹង​ពង្រាយ​មី​ស៊ី​ល​របស់ខ្លួន​នៅ​អឺរ៉ុប​ដើម្បី​វាយប្រហារ ឬ​ទុក​កំញើញ​ខ្លួន​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន គំរាម​វិញ​ថា បើ​វ៉ាស៊ីនតោន​ហ៊ាន​ដាក់​មី​ស៊ី​ល​នៅក្បែរ​ផ្ទះ​ខ្លួន​នោះ ក្រុង​មូ​ស្គូ​ក៏​នឹងធ្វើ​ដូចគ្នា​ដែរ ហើយ​ធ្វើ​ខ្លាំង​ជាង​អាមេរិក​ទៅទៀត​។ ការវិវត្ត​ស្ថានការណ៍​បែបនេះ ធ្វើ​ឲ្យ​គេ​នឹក​ដល់​វិបត្តិ​មី​ស៊ី​ល​គុយបា​កាលពី​ជាង​៥០​ឆ្នាំមុន​។​

 
​អាមេរិក និង​រុស្ស៊ី​កំពុង​ដើរទៅ​រក​វិបត្តិ​មី​ស៊ី​ល​គុយបា​លើក​ទី​ពីរ​? នេះ​ជា​សំណួរ​ដែល​លេចឡើង​ក្នុង​បរិបទ​សព្វថ្ងៃ ព្រោះ​អាមេរិក និង​រុស្ស៊ី​កំពុងតែ​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​កាន់តែខ្លាំង​គ្មាន​ថមថយ​ឡើយ​។ ការដើរ​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (INF) របស់​អាមេរិក​ក្រោម​ហេតុផល​ថា រុស្ស៊ី​ជា​អ្នក​បំពាន​សន្ធិសញ្ញា ជា​ការដុត​បញ្ឆេះ​ភាព​តានតឹង​ដែល​កំពុងពុះ​កញ្ជ្រោល​ស្រាប់​ហើយ​នោះ​។​
 
​សញ្ញា​ជាច្រើន​បង្ហាញថា វិបត្តិ​មី​ស៊ី​ល​គុយ​បាយ​អាច​នឹង​លេច​ជា​រូបរាង​ម្ដងទៀត​។ នៅ​ឆ្នាំ​១៩៦២ ពិភពលោក​សឹង​តែង​ធ្លាក់​ក្នុង​មហន្តរាយ​ជាថ្មី​ទៅហើយ បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី​ពង្រាយ​មី​ស៊ី​ល​ក្បែរ​ទឹកដី​គូប្រជែង​របស់ខ្លួន​។ កាលនោះ អាមេរិក​បាន​បញ្ជូន​មី​ស៊ី​ល​ទៅ​តួ​ក​គី ហើយ​រុស្ស៊ី​ក៏​តប​វិញ​ដោយ​បញ្ជូន​មី​ស៊ី​ល​របស់ខ្លួន​ទៅកាន់​គុយបា​ដែល​នៅ​កៀក​អាមេរិក​បំផុត​។ ច្រើនជាង​៥​ទសវត្សរ៍​បន្ទាប់ ភាព​តានតឹង​ដូចគ្នានេះ ប្រុង​កើតឡើង​ជាថ្មី​។​
 
​តាមពិតទៅ ទោះ​ដកខ្លួន​ចេញពី INF ក្ដី អាមេរិក​មិនទាន់​បញ្ចេញ​ផែនការ​ណាមួយ​ទាក់ទង​នឹង​ការពង្រាយ​មី​ស៊ី​ល​នៅ​អឺរ៉ុប​ឡើយ​។ INF ដែលជា​សន្ធិសញ្ញា​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាមត្រជាក់​ហាមឃាត់​អាមេរិក និង​រុស្ស៊ី​ពង្រាយ​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​នៅ​អឺរ៉ុប​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អាមេរិក​ក៏​មិនទាន់មាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម​បាញ់​ចេញពី​ជើង​ទម្រ​លើដី​គោក​ដើម្បី​តាំងនៅ​អឺរ៉ុប​ដែរ តែ​អាច​អភិវឌ្ឍ​បាន​ក្រោយ​ដើរ​ចេញពី INF ។​
 
​នេះហើយ​ជា​មូល​ហេតុដែល​រុស្ស៊ី​នៅ​មិន​សុខ​បក់​មិន​ល្ហើយ​នោះ​។ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន បាន​ព្រមាន​ជាស្រេច​ថា រុស្ស៊ី​ដើរ​តាម​អាមេរិក​ក្នុងការ​ពង្រាយ​មី​ស៊ី​ល​នេះ​។ បានន័យថា បើ​អាម​រិ​ក​ពង្រាយ​មី​ស៊ី​ល​ទៅ​ក្បែរ​របង​ផ្ទះ​រុស្ស៊ី រុស្ស៊ី​ក៏​នឹង​បញ្ជូន​មី​ស៊ី​ល​ទៅ​កៀក​អាមេរិក ឬក៏​ពង្រាយ​មី​ស៊ី​ល​ល្បឿន​លឿន​ចូល​ក្បែរ​ទឹកដី​អាមេរិក​ផងដែរ​។ ក្រោយមក លោក ពូ​ទីន ក៏​បង្ហើប​ទៀតថា មី​ស៊ី​ល​ថ្មី​អាច​ពង្រាយ​តាម​ជើង​ទឹក​។​
 
​ដោយ​ព្រមាន​ចំៗ លោក ពូ​ទីន អះអាងថា រុស្ស៊ី​អាច​ពង្រាយ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅលើ​នាវាចម្បាំង ឬ​នាវាមុជទឹក​ដែល​អាច​លាក់ខ្លួន​ក្រៅ​ដែនទឹក​អាមេរិក ព្រោះ​អាច​វាយប្រហារ​គោលដៅ​បាន​លឿន​។ លោក​បន្ថែមថា នាវា​រុស្ស៊ី​មិន​នៅ​នឹង​នៅ​មួយកន្លែង​ឡើយ ហើយ​អាមេរិក​ត្រូវ​ធ្វើការ​ធ្ងន់​ដើម្បី​រក​នាវា​រុស្ស៊ី ក៏ដូចជា​មី​ស៊ី​ល​ថ្មី​ដែលមាន​ល្បឿន​លឿន ហើយ​អាច​រត់​ចំ​គោលដៅ​ដល់​ទៅ​១​ពាន់​គីឡូម៉ែត្រ​ឯណោះ​។ 
 
​ខណៈ​ប្រកាន់​ជំហរ​ចរចា​ព្រោះ​មិន​ចង់ឃើញ​ការរត់​ប្រណាំង​សព្វាវុធ​អ្វី​នោះ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ព្រមាន​ដែរ​ថា រុស្ស៊ី​មិន​នៅ​ស្ងៀម​ឡើយ បើ​អាមេរិក​បញ្ជូន​មី​ស៊ី​ល​ទៅ​អឺរ៉ុប​នោះ​។ បើតាម​លោក ពូ​ទីន មី​ស៊ី​ល​ខ្លះ​របស់​អាមេរិក​អាច​វាយប្រហារ​រដ្ឋធានី​មូ​ស្គូ​ក្នុង​ចន្លោះពេល​១០​ទៅ​១២​នាទី​ប៉ុណ្ណោះ​។ 
 
​ទោះជា​យ៉ាងណា មេដឹកនាំ​រុស្ស៊ី​យល់ថា ស្ថានភាព​តានតឹង​ដូច​សព្វថ្ងៃនេះ​មិនទាន់​អាច​ប្រដូច​នឹង​វិបត្តិ​មី​ស៊ី​ល​គុយបា​ឡើយ ហើយ​ដែលជា​ស្ថានការណ៍​ដែល​គ្រប់គ្នា​មិន​ចង់បាន​ទាល់តែសោះ​។ សម្រាប់​លោក ពូ​ទីន រុស្ស៊ី​ដើរ​តាម​ពីក្រោយ​អាមេរិក បើ​អាមេរិក​ចង់​ឲ្យ​វិបត្តិ​គុយបា​កើតឡើង​ម្ដងទៀត រុស្ស៊ី​ក៏​ស្វាគមន៍​ដែរ​។ ក្នុងន័យ​លើកតម្កើង​អានុភាព​មី​ស៊ី​ល​របស់ខ្លួន លោក ពូ​ទីន ក៏​ឆ្លៀត​អួតថា បើ​ស្ថានការណ៍​អាក្រក់​កើតមាន​មែន ទុក​ឲ្យ​អាមេរិក​ជា​អ្នក​វាស់​ល្បឿន​លឿន​មី​ស៊ី​ល​រុស្ស៊ី​ទៅ​ចុះ​៕
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com