កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao មិនចង់ឲ្យកូនដើរតាមគន្លង ប៉ុន្តែកូនថា «ប្រដាល់» ជាអាជីពក្នុងក្តីស្រមៃ
× ស្តេចប្រដាល់អាស៊ី Manny Pacquiao ហាមកូនប្រុសច្បងមិនឲ្យប្រឡូកក្នុងអាជីពប្រដាល់ដូចខ្លួន និងថែមទាំងប្រាប់ឲ្យបំភ្លេចក្តីស្រមៃនេះចោលទៀតផង។ Pacquiao និយាយបែបនេះ នៅក្រោយពេលខលតាមវីដេអូឃើញកូនខ្លួន Jimuel Pacquiao កំពុងហ្វឹកហាត់ប្រដាល់អំឡុងពេលតាំងពិព័រណ៍មួយកាលពីសប្តាហ៍មុន។
Pacquiao បានបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈអាជីពប្រដាល់សកលក្រោយឈ្នះខ្សែក្រវាត់ពិភពលោកចំនួន ៨ស្ថាប័នក្នុងកំណត់ត្រា ជាមួយនឹងប្រវត្តិប្រកួត៧០ដង ឈ្នះ ៦១ ចាញ់៧ និងស្មើ២ ផ្តួលដៃគូឲ្យសន្លប់៣៩លើក។ បើទោះយ៉ាងនេះក្តី សមាជិកព្រឹទ្ធសភាហ្វីលីពីនរូបនេះ នៅតែមិនចង់ឲ្យកូនប្រុសអាយុ ១៨ ឆ្នាំ Jimuel ដើរតាមគន្លងរបស់ខ្លួនឡើយ។
Jimuel Pacquiao កំពុងហ្វឹកហាត់ ខណៈឪពុកកំពុងមើលកូនតាមរយៈខលវីដេអូ
បន្ទាប់ពីបានឃើញ Jimuel ពាក់ស្នាប់ដៃហើយហ្វឹកហាត់ប្រដាល់ដែលត្រូវបានថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនោះ Pacquiao បានប្រាប់ទូរទស្សន៍ហ្វីលីពីន ABS-CBN ថា៖«យើងពិតជាបានប្រឆាំងនឹងបំណងរបស់ Jimuel។ ភរិយារបស់ខ្ញុំ Jinkee មិនឲ្យមាន ឧបករណ៍ប្រដាល់តាំងនៅក្នុងផ្ទះឡើយ ប៉ុន្តែយើងមានទីលានបាល់បោះមួយជំនួសវិញ»។
អ្នកប្រដាល់សញ្ជាតិហ្វីលីពីន វ័យ៤១ឆ្នាំដែលមានទ្រព្យសម្បត្តិរាប់រយលានដុល្លារនេះ តែងតែព្យាយាមជំរុញកូនប្រុសម្នាក់នេះឲ្យជ្រើសរើសអាជីពផ្សេង ដោយប្រាប់កូនថាខ្លួនឡើងសង្វៀនប្រដាល់កន្លងមកគឺដើម្បីតែជីវភាពគ្រួសារ និងគេចពីភាពក្រីក្រប៉ុណ្ណោះ។
ប៉ុន្តែយ៉ាងណា Pacquiao ទទួលស្គាល់ និងកត់សម្គាល់ឃើញថា កូនប្រុសម្នាក់នេះពិតជាចង់វាយដូចខ្លួនណាស់។ Pacquiao និយាយថាកូនប្រុស Pacquiao Jimuel បានប្រាប់ខ្លួនថា៖ «ប៉ា! ជាអ្នកប្រដាល់ដូចប៉ាក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំដែរ ខ្ញុំចង់ក្លាយជាអ្នកតំណាងឲ្យប្រទេសនេះក្នុងនាមជាអត្តពលិកម្នាក់»។
Pacquiao មានកូនទាំងអស់៥នាក់ ក្នុងនោះប្រុស៣ ស្រី២ ហើយ Pacquiao Jimuel ជាកូនច្បងក្នុងគ្រួសារ៕
Tag:
ប្រដាល់
Manny Pacquiao
Jimuel Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com