ជាតិ
NOCC នឹងបោសសម្អាតបញ្ហាសហព័ន្ធកីឡាណា ដែលកាត់លុយពីកីឡាករជម្រើសជាតិខ្លួន រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC
× ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមានចាត់វិធានការលើស្ថាប័នសហព័ន្ធកីឡាណា ដែលកាត់លុយពីកីឡាករជម្រើសជាតិខ្លួន នៅពេលពួកគេទទួលបានប្រាក់រង្វាន់ ក្រោយត្រឡប់ពីការប្រកួតតំណាងជាតិវិញ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាននិយាយថា លោកមិនទាន់មានព័ត៌មានច្បាស់ការពីរឿងកាត់លុយកីឡាករឡើយ ដោយលោកគ្រាន់តែធ្លាប់ឭពីបញ្ហានេះប៉ុណ្ណោះ។ ថ្លែងចំពោះមុខអ្នកកាសែត លោក វ៉ាត់ ចំរើន ចាត់ទុកបញ្ហានេះ គឺជាចំណុចអាក្រក់ក្នុងវិស័យកីឡា ដែលត្រូវដោះស្រាយ និងបោសសម្អាតនាពេលខាងមុខ។
អគ្គលេខាធិការ NOCC រូបនេះ បានថ្លែងក្រោយមហាសន្និបាតបូកលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ កាលពីថ្ងៃទី២១ កុម្ភៈ យ៉ាងដូច្នេះថា៖«បញ្ហានេះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលព័ត៌មានមិនច្បាស់ការជាច្រើន នៅក្នុងការងារនេះ ហើយមានសហព័ន្ធមួយចំនួន ដែលឮសូរថាកាត់លុយពីកីឡាករជម្រើសជាតិរបស់ខ្លួន។
អ៊ីចឹងទេ រឿងនេះវាគ្រាន់តែស្ថិតនៅក្នុងការស្រមើស្រមៃ និងជាពាក្យចចាមអារាមនៅឡើយទេ។ ប៉ុន្តែចាប់ពីពេលនេះតទៅ ក្រោយពីមហាសន្និបាតនេះ គឺត្រូវតែសម្អាតឲ្យអស់រាល់បញ្ហា ដែលមាននៅក្នុងកីឡារបស់យើង ហើយចាត់វិធានការព្យាបាល និងវះកាត់បណ្ដើរៗ…»។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាតិហ្វឹកហ្វឺន ដើម្បីកំណត់មុខសញ្ញា និងប្រមូលយកសក្ខីកាមឲ្យបានច្បាស់លើបញ្ហាកាត់លុយពីកីឡាករក្រោយពេលត្រឡប់ពីការប្រកួតវិញនេះ ។
លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះថា៖«យើងមិនអាចទុកបញ្ហា(កាត់លុយកីឡាករ)នេះចោលបាននោះទេ ។ អ៊ីចឹងហើយការដាក់ចេញនូវមហាសន្និបាតយុទ្ធនាការ ក្នុងការព្យាបាលវះកាត់នេះ គឺយើងនឹងសម្អាតឲ្យអស់នៅឆ្នាំ២០១៩ រាល់សកម្មភាពទាំងឡាយណា ដែលវាជះឥទ្ធិពលដល់ដំណើរការនៃការអភិវឌ្ឍនៅក្នុងវិស័យជំនាញរបស់ខ្លួន ។ រឿងនេះ យើងគិតថា នឹងត្រូវធ្វើក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ដែរថា រាល់កីឡាករទាំងអស់ ដែលចេញទៅប្រកួតនៅក្នុងកម្មវិធីថ្នាក់តំបន់ ឬអន្តរជាតិធំៗ គឺពួកគេតែងតែទទួលបានប្រាក់ឧត្ថម្ភលើកទឹកចិត្តពីសំណាក់ប្រមុខរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បន្ថែមលើពានរង្វាន់ ដែលពួកគេទទួលបានពីការប្រកួតផងដែរ៕
Tag:
វ៉ាត់ ចំរើន
ថោង ខុន
NOCC
© រក្សាសិទ្ធិដោយ thmeythmey.com