ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
យុវ​សិស្ស​រំភើប​រីករាយ​នៅពេល​ដាក់​បង្ហាញ​រ៉ូ​បូត​, ស្នាដៃ​ផ្សេងៗ ក្នុង​មហោស្រព​ស្ទែ​ម​លើក​ទី​៥
23, Feb 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សិស្ស​និស្សិត​បានបង្ហាញ​ភាព​រីករាយ​ដោយបាន​ដាក់​បង្ហាញ​រ៉ូ​បូត និង​ស្នាដៃ​ផ្សេង​របស់ខ្លួន ក្នុង​កម្មវិធី​មហា​ស្រព​ស្ដីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម (Stem Festival) លើក​ទី​៥ ដែល​ប្រ​ពឹ​ត្ត​ទៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣​ខែកុម្ភៈ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។



​ស្ដង់​ដាក់​បង្ហាញ​ស្នាដៃ​របស់​សិស្ស​និស្សិត​នីមួយៗ​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកទស្សនា​យ៉ាងច្រើន ដែល​ភាគច្រើន​ជា​សិស្សានុសិស្ស និង​និស្សិត​។ យុវ​សិស្ស ម៉ម ម៉ី នៃ​ក្រុម​ចំនួន​៤​នាក់​មកពី​វិទ្យាល័យ​ពួក បាន​យក​ស្នាដៃ​របស់ខ្លួន​មក​ដាក់​បង្ហាញ​ក្នុង​មហា​ស្រព​នេះដែរ​។ នេះ​ជា​បច្ចេកវិទ្យា​មួយ​ដែល​បំប្លែង​ថាមពលខ្យល់ និង​កម្ដៅ​ព្រះអាទិត្យ ទៅជា​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​អំពូល ឬ​តម្រូវការ​ផ្សេងៗ​ទៀត​។ ជាការ​ចូលរួម​លើកទីមួយ សិស្ស ម៉ម ម៉ី ដែល​រៀន​ថ្នាក់​ទី​១២​រូបនេះ​បានបង្ហាញ​អារម្មណ៍​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​បានបង្ហាញ​ស្នាដៃ​របស់ខ្លួន​ទៅដល់​អ្នកទស្សនា​ក្នុង​កម្មវិធី​នេះ​។ ហើយ​យើង​បានធ្វើ​ឲ្យ​គេ​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍​ពី​ខ្យល់ និង​ព្រះអាទិត្យ សម្រាប់​ទាញ​យកមកប្រើ​ជា​ថាមពល​អគ្គិសនី​»​។​




 
​ងាក​មក​ស្ដង់​មួយទៀត​របស់​ក្រុម​យុវ​សិស្ស​ថ្នាក់​ទី​១០​នៃ​សាលារៀន E2STEM EDUCATION បាន​តាំង​បង្ហាញ​ស្នាដៃ​បច្ចេកវិទ្យា​«​ភ្លើង​បំភ្លឺ​សាធារណៈ​/​លំនៅដ្ឋាន ស្វ​យ​ប្រវត្តិ​» និង​«​ភ្លើងស្តុប​»​។ សមាជិក​មួយរូប​នៃ​ក្រុម​នេះ​បានបង្ហាញ​អារម្មណ៍​ដូចនេះ​ថា​៖«​ពួកយើង​សប្បាយចិត្ត ពួកយើង​ត្រឹម​ថ្នាក់​ទី​១០ តែ​អាចបង្កើត​អ្វី​ទាំងនេះ​ឡើង​»​។​






 
​និស្សិត​មួយក្រុម​នៃ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ក៏បាន​ដាក់​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ផងដែរ​។ ក្រុម​នេះ​មាន​សមាជិក ៧​រូប​ដែល​ជំនាញ​ផ្នែក​មេកា​និក​គ្រឿងយន្ត​។ ស្នាដៃ​ដាក់​បង្ហាញ​នេះ​ជា​គ្រឿងចក្រ​លើកដាក់​ទំនិញ ដោយ​ប្រើ​ឧបករណ៍​បញ្ជា​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ពួកគេ​ចូលរួម​ក្នុង​ការតាំង​បង្ហាញ​ក្នុង​មហា​ស្រព​នេះ​។ និស្សិត ទិ​ត សុ​ភ័​ក្រ បាន​ថ្លែង​ដូច្នេះ​ថា​៖«​ស្នាដៃ​នេះ​បានទទួល​ការចាប់អារម្មណ៍​ច្រើន​ពិសេស​ពី​សំណាក់​យុវជន​ដែលមាន​វ័យ​ប្រមាណ ២៥​ឆ្នាំ​ឡើង ព្រោះនេះ​មិនមែនជា​ឧបករណ៍​កម្សាន្ត​ទេ តែ​ជា​ឧបករណ៍​មាន​ប្រយោជន៍​សម្រាប់​ការលើកដាក់​ទំនិញ​។ នេះ​គ្រាន់តែ​គំរូ​បង្ហាញ​ប៉ុណ្ណោះ តែបើ​មាន​ការជួយ​សហការ ពួកយើង​ក៏​អាច​ផលិត​វា​ទៅជា​គ្រឿងចក្រ​ប្រើប្រាស់​ជាក់ស្ដែង​បានដែរ​»៕




 













© រក្សាសិទ្ធិដោយ thmeythmey.com