ជាតិ
រដ្ឋាភិបាល​ចាប់ផ្តើម​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​
24, Feb 2019 , 8:39 am        
រូបភាព
លោក ជា សុផារ៉ា ទទួលបន្ទុកជាប្រធានគណៈកម្មការ​រៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
លោក ជា សុផារ៉ា ទទួលបន្ទុកជាប្រធានគណៈកម្មការ​រៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ បានចេញ​សេចក្តីសម្រេច នៅ​ស្តីពី​ការបង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដោយមាន​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ជា​ប្រធាន​។​

 
 
​ក្នុង​សេចក្តីសម្រេច​ដែល​យោងតាម​តម្រូវការ​ការងារ​ចាំបាច់​នោះ លោក ជា សុផារ៉ា មាន​ក្រុមការងារ​របស់ខ្លួន​ជាង​២០​នាក់ ដែល​ទទួលខុសត្រូវ​រៀបចំ​ទីតាំង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ក្នុងនោះ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជា​អនុប្រធាន ខណៈ​លោក​អភិបាលខេត្ត​កណ្តាល ម៉ៅ ភិ​រុណ ជា​សមាជិក​អចិន្ត្រៃយ៍​។​
 
​សមាជិក​២០​រូប​ផ្សេងទៀត មាន​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួមទាំង​រដ្ឋលេខាធិកា​រ​ពី​បណ្តា​ក្រសួង​មួយចំនួន​ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ការពារជាតិ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឧ​ស្សហកម្ម និង​សិប្បកម្ម រ៉ែ និង​ឋា​ម​ពល បរិស្ថាន ធនធានទឹក និង​ឧតុនិយម សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ក្រសួងទេសចរណ៍​។​
 
​ក្រៅពីនេះ មាន​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​។​
 
​សេចក្តីជូនដំណឹង​មិនបាន​បញ្ជាក់​ពី​ទីតាំង​នៃ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នោះឡើយ ប៉ុន្តែ​ដើមខែ​មករា កន្លងមក កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ថ្មី នៅ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវ​ចុះហត្ថលេខា​លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) និង​លោក​ហ៊ូ ហ៊ួ​យ​ប៉ាង ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB)​។ គម្រោង​នេះ សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទំហំ​២៦០០​ហិកតា ក្រោម​ទុនវិនិយោគ​១៥០០​លាន​ដុល្លារ​អាមេរិក​៕

Tag:
 អាកាស​ដ្ឋា​ន​
  យន្តហោះ​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com