អន្តរជាតិ
តើមហាកំផែងចិនត្រូវបានគេសាងសង់ក្នុងគោលបំណងអ្វី?
× កាលពីជាង២៣០០ឆ្នាំមុន ផ្នែកមួយនៃមហាកំផែងចិនត្រូវបានមនុស្សក្នុងសម័យបុរាណសាងសង់ឡើងដើម្បីជារនាំងការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។ ប៉ុន្តែសព្វថ្ងៃ មហាកំផែងត្រូវបានជួសជុលឡើងវិញ និងថែរក្សាដើម្បីទាក់ទាញភ្ងៀវទេសចរណ៍។
តាមគេហទំព័ររបស់ chinahightlights.com ខាងក្រោមនេះជាចំណុចមួយចំនួនដែលរៀបរាប់អំពីមូលហេតុនៃការសាងសង់សំណង់ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយនេះ។
មុនពេលដែលសតវត្សន៍ទី៣មុនគ្រឹស្តសករាជឈានចូលមកដល់ ប្រទេសចិនបានប្រឈមនឹងសង្គ្រាមតូចៗជាច្រើនដែលបង្កដោយរដ្ឋជិតខាង។ សង្គ្រាមរវាងរដ្ឋតូចៗជាញឹកញាប់បានធ្វើឲ្យ Qi ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋជាច្រើនដែលកំពុងស្ថិតនៅក្នុងជម្លោះ បង្ខំចិត្តសាងសង់កំផែងដំបូងគេក្នុងឆ្នាំ៦៥៦មុនគ្រឹស្តសករាជ ដែលសព្វថ្ងៃមានទីតាំងនៅខេត្ត Shandong ប្រទេសចិន។
កំផែងកាលពីពេលនោះ ត្រូវបានបង្កើតឡើងពីថ្មធំៗប៉ុណ្ណោះ មិនទាន់មានលក្ខណៈរឹងមាំខ្លាំងប៉ុន្មាននោះទេ។ ក្រោយមក រដ្ឋក្នុងជម្លោះដទៃទៀតក៏បានសាងសង់កំផែងរៀងៗខ្លួនដែរ។
ក្រោមការគ្រប់គ្រងរបស់អធិរាជ Qin Shihuang រដ្ឋដែលបែកបាក់ត្រូវបានបង្រួបបង្រួមឲ្យទៅជាអាណាចក្រធំមួយវិញ។ ក្នុងសម័យរាជវង្ស Qin មហាកំផែងដែលបានសាងសង់ដោយរដ្ឋខុសៗគ្នានោះបានស្តារចងភ្ជាប់គ្នា ក្នុងគោលបំណងការពារសត្រូវថ្មីមួយទៀត នោះគឺកុលសម្ព័ន្ធតូចៗ ដែលតាំងទីលំនៅនៅខាងជើងប្រទេសចិន។
ក្រោយមក មហាកំផែងក៏ត្រូវបានអ្នកគ្រប់គ្រងជាច្រើនជំនាន់ ជួសជុល និងកសាងបន្ថែមជាច្រើនលើកច្រើនសារ។ របងយក្សមួយនេះ ក៏បានតួរនាទីសំខាន់ក្នុងការការពារផ្លូវសូត្ររបស់ប្រទេសចិនពីការរំខាន់ពីពួកកុលសម្ព័ន្ធឈ្លានពានតូចៗផងដែរ ពីព្រោះថា ផ្លូវសូត្រគឺជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់រវាងលោកខាងកើត និងលោកខាងលិច។ វាជាផ្លូវដោះដូរទំនិញ គំនិត រួមទាំងការរៀនសូត្រចំណេះដឹងផងដែរ។ កំផែងមួយនេះ ក៏បានដើរតួរជាអ្នកការពារប្រទេសចិនពីការប្រយុទ្ធរបស់កងទ័ពម៉ុងហ្គោលខ្លះដែរ ដោយហេតុថា កាលពីពេលនោះ ម៉ុងហ្គោល ក្រោមការគ្រប់គ្រងរបស់មេទ័ព Genghis Khan បានឈ្លានពាន និងកាន់កាប់ទឹកដីធំមហាសាលនៅទ្វីបអាស៊ីដែរ។
នៅសម័យរាជវង្ស Qing ការសាងសង់មហាកំផែងត្រូវបានផ្អាកដំណើរការ ដោយគេគិតថា សកម្មភាពមួយនេះទាមទារចំណាយ និងកម្លាំងមនុស្សច្រើនពេក។ អធិរាជ Kangxi ដែលជាក្សត្រម្នាក់ក្នុងរាជវង្ស Qing ឈ្វេងយល់ថា ដើម្បីការពារប្រទេសពីសត្រូវ ចិនត្រូវការទំនាក់ទំនងការទូតជាមួយពិភពលោកជំនួសឲ្យការសាងសង់របងបន្តទៀត។ អស់រយៈពេលជាង៣០០ឆ្នាំ មហាកំផែងត្រូវបានគេបោះបង់ចោល។
ដោយឡែកក្នុងឆ្នាំ១៩៥៧ ក្រោមការដឹកនាំរបស់លោក ម៉ៅសេទុង មហាកំផែងចិនត្រូវបានគេឲ្យតម្លៃឡើងវិញ ហើយក៏ត្រូវបានជួសជុល និងកែលម្អឡើងវិញដែរសម្រាប់ភ្ងៀវទេសចរ និងក៏ជានិមិត្តរូបមួយរបស់ចិនដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com