ជាតិ
ជនជាតិបារាំងម្នាក់នៅសៀមរាប ប្រគល់ភាជន៍ឱ្យអាជ្ញាធរអប្សរា ក្រោយរក្សាទុក១៥ឆ្នាំ រូបភាព៖ហ្វេសប៊ុកអជ្ញាធរអប្សរា
× សៀមរាប៖ ម្ចាស់ភោជនីយដ្ឋានបារាំងយីហោ The Square 24 លោក William Telliez កាលពីពេលថ្មីៗនេះ បានប្រគល់ភាជន៍បុរាណចំនួន២ ឱ្យអាជ្ញាធរជាតិអប្សរា ក្រោយរក្សាទុករយៈពេល១៥ឆ្នាំ។ គោលបំណងនៃការប្រគល់ភាជន៍នេះ គឺដើម្បីការអភិរក្សប្រកបដោយនិរន្តរភាព។
ក្នុងពិធីប្រគល់ភាជន៍ដែលធ្វើនៅថ្ងៃទី២១ កុម្ភៈ នៅភោជនីយដ្ឋានផ្ទាល់លោក William Telliez លើកឡើងថា ភាជន៍ទាំងនោះគឺជាកម្មសិទ្ធិរបស់ខ្មែរ និងមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវ ហើយវាមិនមែនកម្មសិទ្ធិរបស់លោកឡើយ។ លោកពន្យល់ថា កន្លងមកដោយខ្វះព័ត៌មាន និងមិនដឹងយកទៅប្រគល់ឱ្យស្ថាប័នណា ទើបលោកសម្រេចរក្សាភាជន៍នេះ រហូតមកដល់បច្ចុប្បន្ន តែក្រោយមកលោកក៏បានទាក់ទងទៅសាលាបារាំងចុងបូព៌ា ហើយស្ថាប័ននេះ បានណែនាំឱ្យលោកប្រគល់ជូនអាជ្ញាធរជាតិអប្សរា។
យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ម្ចាស់ភោជនីយដ្ឋានខាងលើ បានប្រទះភាជន៍ទាំង២ខាងលើ អំឡុងឆ្នាំ ២០០៤ ឬ២០០៥ ក្នុងជម្រៅដី៣ម៉ែត្រ ដែលលោកឱ្យកម្មករជីកធ្វើបង្គន់ក្នុងបរិវេណសណ្ឋាគារ បុប្ពាអង្គរ ដែលស្ថិតនៅខាងកើតបណ្ដោយស្ទឹងសៀមរាប។
មន្ត្រីអាជ្ញាធរជាតិអប្សរា អ្នកស្រី សឹង ស្រីទូច មិនទាន់អាចសន្និដ្ឋានបានទេថា តើភាជន៍ខាងលើនេះមានប្រភពមកពីណានោះ តែអ្នកស្រីអះអាងថា ពិតជាប្រភេទភាជន៍បុរាណពិតប្រាកដមែន។ យ៉ាងណា មន្ត្រីអាជ្ញាធរជាតិអប្សរា នឹងសម្អាត ក៏ដូចជាសិក្សាបន្ថែមទៀតពីភាជន៍ទាំងនេះ៕
Tag:
ភាជន៍
សៀមរាប
អាជ្ញាធរអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com