ពីនេះ ពីនោះ
តើឆ្កែអាចបែកញើសដូចមនុស្សដែរទេ?
× តើសត្វឆ្កែបែកញើសដូចមនុស្សទេ? ចម្លើយខ្លីគឺ សត្វឆ្កែមិនបែកញើសដូចមនុស្សនោះទេ។ មូលហេតុគឺដោយសារវាគ្មានក្រពេញញើសនៅកន្លែងដែលមានរោមឡើយ។ តែដំបូងគេគួរយល់សិនថាហេតុអ្វីបានជាមនុស្សបែកញើសនៅពេលហាត់ប្រាណ ឬធ្វើការធ្ងន់?
តាមការពន្យល់របស់គេហទំព័រ livescience.com ញើសត្រូវបានបញ្ចេញពីខ្លួនប្រាណនៅពេលដែលខ្លួនប្រាណកើនកម្តៅ។ ការហាត់ប្រាណ ឬធ្វើការធ្ងន់ ទាមទារឲ្យសាច់ដុំមានចលនា និងដំណើរការច្រើន។
ចលនាទាំងនេះបង្កើតឲ្យមានកម្លាំងកកិតក្នុងសាច់ដុំ រួចមកក៏ធ្វើឲ្យមានការបង្កើនកម្តៅ។ ញើសមានតួរនាទី មួយផ្នែក ក្នុងការទាញកម្តៅទាំងនោះចេញពីខ្លួនប្រាណ។ ស្រដៀងគ្នាទៅនឹងការបង្ហូរទឹកបន្តិចៗទៅលើម៉ាស៊ីនដែលកំពុងបញ្ឆេះយូរ កុំឲ្យវាក្តៅពេក។
តែចំពោះសត្វឆ្កែ ពួកវាមិនសូវមានក្រពេញញើសច្រើនដូចមនុស្សនោះទេ។ ហេតុដូចនេះទើបអ្នកឃើញថា នៅពេលដែលសត្វឆ្កែហត់ វាតែងដេកនៅកន្លែងត្រជាក់ បើកខ្លួនឲ្យធំ ហើយហាមាត់ និងអណ្តាតចេញមកខាងក្រៅ។ សកម្មភាពទាំងនេះ ជួយកាត់បន្ថយបរិមាណកម្តៅចេញពីខ្លួនប្រាណរបស់វា។
តែញើសក៏អាចមានវត្តមាននៅតាមកន្លែងខ្លះនៃដងខ្លួនរបស់សត្វឆ្កែដែរ ដូចជានៅតាមច្រមុះ និងបាតជើងរបស់វា។ ប៉ុន្តែញើសនៅតាមទីកន្លែងទាំងនោះ ប្រហែលមិនមានមុខងារក្នុងការជួយបំភាយកម្តៅចេញពីខ្លួននោះទេ។
ញើសនៅតាមច្រមុះមាននាទីក្នុងការបង្កើតសំណើម ដើម្បីឲ្យសត្វឆ្កែស្រង់ក្លិនឲ្យបានកាន់តែល្អ។ ចំណែកឯញើសនៅតាមបាតជើងមានតួរនាទីក្នុងការជំរុញការដើរ និងរត់របស់វា។ សត្វនីមួយៗតែងមានលក្ខណៈពិសេសៗរបស់វាក្នុងការរស់នៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com