ជាតិ
សង្គមជាតិ
អាជ្ញាធរ បិទក្លិប Rock និងប្រកាសស្វែងរកប្រភពដើមនៃការនាំចូលគ្រឿងញៀន
23, Feb 2019 , 6:18 pm        
រូបភាព
ទីបំផុត អាជ្ញាធរ សម្រេចបិទមជ្ឈមណ្ឌលកម្សាន្ត Rock ចោល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញនៅព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។



ក្រៅពីប្រកាសបិទចោល អាជ្ញាធរ ថែមទាំងប្រកាសស្វែងរកប្រភពដើមនៃការចូលគ្រឿងញៀនក្នុងក្លិបដ៏ល្បីល្បាញក្នុងរាជធានីភ្នំពេញមួយនេះ។ សេចក្តីប្រកាសព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា៖«ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្តល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ ឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស នាំយកមកផ្តន្ទាទោសតាមច្បាប់»។
 
ការប្រកាសបិទនេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច ក្រោមការដឹនាំផ្ទាល់របស់លោក ស ថេត ស្នងការរាជធានីភ្នំពេញ សម្រុកចូលទៅបង្ក្រាបនិងចាប់អ្នកជួញដូរនិងសេពគ្រឿងញៀនក្នុងក្លិប Rock កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ។ ក្នុងប្រតិបត្តិដ៏ក្តៅគគុកនិងមានលក្ខណទ្រង់ទ្រាយធំនេះ សមត្ថកិច្ច ចាប់បានអ្នកជួញដូរនិងអ្នកសេពគ្រឿងញៀនជាង៣០០នាក់ ដែលភាគច្រើនសុទ្ធតែជាយុវវ័យ ហើយរឹបអូសគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាមឯណោះ។ 

លោក ស ថេត ប្រកាសថា សមត្ថកិច្ច នឹងធ្វើសន្និសីទកាសែតពីរឿងនេះ៕ 

អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com