ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី តូច យ៉ា​នី ៖ ព្រោះតែ​ពាក្យ​មួយ​ម៉ាត់​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​អ្នក​បញ្ចូល​សំឡេង​អាជីព​
24, Feb 2019 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី តូច យ៉ា​នី គឺជា​អ្នក​បញ្ចូល​សំឡេង​ភាពយន្ត​ដ៏​ល្បី​មួយរូប ដែល​គេ​ស្គាល់​ច្បាស់​តាមរយៈ​រឿង​ភាគ  F4 ។ អ្នកស្រី​ក៏​បញ្ចូល​សំឡេង​ក្នុង​ភាពយន្ត​បរទេស​ផ្សេងទៀត​ជាច្រើន​រាប់មិនអស់​។ ដើមហេតុ​ដែលនាំឱ្យ​ស្ត្រី​រូបនេះ ក្លាយជា​អ្នក​បញ្ចូល​សំឡេង​អាជីព​ក៏​ព្រោះតែ​ពាក្យ​ថា “​សំឡេង​ដូច​ផ្គរលាន់​ក៏​មក​និយាយ​កុន​ដែរ​" ដែល​ពាក្យ​នេះ ពោល​ដោយ​អ្នក​បញ្ចូល​សំឡេង​ជើងចាស់​មួយរូប​។


​តទៅ​នេះ ដើម្បី​បាន​ជ្រាប​ពី​ដំណើររឿង​ក្លាយជា​អ្នក​បញ្ចូល​សំឡេង​អាជីព​របស់ អ្នកស្រី យ៉ា​នី បែបណា​នោះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ ៖



 
«​ដំបូងចិត្ត​ខ្ញុំ​គិតថា មិនអាច​ក្លាយជា​អ្នក​បញ្ចូល​សំឡេង​ទេ​។ តែ​ខ្ញុំ​ក៏​ទទួលបាន​បទពិសោធន៍​មួយ​ដែរ​។ ពេល​ខ្ញុំ​ទៅ​និយាយ មាន​ជើងចាស់​ខាង​ហ្នឹង គាត់​ដៀល​ខ្ញុំ​ថា សំឡេង​ដូច​ផ្គរលាន់​អ៊ីចឹង មក​បញ្ចូល​សំឡេង​ដែរ ? រឿងនេះ​ហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​តាំងចិត្ត​ថា ត្រូវតែ​ចាប់យក​ជំនាញ​នេះ​ឱ្យបាន​»​។​


 
​ភាពយន្ត​ដែល​ធ្វើឱ្យ​អ្នកទស្សនា​ស្គាល់​សំឡេង​របស់​អ្នកស្រី តូច យ៉ា​នី ច្បាស់ គឺ​រឿង F4 ដែល​អ្នកស្រី បញ្ចូល​ឱ្យ​តួ​ឯង​ស្រី នាង​សាន់​ឆាយ និង​រឿង​ស្ដ្រី​អ្នកនយោបាយ​។ ក្រៅពីនោះ​ភាពយន្ត​ល្បីៗ​ជាច្រើន​ទៀត បានធ្វើឱ្យ​សំឡេង​អ្នកស្រី​គេ​ស្គាល់​កាន់តែ​ច្រើនឡើង​។​
 
​បច្ចុប្បន្ន​អ្នកស្រី តូច យ៉ា​នី គឺជា ប្រធាន​គ្រប់គ្រង​ក្រុម​អ្នក​បញ្ចូល​សំឡេង​ភាពយន្ត​នៅក្នុង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។ 
 
​មិនមែន​ត្រឹមតែ​អាច​បញ្ចូល​សំឡេង​តួ​ឯង​បាន​នោះទេ អ្នកស្រី យ៉ា​នី អាច​ប្រើ​សំឡេង​បាន​ប្រមាណ​ជា​៨​តួ​ផ្សេងគ្នា រាប់​ពី​តួ​កូនក្មេង​រហូតដល់​ចាស់​មិនមាន​ធ្មេញ​។ អ្នកស្រី​បន្ថែម ៖« ពី​ក្មេង​ខ្ញុំ​អាច​បញ្ចូល​សំឡេង​យាយ​ចាស់​អត់​ធ្មេញ យាយ​ចាស់​មាន​ធ្មេញ អ្នក​កណ្ដាល តួឯក តួ​កាច តួ​ក្មេង និង​មាន​តួ​កណ្ដាលៗ ពីរ​ទៅ​បី​ទៀត​។ ឥឡូវនេះ​នៅ​បញ្ចូល​បាន​ទាំងអស់ អ្វីដែល​បាត់បង់​គឺ​កូនក្មេង​»​។​
 
​មកដល់​ត្រឹមនេះ នាង​ខ្ញុំ​សូម​រំលឹក​ពី​ដើមហេតុ​ដំបូង​ដែលនាំឱ្យ អ្នកស្រី តូច យ៉ា​នី ក្លាយជា​អ្នក​បញ្ចូល​សំឡេង​បន្តិច​សិន​។ 
 
​អង្គុយ​ក្នុង​បន្ទប់​បញ្ចូល​សំឡេង​ដែលមាន​ជញ្ជាំង​ពណ៌​ស អ្នកស្រី តូច យ៉ា​នី បាន​រំឭកថា​តាមពិតទៅ​ពីដំបូង​ឡើង គាត់​ចង់​ធ្វើការ​ខាង​ផ្នែក​ឃោសនាការ​ទេ ៖«​ពី​ក្មេងៗ​ជិះ​កង់​ទៅ​សាលា ឭ​មេក្រូ​(​ឧ​គ្ឃោ​សន​សព្ទ​) តាមផ្លូវ ហើយ​គេ​ផ្សាយ​ទីនេះ បាត់ដំបង  អ៊ីចឹង​ណា ក៏​ចង់​ធ្វើ​ខាង​ឃោសនាការ​ទេ មិន​ចង់​ធ្វើការ​ខាង​បញ្ចូល​សំឡេង​នេះ​ទេ​»​។​
 
​មាន​សម្ដីពីរោះ និង​រួសរាយ​មកកាន់​ខ្ញុំ ក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ស្បែក​ខ្លា អ្នក​បញ្ចូល​សំឡេង​រូបនេះ ថា​ក្នុងអំឡុង​ឆ្នាំ​៨០ គាត់​បាន​ទៅធ្វើ​ការ​ខាង​ផ្នែក​បញ្ចូល​សំឡេង​ភាពយន្ត​ទាំង​ដែល​មិនដឹងថា​ការងារ​យ៉ាងណា​។ 
 
«​ខ្ញុំ​បាន​យក​ប្រវត្តិរូប​ទៅ​ដាក់​។ គេ​សួរ​ខ្ញុំ​ថា ខ្ញុំ​ចេះ​ឧទ្ទេសនាម​ទេ​? ជំនាន់​រដ្ឋ​កម្ពុជា​គេ​មិន​ហៅ​បញ្ចូល​សំឡេង​ទេ គេ​ហៅ​ឧទ្ទេសនាម​កុន​។ ហើយ​ខ្ញុំ​ក៏​ឆ្លើយថា​ចេះ ខ្ញុំ​ស្មានតែ​ឧទ្ទេសនាម​ហ្នឹង គេ​ឱ្យទៅ​អាន​កាសែត ! ។ គេ​ក៏​ឱ្យ​ខ្ញុំ​ទៅខាង​ភាពយន្ត​។ ទៅដល់​ទីនោះ​ហើយ​ខ្ញុំ​ក៏​មិន​ឆ្ងល់​ថា​គេ​ឱ្យទៅ​ធ្វើ​អ្វី​ទេ​។ ថ្ងៃមួយ​ក៏​គេ​ថា ខ្ញុំ​ហ្នឹង​មក​ឧទ្ទេសនាម​កុន​ហើយ​។ ខ្ញុំ​ឆ្ងល់​ថា​ឧទ្ទេសនាម​ហ្នឹង​ជា​អី​»​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី តូច យ៉ា​នី​។ 
 
​បន្ទាប់ពី​អ្នក​បញ្ចូល​សំឡេង​ជើងចាស់ ហាក់​មិនឱ្យ​តម្លៃ​សំឡេង​របស់​អ្នកស្រី ពេលនោះ​ហើយ​ការតាំង​ចិត្ត​ថា​នឹង​ចូល​វិស័យ​បញ្ចូល​សំឡេង​ឱ្យ​ទាល់តែ​បាន ក៏​ចាប់​កើតមាន​។ «​កុន​ហ្នឹង​ពិបាក តែ​ដល់​ខ្ញុំ​ដាក់ចិត្ត​ថា​រៀន គិត​ទៅ​តែ​ពីរ​ខែ ខ្ញុំ​អាច​ចាប់​យកមក​ធ្វើ​អាជីព​បាន​»​។  
 
​ស្ត្រី​សម្បុរ​សរូប​នេះ​បាន​រំឭក​ពី​គ្រា​រៀន​បញ្ចូល​សំឡេង​កាលពី​ដំបូង​យ៉ាង​ដូច្នេះ ៖«​ពិបាក​សែនពិបាក ជំនាន់​មីង​មិនទាន់មាន​ក្បាល​វីដេអូ​ហ្នឹង​ផង គេ​ចាក់​កុន​តែម្ដង​។ គេ​លក់​សំបុត្រ​ឱ្យ​មនុស្ស​ចូលទៅ​មើល ហើយ​ខ្ញុំ​ចូលទៅ​រៀន​ជាមួយ​ហ្នឹង​។ នៅពេលដែល​យើង​ខុស​មួយ​ម៉ាត់​គេ​ហ៊ោ​យើង​ពេញ​រោង​។ នៅពេលដែល​ខ្ញុំ​ហាត់​កុន​ហ្នឹង គេ​ចាក់​ហ្វីល​រហូត ហើយ​ខ្ញុំ​មាន​ប៊ិក​និង​សៀវភៅ​មួយ​ហ្នឹង អង្គុយចាំ​កត់ ចាំមើល​ផ្ល​ង់ ថា​គេ​និយាយ​អ្វី​»​។ 


 
​កាល​ជំនាន់​ដើរ​បញ្ចូល​សំឡេង​តាម​រោងកុន អ្នកស្រី យ៉ា​នី ថា អ្នក​បញ្ចូល​សំឡេង​មានតែ​ពីរ​នាក់​តែប៉ុណ្ណោះ គឺ​នារី​ម្នាក់ និង​បុរស​ម្នាក់​។ អ្នកស្រី យ៉ា​នី បញ្ជាក់ ៖«​កាលនោះ​មានតែ​តួ​ពីរ​នាក់​ទេ គឺ​ស្រី​មួយ​ប្រុស​មួយ​។ ដូច្នេះ​យាយ​ចាស់ កូនក្មេង ធ្មប់ អីហ្នឹង គឺ​ខ្ញុំ​ទាំងអស់​។ គ្រាន់តែ​ថា​យើង​និយាយ​សម​ឬ​មិន​សម ពីរោះ​ឬ​មិន​ពីរោះ​អាស្រ័យ​លើ​អ្នកមើល​។ បើ​មិន​ពីរោះ​គេ​ជេរ​យើង​ទៅ​។ ហើយ​បើ​ពីរោះ​គេ​ទទួលយកបាន គេ​នាំគ្នា​មើល​ស្ងាត់ស្ងៀម​ទៅ​។ តាំងពី​ខ្ញុំ​ចាប់ផ្ដើម​ធ្វើការ​ងារ​នេះ ដូច​មិនដែល​ទទួល​បានការ​ជេរ​ទេ​»​។  
 
​អ្នកស្រី​បន្ថែមថា​ការបញ្ចូល​សំឡេង​កាល​អំឡុង​ឆ្នាំ​១៩៨០ ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន​ខ្ពស់ ព្រោះ​បើ​បញ្ចូល​សំឡេង​មិនទាន់​តួ​ដែល​កំពុង​បញ្ចាំង​នោះទេ អ្នកទស្សនា​នឹង​គប់​អ្នក​បញ្ចូល​សំឡេង​មិន​ខាន ។ «​ពេលដែល​បញ្ចូល​សំឡេង​មិនទាន់​កុន ភាគច្រើន​គេ​ជេរ គេ​គប់​អំពៅ​សាង​ចូលក្នុង​កន្លែង​អ្នក​បញ្ចូល​សំឡេង​។ តែ​សម្រាប់​មីង​មិនដែល​ជួប​បែបនេះ​ទេ ព្រោះ​មីង​ចាំ និយាយ​ចេះតែ​ត្រូវ »​។ នេះ​ជាការ​បន្ថែម​របស់​អ្នកស្រី​។​
 
​ការបញ្ចូល​សំឡេង​គឺ​ត្រូវ​ការបញ្ចូល​មនោសញ្ចេតនា​ខ្លស់ និង​គួបផ្សំ​ភាព​ឆ្លាត​វ័យ​ផង ស្ត្រី​ដែល​នៅ​ជាមួយ​ភាពយន្ត​ជាង​៣០​ឆ្នាំ​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ ៖«​តាមពិត​អ្នក​បញ្ចូល​សំឡេង​ដូច​អ្នក​សំដែង​ដែរ​។ ឧទាហរណ៍​ថា តួ​ហ្នឹង​កម្សត់ យើង​ត្រូវតែ​ចូល​មនោសញ្ចេតនា​ហ្នឹង​ឱ្យ​កម្សត់​ទៅជា​មូ​យ​តួ​។ កន្លែង​ខ្លះ​អាច​នឹងមាន​រលីងរលោង​ទឹកភ្នែក ដើម្បី​អារម្មណ៍​ដែល​យើង​និយាយ​វា​កម្សត់​ទៅតាម​ហ្នឹង​។ ពិបាក​ដែរ យើង​អ្នក​បញ្ចូល ពេលដែល​កំពុង​យំ យើង​ត្រូវ​កាន់​តួ​មួយទៀត​កាច អារម្មណ៍​យើង​ត្រូវ​ឆក់​មក​ភ្លាម ។ ដូច្នេះ​ក្នុងការ​បញ្ចូល​ហត់​ណាស់​»​។​
 
​ស្ថិតក្នុង​វ័យ​៥៦​ឆ្នាំនេះ អ្នកស្រី យ៉ា​នី បានផ្ដល់​ដំបូន្មាន​ដល់​ក្មេងជំនាន់ក្រោយ ដែលមាន​បំណង​ចង់​ក្លាយជា​អ្នក​បញ្ចូល​សំឡេង​យ៉ាង​ដូច្នេះ ៖«​សំខាន់បំផុត​អ្នក​ចង់​រៀន​បញ្ចូល​សំឡេង ត្រូវតែ​អាន​អក្សរ​ឱ្យ​ច្បាស់ អាន​កុំឱ្យ​ខុស កុំឱ្យ​ទាក់ បើ​គាត់​ពូកែ​ខាង​ហ្នឹង​គាត់​អាចមក​និយាយ​កុន​លឿន​បំផុត​។ ទី​ពីរ ការធ្វើ​សំឡេង ត្រូវធ្វើ​សំឡេង​ឱ្យបាន​ច្រើន​។ ទី​បី​ចាប់​ផ្ល​ង់​កុន នៅពេលដែល​កុន​ហ្នឹង​គេ​បញ្ចាំង​មក គេ​ប្ដូរ​ពីមួយ​ផ្ល​ង់​ទៅមួយ​ផ្ល​ង់​ទៀត​យ៉ាងម៉េច យើង​ចាប់​ឱ្យបាន គឺមាន​តែ​បី​ចំណុច​ហ្នឹង​ទេ​។ ហើយ​បើ​ក្មួយៗ​មិន​ពូកែ​អក្សរសាស្ត្រ​ខ្មែរ គឺ​ពិបាក​បន្តិច​»៕

Tag:
 បញ្ចូល​សំឡេង​ភាពយន្ត​
  តូច យ៉ា​នី​
  បញ្ចូល​សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com