ពីនេះ ពីនោះ
តើ​យន្តហោះ​ពិតជា​យក​លំនាំ​តាម​សត្វ​បក្សី​?
24, Feb 2019 , 11:59 am        
រូបភាព
​ការហោះហើរ​លើ​អាកាស​គឺជា​ការស្រមើស្រមៃ​របស់​មនុស្ស​អស់​ពេល​យ៉ាងយូរ​មកហើយ​។ អ្នកស្រាវជ្រាវ​ជាច្រើន​បាននាំគ្នា​បង្កើត​គំនិត​ថ្មីៗ​ក្នុង​ការផលិត​ម៉ាស៊ីន ដែល​អាច​នាំ​មនុស្ស​ទៅ​ទីតាំង​ខ្ពស់​ផុតពី​ដី​បាន​។ ក្នុងពេល​ជាង​២០០​ឆ្នាំកន្លងមក គេ​ឃើញ​មានការ​បង្កើត​បា​ឡុង​ដើរ​ដោយ​ខ្យល់​ក្តៅ យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាដើម​ដែរ​។

 
​ទោះបីជា​មនុស្ស​បាន​ផលិត​យន្តហោះ​ចេញពី​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​សម្ភារ​ទំនើប​ក៏ដោយ ប៉ុន្តែ​លំនាំ​នៃ​ការហោះហើរ​ត្រូវបាន​មនុស្ស​ចម្លង​ចេញពី​សត្វ​បក្សី​។ ដូច​ច្នេះ ទើប​យន្តហោះ​មាន​រូបរាង និង​ស្លាប​ស្រដៀង​ទៅ​នឹក​បក្សី​ដែរ​។​
 
​យោងតាម​ការបកស្រាយ​របស់​គេហទំព័រ sciencelearn.org.nz នេះ​គឺជា​ចំណុច​ពិសេស​មួយចំនួន​ដែល​អាចធ្វើ​ឲ្យ​បក្សី​មាន​ភាពងាយស្រួល​ក្នុងការ​ហោះហើរ​។​
 
​បក្សី​មានខ្លួន​ស្រាល រោម​រលោង និង​ដងខ្លួន​ស្រួច​។ ទាំងអស់នេះ ជួយ​កាត់បន្ថយ​ការ​កកិត​ជាមួយនឹង​ខ្យល់ ដោយ​សន្សំសំចៃ​កម្លាំង និង​បង្កើនល្បឿន​។ ដោយ​គ្មាន​ថ្គាម និង​ធ្មេញ​ដូច​ថនិកសត្វ បក្សី​វិ​វត្ត​ខ្លួន​មក​ដោយ​ប្រើតែ​ចំពុះ​។ ចំពុះមាន​ទម្ងន់​ស្រាល​ជាង​ថ្គាម និង​ធ្មេញ តែ​រឹង​គួរសម​សម្រាប់​ប្រមាញ់​ចំណី​។ 
 
​ឆ្អឹងទ្រូង និង​សាច់ដុំ​ទ្រូង​ធំ មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ទទះ​ស្លាប​ហោះហើរ​។ ឆ្អឹង​ក្នុង​ដងខ្លួន​ទាំងមូល​របស់​វា​ក៏មាន​ភាព​ស្រាល និង​មាំ​ផងដែរ​។ ផ្ទាំង​ស្លាប​ធំៗ ក្នុងការ​ទទះ​ខ្យល់​។ ប្រភេទ​ឥន្ទ្រី​ធំៗ​ខ្លះ​អាចមាន​ទំហំ​ស្លាប​ទាំងសងខាង​ដល់​ទៅ​២​ម៉ែត្រ​កន្លះ​ឯណោះ​។ វា​អាច​ហើរ​ក្នុង​ល្បឿន​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​។​
 
​យន្តហោះ​សព្វថ្ងៃ​ប្រើប្រាស់​លំនាំ​ដូចនឹង​សត្វ​បក្សី​ដែរ​។ គេ​ហៅ​លំនាំ​មួយ​នេះ​ថា Bio-mimicry ។ យន្តហោះ​ត្រូវមាន​ទម្ងន់​ស្រាល​បំផុត​តាម​ដែល​អាច​ធ្វើបាន មាន​រាង​រលោង​ដូច​បំពង់ ស្លាប​វែង​ហើយ​ស្តើង រួច​មាន​ម៉ាស៊ីន​ដែល​អា​ចប​ញ្ជេ​ញ​កម្លាំង​ខ្លាំង​នៅក្រោម​ស្លាប​នោះ​។ ទាំងនេះ​បានន័យថា ពេលខ្លះ​ចម្លើយ​ដែល​ឆ្លើយតប​ទៅនឹង​បច្ចេកវិទ្យា​ទំនើប​គឺ​ស្ថិតនៅក្នុង​ធម្មជាតិ​ដែរ​៕

Tag:
 យន្តហោះ​
  បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com