ជាតិ
សេដ្ឋកិច្ច
ក្រោយ​ពិសោធន៍​ទទួលបាន​ជោគជ័យ ជនជាតិដើម​ភាគតិច​មួយក្រុម គ្រោង​ដាំ​ការ៉ុត​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​
24, Feb 2019 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ប្រាក់ ណែត ប្រធានសមាគមជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគីរី
រូបពីហ្វេសប៊ុកលោក ប្រាក់ ណែត ប្រធានសមាគមជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគីរី
​ភ្នំពេញ​៖ កសិករ​ខេត្ត​មណ្ឌល​គី​រី ត្រៀម​ដាំ​ការ៉ុត​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ក្រោយ​ទទួលបាន​ជោគជ័យ​ក្នុងការ​ពិសោធន៍​លើ​ប្រភេទ​បន្លែ​នេះ​។​

 
​លោក ប្រាក់ ណែ​ត ប្រធាន​សមាគម​ជនជាតិដើម​ភាគតិច​ពូ​នង​ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​ថា កសិករ​អាច​ដាំ​ការ៉ុត​នៅក្នុង​តំបន់​ប៊ូ​ស្រា​បាន ក្រោយពី​ក្រុមការងា​លោក​បានទទួល​ជោគជ័យ​លើ​ការពិសោធន៍​ដាំ​ការ៉ុត​ជា​លើក​ទី​២​នេះ ។  តាមរយៈ​ការពិសោធន៍​លើ​ការដាំ​ការ៉ុត​នេះ ក្រុម​របស់លោក ប្រាក់ ណែ​ត ពិនិត្យឃើញថា ការ៉ុត​មាន​ទិន្នផល​ខ្ពស់ មើម​ល្អ និង​គុណ​ភាពល្អ​។​
 
​លោក​បាន​និយាយថា​៖«​ប្រជាកសិករ​នៅ​តំបន់​ប៊ូ​ស្រា​បាន​សាកល្បង​ដាំ​ការ៉ុត ហើយ​ទទួលបាន​ទិន្នផល​ល្អ​មែនទែន ព្រោះ​នៅ​តំបន់​ប៉ូ​ស្រា​ល្អ អាកាសធាតុ មិន​ដៅ​ពេក ប្រភេទ​ដី​ល្អ​សម្រាប់​ដាំ​ដំណាំ​ប្រ​ទេ​ភ​នេះ​។ យើង​នឹង​ចាប់ផ្ដើម​ដាំ​នៅ​ខែ​ក្រោយនេះ »​។ 


 
​ប្រធាន​សហគម​ជនជាតិដើម​ភាគតិច​ពូ​នង​រូបនេះ​បាន​បន្តទៀតថា ការប្រមូល​ផល​ការ៉ុត​លើកដំបូង​នេះ​បាន​ប្រមាណ​៥០០​គីឡូក្រាម​លើ​ការដាំ​សាកល្បង​១៥ រង ហើយ​នៅសល់​ម្រ​មាណ​ជាង​ពាក់កណ្ដាល​ទៀត​កំពុង​ប្រមូល​បណ្ដើរៗ​។ បើតាម​ប្រធាន​សមាគម​នេះ ការដាំ​ណាំ​ការ៉ុត​អាច​ដាំ​បាន​គ្រប់​រដូវ ប៉ុន្តែ​ក្នុង​រដូវភ្លៀង​ត្រូវការពារ​ទឹក​ដោយ​ត្រូវធ្វើ​រោង​កុំអោយ​ទឹក​ចូល​ច្រើន ដែល​អាច​បណ្ដាល​ឲ្យ​ការ៉ុត​រលួយ​ខូច​។ ក្រុមការងារ​នឹង​សាកល្បង​ដាំដំឡូង​បារាំង​បន្ថែមទៀត​នាពេល​ខាងមុខនេះ​។ 
 
​លោក ប្រាក់ ណែ​ត ក៏បាន​លើកឡើង​ពី​ក្តី​បារ​ម្មណ៍​ពី​ការ​លួច​ប្រើរ​ឈ្មោះ​ផលិតផល​របស់​ពួកគាត់ ខណៈ​បន្លែ​ទាំងនោះ​នាំចូល​មកពី​ប្រទេសជិតខាង ខណៈ​កសិករ​ក៏​នៅ​ជួប​បញ្ហា​ច្រើន លើ​ផ្នែក​បច្ចេកទេស​ក្នុង​ការដាំ​ផងដែរ ព្រោះ​វា​ជា​ជំហាន​ដំបូង​សម្រាប់​កសិករ​កម្ពុជា​។ 
 
​បច្ចុប្បន្ន​សមាគម​លោក​មាន​សមាជិក​ចំនួន​១៥០០​គ្រួសារ  ហើយ​សមាជិក​ដែល​ដាំ​បន្លែ​ប្រភេទ​ផ្សេងៗ​មាន​ត្រឹម ១០៨ គ្រួសារ​។ ដើម្បី​លើកកម្ពស់​ការដាំ​ការ៉ុត​នេះ លោក​គ្រោង​រៀបចំ​ការចែក​ពូជ និង​គាំទ្រ​ផ្នែក​បច្ចេកទេស​ទៀតផង​។ បើតាម​លោក ប្រាក់ ណែ​ត មន្ទី​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី​ជួយ​គាំទ្រ និង​ជួយ​រក​ទីផ្សារ​ដល់​ប្រជាកសិករ​ផងដែរ​។​
 
​លោក សុខ ឃាង ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី​បាន​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​ថា មន្ទី​កសិកម្ម​នឹង​ជួយ​ខិតខំ​គាំទ្រ​លើ​ផ្នែក​ផ្សេងៗ​ដល់​ពួកគាត់​ម​ន្ថែ​ម​ទៀត ខណៈ​ការពិសោធន៍​ទទួលបាន​ជោគជ័យ​នេះ​៕

Tag:
 កសិកម្ម​
  ការ៉ុត​
  ជនជាតិដើម​ភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com