អន្តរជាតិ
Tsinghua របស់ចិនផ្ដួល NUS របស់សិង្ហបុរី ក្លាយជាសាកលវិទ្យាល័យលេខមួយនៅអាស៊ីប៉ាស៊ីហ្វិក
× សាកលវិទ្យាល័យ Tsinghua របស់ចិន បានទម្លាក់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ដើម្បីឈរលើចំណាត់ថ្នាក់លេខមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សាកលវិទ្យាល័យមួយនេះ ក្លាយជាស្ថាប័នអប់រំដំបូងបង្អស់ក្នុងប្រទេសចិន ដែលជាប់ចំណាត់សាកលវិទ្យាល័យល្អជាងគេនៅអាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការសិក្សាមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែកុម្ភៈដោយទស្សនាវដ្តី Times Higher Education ។
សាកលវិទ្យាល័យ ដែលមានអតីតនិស្សិតជាបុគ្គលល្បីៗ រួមមាន ប្រធានាធិបតីចិន ស៊ី ជិនភីង និងអតីតមេដឹកនាំរដ្ឋ ដូចជា លោក ហូ ជីនតៅ (Hu Jintao) និងអតីតនាយករដ្ឋមន្ត្រី ជូ រ៉ុងជី (Zhu Rongji) ធ្លាប់ជាប់ចំណាត់ថ្នាក់លេខពីរ កាលពីឆ្នាំ២០១៨ និងលេខបួនក្នុងឆ្នាំ២០១៧។ រីឯ សាកលវិទ្យាល័យជាតិសិង្ហបុរី ដែលឈរលើកំពូលតារាងពីរឆ្នាំជាប់គ្នាពោលគឺទាំងក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៧នោះ បានធ្លាក់មកលេខពីរវិញក្នុងឆ្នាំ២០១៩នេះ។
បើតាមទស្សនាវដ្តី Times Higher Education សាកលវិទ្យាល័យ Melbourne ក្នុងប្រទេសអូស្ត្រាលីឈរនៅចំណាត់ថ្នាក់លេខបី។ សាកលវិទ្យាល័យចំនួនបីក្នុងទីក្រុងហុងកុង ឈរនៅក្នុងតារាងកំពូលទាំង១០ក្នុងឆ្នាំ២០១៩នេះ។ ចំណាត់ថ្នាក់លេខបួនបានទៅលើសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រហុងកុង (HKUST) ដែលឈរលេខ៦កាលពីឆ្នាំ២០១៨ និងលេខ៧កាលពីឆ្នាំ២០១៧។ សាកលវិទ្យាល័យហុងកុងរក្សាតំណែងលេខ៥ដដែល។ សាកលវិទ្យាល័យចិនប្រចាំទីក្រុងហុងកុង ឈរនៅចំណាត់ថ្នាក់លេខ៩។
ចំណាត់ថ្នាក់សាកលវិទ្យាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គឺរាប់បញ្ចូលស្ថាប័នអប់រំកម្រិតឧត្តមសិក្សាសរុបចំនួន ៣២០ មកពីបណ្តាប្រទេស និងតំបន់ចំនួន ១៣ ហើយក៏មានរួមបញ្ចូលហុងកុង, ម៉ាកាវ និងតៃវ៉ាន់ផងដែរ។ ការសិក្សានេះគឺផ្អែកលើសូចនាករសំខាន់មួយចំនួនៗ រួមមាន វិធីសាស្ត្រក្នុងការបង្រៀន, កេរិ៍្តឈ្មោះ, តួលេខនៃការស្រាវជ្រាវ, គុណភាពនៃការស្រាវជ្រាវ, ការឲ្យតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ និងការផ្ទេរចំណេះដឹងជាដើម។
បើតាមសារព័ត៌មាន South China Morning Post លោកស្រី Ellie Bothwell និពន្ធនាយកទទួលបន្ទុកចំណាត់ថ្នាក់សកលប្រចាំទស្សនាវដ្តី Times Higher Education បានគូសបញ្ជាក់ថា៖«ចាប់តាំងពីឆ្នាំ២០១៧មក សាកលវិទ្យាល័យ Tsinghua បានពង្រឹងពិន្ទុរបស់ខ្លួនជារៀងរាល់ឆ្នាំក្នុងសសរគោលចំនួន៥ ដែលរួមមាន ការបង្រៀន, ការស្រាវជ្រាវ, សេចក្តីស្រង់, កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ និងចំណូល។ សាលកវិទ្យាល័យនេះមានពិន្ទុផ្នែកបង្រៀននិងស្រាវជ្រាវច្រើនជាងសកលវិទ្យាជាតិសិង្ហបុរី និងមានចំណូលច្រើនជាងផងដែរក្នុងឆ្នាំ២០១៩នេះ»៕
Tag:
ចិន
សិង្ហបុរី
ចំណាត់ថ្នាក់សកលវិទ្យាល័យ
អាស៊ីប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com