អន្តរជាតិ
UNHCR៖​ព្រំដែន​ត្រូវតែ​បើកចំហសម្រាប់​ព​ល​រដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ស្វែងរក​ការការពារ​ពី​អន្តរជាតិ​
24, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ហ្សឺ​ណែវ ៖ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ឬ (UNHCR) រាយការណ៍​ថា ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់ពាន់នាក់​កំពុង​ចាក​ចេញពី​ប្រទេស​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ការ​ជ្រកកោន​ឬ​ជីវភាព​ប្រសើរឡើង​។ ទីភ្នាក់ងារ​នោះ កំពុង​ជំរុញ​ឲ្យ​ប្រទេស​នានា​បើកចំហ​ព្រំដែន​របស់ខ្លួន​សម្រាប់​មនុស្ស​ដែល​ត្រូវការ​ការពារ​ពី​អន្តរជាតិ​។​

 
​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​មិន​គាំទ្រ​ការសម្រេច​របស់​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក Nicolas Maduro ដើម្បី​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​រារាំង​ជំនួយ​មនុស្សធម៌​កុំ​ឲ្យ​ចូលក្នុង​ប្រទេស​របស់លោក​ទេ​។​
 
​ក៏ប៉ុន្តែ លោក Andrej Mahecic អ្នកនាំពាក្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​និ​យា​ថា មនុស្ស​ជាច្រើន​ដែល​ចាក​ចេញពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវការ​ការពារ​ពី​អន្តរជាតិ​។ លោក​និយាយទៀតថា កាលពី​ឆ្នាំទៅ មនុស្ស​ប្រហែល​៥​ពាន់​នាក់ បាន​ចាក​ចេញពី​ប្រទេស​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ការការពារ​ឬ​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់ខ្លួន​ប្រសើរឡើង​។​
 
​លោក​និយាយទៀតថា ប្រទេស​នានា​នៅ​តំបន់​អាមេរិក​ឡាទីន បានទទួល​យកពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​ច្រើនណាស់​ដែល​មិន​ធ្លាប់មាន​កាលពី​ពេលមុន​ហើយ​បានផ្តល់​ការអនុញ្ញាតិ​ឲ្យ​រស់នៅ​ហើយ​និង​ឋានៈភាព​ផ្សេងៗ​ទៀត​ដល់​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ចំនួន​១​លាន​៣​សែន​នាក់​។​
 
​លោក Mahecic និយាយថា​៖ «​ចំពោះ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បញ្ហាសំខាន់​បំផុត​គឺ មនុស្ស​ដែល​ត្រូវការ​ការការពារ​អន្តរជាតិ អាច​ទទួលបាន​ការការពា​រ​នៅពេលដែល​ពួកគេ​ត្រូវការ​។ បទពិសោធន៍​បង្ហាញថា បុគ្គល​ដែល​ត្រូវគេ​បង្ខិតបង្ខំ​ឲ្យ​ចាកចេញ​អាច​ជ្រើសរើស​ផ្លូវ​ប្រកបដោយ​គ្រោះថ្នាក់ ដោយ​ដាក់​អាយុជីវិត​របស់ខ្លួន​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​នៅពេលដែល​វិធានការ​ចំណាកស្រុក​ដ៏​តឹងរ៉ឹង​រារាំង​ពួកគេ​មិន​ឲ្យ​ទៅដល់​កន្លែង​មាន​សុវត្ថិភាព​»​។​
 
​លោក Mahecic និយាយទៀតថា ពលរដ្ឋ​ដែល​ត្រូវគេ​បង្ខំ​ឲ្យ​ជ្រើសរើស​ផ្លូវ​មិន​ប្រក្រតី​ជារឿយៗ​ក្លាយជា​ជនរងគ្រោះ​ដល់​ពួក​អ្នករត់ពន្ធ អ្នកជួញដូរ​មនុស្ស​ឬ​ក្រុម​ប្រដាប់អាវុធ​។ លោក​និយាយទៀតថា ពួក​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក ក៏​ងាយ​ទទួល​គ្រោះថ្នាក់​ដោយសារ​ការ​កេង​យក​ផលប្រយោជន៍ អំពើហិង្សា ការរំលោភបំពាន​ខាង​ផ្លូវភេទ​និង​ការរើសអើង​។​
 
​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​និង​ទី​ភ្នា​ក់​ទេសន្តរប្រវេសន៍​អង្គការសហប្រជាជាតិ រាយការណ៍​ថា ចំនួន​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​មកពី​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ឥឡូវនេះ​មាន​ចំនួន​៣​លាន​៤​សែន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​ភាគច្រើន​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប​។​
 
​ប្រទេស​កូ​ឡុំ​ប៊ីទ​ទួល​យក​ជនភៀសខ្លួន​និង​ជន​ចំណាកស្រុក​ច្រើនជាងគេបង្អស់​ដោយមាន​ចំនួន​ទៅដល់​ជាង​១​លាន​នាក់ បន្ទាប់មក​គឺ​ប្រទេស​ប៉េ​រូ ឈី​លី អេក្វាទ័រ អា​ហ្ស​ង់​ទីន និង​ប្រទេស​ប្រ​ស៊ី​ល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com