ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ល្ខោនអាប៉េ​រស់​ឡើងវិញ​ក្រោយ​អវត្តមាន​២៨​ឆ្នាំ​
24, Feb 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ល្ខោនអាប៉េ​ដែល​បាន​ខកខាន​សម្ដែង​ជិត​៣០​ឆ្នាំ​ក្រោយពី​បែ​បស​ង្ក្រា​ម បានបង្ហាញ​វត្តមាន​ជាថ្មី​នៅក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ការផ្ដើម​ឱ្យមាន​ការសម្ដែង​ជា​លើក​ទី​២​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​វប្បធម៌​ខ្មែរ និង​ចង់ឱ្យ​ល្ខោនអាប៉េ​រស់​ឡើងវិញ​។ ការសម្ដែង​នេះ បាន​ទាក់ទាញ​អ្នកទស្សនា​ច្រើន​។ សិល្បករ​បាន​ហៅ​ការចូលរួម​របស់​យុវជន ថា​ជា​កិត្តិយស​សម្រាប់​សិល្បៈ​បុរាណ​ខ្មែរ​។


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖ 



 
​គ្រាន់តែ​តួ​សម្ដែងឡើង​ឆាក​ភ្លាម សំណើច​ក៏​ចាប់​ផ្ទុះឡើង​។ ទាំង​កាយវិកា ចម្រៀង និង​សម្ដី សុទ្ធ​តែមាន​លក្ខណៈ​កំប្លុកកំប្លែង ធ្វើឱ្យ​អ្នកទស្សនា ទប់​សំណើច​មិនបាន​។ នេះ​គឺជា​ការសម្ដែង​ល្ខោនអាប៉េ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា កាលពីពេល​កន្លងទៅ​។​


 
​ក្រោយពី​បែក​សម័យ​សង្គ្រាម ល្ខោនអាប៉េ​ធ្លាប់បាន​សម្ដែង​ម្ដង​ដែរ ក្នុង​មហោស្រព​សិល្បៈ​ឆ្នាំ​១៩៩១ ក្រោម​ការដឹកនាំ​របស់​អ្នកគ្រូ​ម៉ែ​ម៉ឺន​។ ហើយ​រឿង  “​អា​សព្វជាតិ និង​នាង​ពៅ​” នេះ គឺជា​ការសម្ដែង​លើក​ទី​ពីរ ក្រោយពី​អវត្តមាន​សម្ដែង​អស់​រយៈពេល ២៨​ឆ្នាំ​។ 
 
​អ្នកស្រី រស់ វាស្នា វ័យ​៧០​ឆ្នាំ ដែល​ធ្លាប់បាន​សម្ដែង​ល្ខោនអាប៉េ នៅ​សម័យ​ក្រោយ​សង្គ្រាម ថា សិល្បៈ​បុរាណ​មួយ​ទម្រង់​នេះ​ខកខាន​ការសម្ដែង​អស់​រយៈពេល​យ៉ាងយូរ ក៏​ព្រោះតែ​ការបាត់បង់​តួ​សម្ដែង​ចាស់ៗ រួមទាំង​បាត់បង់​ទ្រឹស្ដី​នៃ​ការសម្ដែង​ផង​។ «​ក្រុម​ខ្ញុំ​នៅ​នាយកដ្ឋាន​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ការបាត់បង់​តួ​ចាស់ៗ​ផង ហើយ​ការបាត់បង់​ទ្រឹស្ដី នៃ​ការសម្ដែង​របស់​អា​ប៉េ ដូច្នេះ​ទើប​មិនបាន​សម្ដែង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី រស់ វាស្នា​។​


 
​ល្ខោនអាប៉េ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង ល្ខោននិយាយ​បន្តិច ល្ខោន​យីកេ​បន្តិច ត្រង់​តួ​សម្ដែង​និយាយ​ផង និង​ច្រៀង​ផង តែ​ខុស​ត្រង់ ទម្រង់​ល្ខោនអាប៉េ​ផ្ដោត​សំខាន់​លើ​ភាព​កំប្លុកកំប្លែង ហើយ​ចម្រៀង​នោះ​ទៀតសោត ក៏មាន​លក្ខណៈ​ប្លែក​ពី​ទម្រង់​សិល្បៈ​ផ្សេងៗ​ដែរ​។ អ្នកគ្រូ រស់ វាស្នា ពន្យល់​ពី​ភាពខុសគ្នា​យ៉ាង​ដូច្នេះ ៖«​ល្ខោននិយាយ​គេ​មិនមាន​ភ្លេង​ទេ គេ​បញ្ចូល​ជា​ភ្លេងសម័យ​។ តែ​ល្ខោនអាប៉េ មាន​ស្គរ​យីកេ មាន​ទ្រ​ប៉ោត ទ្រអ៊ូ ហើយ​និង​ទ្រសោ​»​។​
 
​ថ្វី​ដ្បិត​មនុស្ស​ភាគច្រើន​មិន​ស្គាល់​ថា​អ្វី​ជា​ល្ខោនអាប៉េ តែ​ការសម្ដែង​កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ កន្លងទៅ​នៅក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ មាន​អ្នកទស្សនា​ជាច្រើន ធ្វើឱ្យ​អ្នកស្រី វាស្នា ដែលជា​អ្នក​ច្រៀង​មួយរូប​ក្នុង​រឿង “​អា​សព្វជាតិ និង​នាង​ពៅ​”  រំភើបចិត្ត​រហូត​ស្រក់​ទឹកភ្នែក​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« អ្នកចូលរួម​ច្រើនណាស់ ខ្ញុំ​រំភើប ព្រោះ​បាន​កូនចៅ​មក​មើល​ច្រើន​។ ខ្ញុំ​សប្បាយ​ចិត្តនឹង​ចែករំលែក​អ្វី​ដែលជា​វប្បធម៌​ខ្មែរ​។ យុវជន​ជំនាន់​ក្រោយ​គេ​មាន​ប្រាជ្ញា​ណាស់ គេ​ចង់​លើកតម្កើង​អ្វី​ដែលជា​វប្បធម៌​ខ្មែរ​។ ខ្ញុំ​សុំឱ្យ​មាន​បែបនេះ​ទាំងអស់គ្នា​។ ខ្ញុំ​រំភើប​ដល់​ចង់​ស្រក់​ទឹកភ្នែក​»​។​
 
​សម្ដែង​ជា​តួ​នាង​ពៅ លោក អ៊ុក ផល្លី ថា​ការសម្ដែង​នេះ​ពិតជា​ពិបាក លោក​បាន​ត្អូញត្អែរ​យ៉ាង​ដូច្នេះ ៖« ខ្ញុំ​សម្ដែង​ជា​លើកដំបូង​។ រឿងនេះ​ពិបាក​មែនទែន​។ តួ​ខ្ញុំ​ជា​តួឯក ហើយ​ច្រៀង​ច្រើនជាងគេ​។ បទ​ចម្រៀង​អា​ប៉េ​នេះ គឺ​សុទ្ធតែជា​បទ​ប្លែក មិន​ដូច​អា​យ៉ៃ មិន​ដូច​មហោរី មិន​ដូច​សម័យ ។ ខ្នាត​មិន​ច្បាស់​ជា​យីកេ មិន​ច្បាស់​ល្ខោនបាសាក់ មិន​ច្បាស់​ល្ខោននិយាយ ហើយក៏​មិន​ចំ​របាំ​បុរាណ​ដែរ ក្បាច់​បំបែក​ទាំងអស់​។ ក្បាច់​នេះ​គេ​មិនឱ្យ​លើក​ផុត​ចុង​ចិញ្ចើម ក៏​មិនឱ្យ​លើក​ក្រោម​ត្រគាក​ដែរ ហើយ​រាំ​លក្ខណៈ​ត្លុក​»​។ 


 
​ក្រោយពី​សម្ដែង​ចប់ អ្នកចម្រៀង​មហោរី​រូបនេះ ញាប់ដៃ​ញាប់ជើង​រៀប​សម្លៀកបំពាក់​ដើម្បី​ទៅ​ច្រៀង​ភ្លេង​ការ​នៅ​ខេត្តមណ្ឌលគិរី លោក ផល្លី ថា​ការចូលរួម​ទស្សនា​របស់​យុវជន គឺជា​កិត្តិយស​សម្រាប់​សិល្បៈ​បុរាណ​ខ្មែរ​។ «​សម្ដែង​នេះ​មាន​អ្នក​មក​មើល​ច្រើន​។ អារម្មណ៍​ខ្ញុំ​សប្បាយ ធ្វើឱ្យ​ខ្ញុំ​មាន​ទឹកចិត្ត​លេង​។ ខ្ញុំ​ចង់ឱ្យមាន​បែបនេះ​ទៀត​។ នេះ​ជា​កិត្តិយស​សម្រាប់​សិល្បៈ ហើយនឹង​យុវជន​។ មាន​យុវជន​ខ្លះ​គាត់​មិន​គាំទ្រ​ទេ សិល្បៈ​បុរាណ តែ​គាត់​គាំទ្រ​សិល្បៈ​សម័យ​»​។  លោក ផល្លី បន្ថែម​។ 
 
​ជា​អ្នកគាំទ្រ​ទម្រង់​សិល្បៈ​បុរាណ​មួយរូប​កញ្ញា ឆាំ ម៉េង​កូវ អាយុ​១៩​ឆ្នាំ​។ ក្រោយ​មើល​ការសម្ដែង​ចប់ និស្សិត​រូបនេះ​ចាប់​អារម្ភ​ខ្លាំង​ត្រង់​ឈុត​ចុងក្រោយ ដែល​នាង​ថា នេះ​ជាត​ម្លៃ​អប់រំ​នៅក្នុង​សាច់រឿង​។ កញ្ញា​បង្ហាញ​អារម្មណ៍​ដូច្នេះ ៖«​ខ្ញុំ​ស្រឡាញ់​នៅ​ឈុត​ចុងបញ្ចប់​។ គេ​បា​នរក​គំនិត​ចែកទ្រព្យ​សម្បត្តិ ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ឱ្យ​ពួកគាត់​បាន​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង​។ គាត់​ក៏មាន​ចិត្តល្អ ទោះ​បងប្អូន​គាត់​ធ្លាប់ធ្វើ​អាក្រក់​ដាក់​គាត់ តែ​គាត់​នៅតែ​ចែកទ្រព្យ​សម្បត្តិ ឱ្យ​បងប្អូន​គាត់​ទៀត​»​។​


 
​នារី​មកពី​ខេត្តកំពង់ធំ​រូបនេះ ថា​ខ្លួន​ចូលចិត្ត​មើល​ការសម្ដែង​សិល្បៈ​បុរាណ​តាំងពី​តូច ហើយ​នាង​ក៏​ចង់ឱ្យ​យុវជន​ដទៃទៀត គាំទ្រ​ដូចជា​ខ្លួន​ដែរ​។ កញ្ញា​បញ្ជាក់ ៖«​បើ​មាន​សម្ដែង​បែបនេះ​ទៀត​ខ្ញុំ​មក​មើល​ទៀត​។  ខ្ញុំ​ចូលចិត្ត​ល្ខោន​បែប​បុរាណ មាន​ល្ខោន​យីកេ ល្ខោនបាសាក់​។ ខ្ញុំ​ចាំ​ពេល​ខ្ញុំ​នៅ​ក្មេង គេ​លេងល្ខោន​តាម​វត្ត​នៅ​ស្រុកស្រែ​។ យើង​ត្រូវតែ​លើកតម្កើង​ល្ខោន​បុរាណ​របស់​យើង ដើម្បីឱ្យ​យល់ដឹង​ពី​សារប្រយោជន៍ និង​មានការ​រីកចម្រើន​ទៅមុខទៀត​»​។​
 
​កញ្ញា កែវ ពេ​ជ​មុន្នី គឺជា​អ្នក​ផ្ដួចផ្ដើម​ឱ្យមាន​ការសម្ដែង​នេះ បាន​ពន្យល់​ពី​ការធ្វើឱ្យ​ល្ខោនអាប៉េ​រស់​ឡើងវិញ​យ៉ាង​ដូច្នេះ ៖«​មូល​ហ​តុ​ដែល​ខ្ញុំ​ផ្ដើម​ឱ្យមាន​កម្មវិធី​នេះ គឺ​ដោយមាន​មូលហេតុ​២​។ ទី​១​ដើម្បី​លើកកម្ពស់ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ហើយ​ទី​២ ចង់ឱ្យ​ល្ខោនអាប៉េ​រស់​ឡើងវិញ​។ ខ្ញុំ​រៀន​ខាង​ទំនាក់ទំនង​ផ្នែក​ជំនួញ​ទេ វា​មិន​ទាក់ទង​អ្វី​ជាមួយ​កម្មវិធី​មួយ​នេះ​ទេ អាច​និយាយបានថា ការចូលរួម​ជា​មូ​យ​វប្បធម៌ វា​ជា​តួនាទី​របស់​កូន​ខ្មែរ​»​។​


 
​ត្រូវ​ដឹកនាំ​និស្សិត​ស្ម័គ្រចិត្ត​ប្រមាណ​ជាង​៦០​នាក់ និស្សិត​រៀន​ឆ្នាំ​ទី​៤ ក្នុង​វ័យ​២២​ឆ្នាំ​រូបនេះ ថា​សមិទ្ធផល​ដែល​បាន​ក្រោយ​ការសម្ដែង​នេះ ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ តែ​ការណ៍​នេះ​នៅតែ​រលូន​ទៅមុខ ដែល​នាង​ថា​មកពី​ពាក្យ​ថា​រួបរួម និង​សាមគ្គីភាព​។ នេះ​ជា​លើកទីមួយ​ក្នុង​ការរៀបចំ​ការសម្ដែង​ដោយ​ខ្លួនឯង សមាជិក​នៃ​ក្រុម​សភា​និស្សិត​កញ្ញា ពេ​ជ​មុន្នី ថា​នេះ​ជា​ជោគជ័យ​មួយ​ក្នុង​ជីវិត​របស់ខ្លួន ព្រោះ​មាន​អ្នក​មក​ទស្សនា​ប្រមាណ​៥០០​នាក់​។ 
 
​កញ្ញា​បន្ថែម ៖«​មានការ​លំបាក​ខ្លះៗ​ដែរ ព្រោះ​ខ្ញុំ​ត្រូវការ​ដឹកនាំ​មនុស្ស​ជាច្រើន ហើយ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ចុះសម្រុង​នឹង​គ្នា​។ យើង​មានការ​ប្រឈម​ខ្លះៗ​ដែរ ប៉ុន្តែ​ដោយសារតែ​ពាក្យ​រួបរួម ពាក្យ​សាមគ្គី ពាក្យ​ទុកចិត្ត​គ្នា ធ្វើឱ្យ​ពួកយើង​ដើរ​ដល់​ថ្ងៃ​សម្ដែង​ចុងក្រោយ​នេះ ដោយ​ជោគជ័យ​និង​រលូន​។ នាង​ខ្ញុំ​មានតែ​ការលើកទឹកចិត្ត និង​សំណូមពរ ដល់​កូន​ខ្មែរ​ទាំងអស់ ចូលរួម​លើកស្ទួយ​សិល្បៈ​ខ្មែរ​យើងទាំងអស់គ្នា និង​អភិរក្ស រួមទាំង​ចូលរួម​គាំទ្រ តាមរយៈ​ការ​មក​ទស្សនា​»​។ 
 
​ក្រោយ​បែក​សង្គ្រាម​ខ្មែរក្រហម មានការ​សម្ដែង​ល្ខោនអាប៉េ​លើកទីមួយ ក្នុង​មហោស្រព​សិល្បៈ​ឆ្នាំ​១៩៩១ ដែល​បង្កើត​ជាថ្មី​ដោយ​អ្នកគ្រូ ម៉ែ​ម៉ឺន​។ ក្រោយ​នោះ​២៨​ឆ្នាំ​ល្ខោនអាប៉េ​បង្ហាញ​វត្តមាន​ជាថ្មី​ក្នុង​ឆ្នាំ​២០១៩ ក្រោម​ការផ្ដួចផ្ដើម​គំនិត​ពី​និស្សិត កែវ ពេ​ជ​មុន្នី​។ ការសម្ដែង​លើក​ទី​ពីរ​នេះ​មាន​សិល្ប​ករចាស់ៗ ៥​រូប ដែល​ធ្លាប់​សម្ដែង​កាលពី​លើកទីមួយ បាន​ចូលរួម​សម្ដែង​ជាមួយ​សិល្បករ​ជំនាន់​ក្រោយ​ផងដែរ​។ 
 
​ល្ខោនអាប៉េ​មាន​សម្ដែង​នៅក្នុង​វាំង និង​សម្ដែង​សម្រាប់​មហាជន​ទូទៅ ដែលមាន​ភាពខុសគ្នា​តែ​ត្រង់​ការប្រើ​ភាសា​។ អា​ប៉េ ជា​ទម្រង់​សិល្បៈ​សាមញ្ញ ដែល​យក​ការកំប្លុកកំប្លែង​ជាធំ​។ ទម្រង់​ល្ខោន​នេះ​ពង្រីក​ខ្លួន​ជាវ​ង់​ធំ​ឬ​តូច​បាន​ទៅតាម​កម្មវិធី​តម្រូវ ដែល​យក​រឿង​បែប​បុរាណ បែប​ប្រវត្តិសាស្ត្រ បែប​បច្ចុប្បន្នភាព បែប​ដំណើរ​កថា​ប្រជាប្រិយ បែប​ទេវ​កថា  បែប​ព្រេង​កថា យកទៅ​សម្ដែង​ក៏បាន ឱ្យ​អ្នកមើល​បាន​សប្បាយ​។ អា​ប៉េ បំរើ​ដល់​ទស្សនិកជន​គ្រប់​ស្រទាប់​។​
 
​អ្នកលេង​ល្ខោនអាប៉េ​សុទ្ធតែជា​បុរស បើទោះជា​មាន​នារី​សម្ដែង​ក៏ត្រូវ​តែ​តែង​ជា​បុរស​ដែរ​។ បុរស​ត្រូវ​តែងខ្លួន​ជានា​រី នៅពេលដែល​សម្ដែង​ក្នុង​តួ​ស្រី​។ អេ​ប៉េ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ទម្រង់​ប្រពៃណី ដែលមាន​ឥទ្ធិពល​ពី​ល្ខោន​យីកេ ពី​ក្បាច់​រាំវង់​ប្រជាប្រិយ​ខ្មែរ ហើយ​ល្ខោន​នេះ​គេ​ច្រើន​លេង​ក្នុងពេល​ចូលឆ្នាំ​ប្រ​ពី​ណៃ​ខ្មែរ​៕



Tag:
 ល្ខោនអាប៉េ​
 ​សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com