ជាតិ
ក្រសួងសុខាភិបាល ប្រាប់​ពី​វិធី​បង្ការ​ជំងឺ​ឆ្កែឆ្កួត​
24, Feb 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖  ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺ​បង្កឡើង​ដោយ​មេរោគ​ដែល​កើតមាន​ទាំង​សត្វស្រុក និង​សត្វព្រៃ ដូចជា​ឆ្កែ ឆ្មា ប្រចៀវ ស្វា និង​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ផ្សេងទៀត​។ នៅ​កម្ពុជា​ជំងឺ​ឆ្កែឆ្កួត​ឆ្លង​មកកាន់​មនុស្ស​ភាព​ច្រើន​បំផុត​តាមរយៈ​ឆ្កែ​ខាំ​។ ជំងឺ​នេះ​អាច​ព្យាបាល​បាន​ដោយ​ការចាក់​ថ្នាំ​បង្ការ​។ ប្រសិនបើ​ជនរងគ្រោះ​មិនបាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​បាន​ទាន់ពេលវេលា និង​គ្រប់គ្រាន់​បន្ទាប់ពី​ខាំ ពួកគេ​នឹងត្រូវ​ស្លាប់​។  នេះ​បើតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ។​


 
​វិធី​បង្ការ​ជំងឺ​ឆ្កែឆ្កួត ត្រូវអនុវត្ត​ន៍​បី​ជំហាន ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​ឆ្កែឆ្កួត​។ ទី​១ លាង​សម្អាត​មុខរបួស​ឱ្យបាន​លឿន ដោយ​ទឹក​បង្ហូរ​រយៈពេល​១៥​នាទី និង​សាប៊ូ​។ បើ​មិនមាន​សាប៊ូ ត្រូវ​លាង​ដោយ​ទឹក​បង្ហូរ​ក៏បាន​។ នេះ​ជាការ​សង្គ្រោះ​បឋម​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​។ ទី​២ ត្រូវ​សម្អាត​មុខរបួស ដោយ​ថ្នាំ​សម្លាប់​មេរោគ (​ប្រសិនបើ​មាន​)​។ និង​ទី​៣ ត្រូវ​ទៅកាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អ្នកជា​បន្ទាន់ តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ក្រោយពេល​សត្វ​ខាំ​។​
 
​សេវា​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត ក្រោយពេល​សត្វ​ខាំ​អាច​រកបាន​នៅ​មជ្ឈមណ្ឌល​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ របស់​ក្រសួងសុខាភិបាល​។​
 
​មិនត្រូវ​រុំ​មុខរបួស​នឹង​ក្រណាត់ ឬ​បង់​បិត​ដំបៅ ព្រោះ​វា​អាចធ្វើឱ្យ​មុខរបួស​វិវត្តន៍​ទៅជា​អាក្រក់​។ មិនត្រូវ​ព្យាបាល​ដោយ​ខ្លួនឯង​ទេ និង​មិនត្រូវ​ស្វែងរក​ការព្យាបាល​ពី​គ្រូឱសថបុរាណ​ផងដែរ​។ អ្នកជំងឺ​មិនត្រូវ​ដាក់ ឬ​បិត​ម្សៅ​ដែល​ធ្វើឱ្យ​ក្រហល់ក្រហាយ​លើ​មុខរបួស​ដូចជា ម្សៅ ម្ទេស រុក្ខជាតិ ឬ​អាស៊ីត​។​
 
​ជំងឺ​ឆ្កែឆ្កួត​ចម្លង​ទៅ​មនុស្ស​តាមរយៈ​ការ​ខាំ លិ​ត និង​ក្រញៅ​លើ​ស្បែក​ធ្វើឱ្យ​ដាច់ ឬ​រលាត់​។ ភាគច្រើនបំផុត​មនុស្ស​កើត​ជំងឺ​ឆ្កែឆ្កួត តាមរយៈ​ឆ្កែឆ្កួត​ខាំ​។ កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ មានការ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​នេះ ព្រោះ​ពួកគេ​ចូលចិត្ត​លេង​ជាមួយ​សត្វ ហើយ​ពេល​មាន​របួស​ពួកគេ​មិនបាន​រាយការណ៍​ពី​ករណី​ខាំ​នោះ​។ ប្រសិនបើ​អ្នករងគ្រោះ​ចេញ​រោគសញ្ញា​ជំងឺ​ឆ្កែឆ្កួត​ហើយ មិនអាច​ព្យាបាល​បានឡើយ​។​
 
​ឆ្កែ​មាន​ជំងឺ​ឆ្កែឆ្កួត​វា​បង្ហាញ​លក្ខណៈខុស​ប្រក្រតី​។ ជំងឺ​នេះ​វិវត្តន៍​លឿន​ដោយ​ចាប់​ចេញពី​គ្រុនក្ដៅ ដែលមាន​រោគសញ្ញា​តិចតួច ដូចជា​មិន​រត់​មករក​យើង​ពេល​ហៅ​វា មិន​ចង់ស៊ី​ចំណី ឬ​លេង​អស់កម្លាំង នៅ​សណ្ឋាន​ស្រួចស្រាល​។ 
 
​សត្វ​ដែលមាន​ផ្ទុកមេរោគ​ឆ្កែឆ្កួត​បង្ហាញ​សញ្ញា​២​យ៉ាង​។ ទី​១​សត្វ​ឆ្កែ​ដែលមាន​ជំងឺ​ឆ្កែឆ្កួត​ខាំ​៖ អាច​បង្ហាញ​ពី​ភាពប្រែប្រួល​អាកប្បកិរិយា និង​អាកប្បកិរិយា​វាយប្រហារ​អ្នកដទៃ ឈ្លានពាន ស្រែក​ច្រើន ប្រកាច់ ភ័យខ្លាច​ទឹក ឬ​ទឹកមាត់​ហូរ​ច្រើន ទីបំផុត​ពួកវា​ស្លាប់​។ ទី​២​សត្វ​ឆ្កែ​ដែលមាន​ជំងឺ​ឆ្កែឆ្កួត​បែប​ពិការភាព​៖ វា​អាច​បង្ហាញ​ពី​ភាពទន់ខ្សោយ ផ្នែក​សាច់ដុំ​មិនអាច​ទប់​លំនឹង​ខ្លួន​បាន និង​មិនអាច​លេប​ចំណីអាហារ​បាន​។ ដំណាក់កាល​ក្រោយ​ទៀត​វា​នឹង​ខ្វិន ធ្លាក់​ថ្កា​ម​ក្រោម​ចុះ និង​ចេញ​ទឹកមាត់​ច្រើន ទីបំផុត​ពួកវា​ក៏​ស្លាប់​។ សត្វ​ដែល​កើត​ជំងឺ​ឆ្កែឆ្កួត​នឹង​ស្លាប់​ក្នុងអំឡុងពេល​១០​ថ្ងៃ បន្ទាប់ពី​លេចចេញ​រោគសញ្ញា​។​
 
​ត្រូវ​ជូនដំណឹង​ដល់​បសុពេទ្យ​ក្នុង​តំបន់ និង​ភ្នាក់ងារ​សុខភាព​ថ្នាក់ភូមិ​ឬ អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រាយការណ៍​ពី​ករណី​ឆ្កែ​ខាំ និង​ស្នើ​សុំឱ្យ​ចាប់​បង្ខាំង​ឆ្កែ​នោះ​ទុក​។ រាយការណ៍​អំពី​ករណី​ឆ្កែ​ខាំ​ទៅ​មណ្ឌល​សុខភាព និង​បសុពេទ្យ​ក្នុង​តំបន់ ឬ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​។ 
 
​ជំងឺ​ឆ្កែឆ្កួត​បង្ករ​ឱ្យស្លាប់ ប៉ុន្តែ​វា​អាច​បង្ការ​បាន​។ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ទូរ​សព្ទ ១១៥ ៕

Tag:
 ឆ្កែឆ្កួត
© រក្សាសិទ្ធិដោយ thmeythmey.com