ពីនេះ ពីនោះ
អង់តាកទិក៖ ទ្វីបចុងក្រោយគេដែលមនុស្សបានបោះជំហានលើ
× ទ្វីបទាំងប្រាំមួយក្នុងចំណោមប្រាំពីរ ក្នុងនោះមានដូចជា អាស៊ី អឺរ៉ុប អាហ្វ្រិក អូសេអានី អាមេរិកខាងជើង អាមេរិកខាងត្បូង ត្រូវបានគេដឹងដឹងថាមានអ្នករស់នៅអស់ពេលជាច្រើនពាន់ឆ្នាំមកហើយ បើគិតតាំងពីសម័យបុរេប្រវត្តិមក។ ប៉ុន្តែមានទ្វីបមួយ ដាច់ស្រយាលជាងគេ ត្រជាក់ជាងគេ និងគ្រោះថ្នាក់ជាងគេ មានវត្តមាននៅទិសខាងត្បូង ដែលគ្មានមនុស្សរស់នៅ និងធ្វើដំណើរទៅដល់។ នោះគឺទ្វីបអង់តាកទិក។
អស់ពេលរាប់ពាន់ឆ្នាំដែលមនុស្សបានរុករកភូមិសាស្ត្រថ្មី ដោយធ្វើដំណើរតាមកប៉ាល់ សំពៅ និងពេលខ្លះលើខ្នងសេះជាងច្រើនរយគីឡូម៉ែត្រ ក្នុងគោលបំណងពង្រីកការយល់ដឹងពីទីតាំងភូមិសាស្ត្រភពផែនដី។ ទ្វីបប្រាំមួយត្រូវបានមនុស្សទៅដល់តាំងពីយូរមកហើយ ប៉ុន្តែទ្វីបអង់តាកទិកក្លាយទីតាំងភូមិសាស្ត្រថ្មីបំផុតដែលមនុស្សរុករកឃើញ។
យោងតាមអត្ថបទស្រាវជ្រាវចុះផ្សាយដោយគេហទំព័រ britannica.com និង rmg.co.uk នៅក្នុងឆ្នាំ១៨២០ នាវាមួយចំនួនរបស់សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងរុស្សីបានប្រកាសថា គេបានរកឃើញគែមដែនទឹកកកថ្មីមួយ នៅពេលដែលនាវាទាំងនោះកំពុងចរាចរនៅទិសខាងត្បូង។ ប៉ុន្តែពួកគេមិនបានដឹងច្បាស់ថា វាជាទ្វីបមួយដែលមនុស្សមិនទាន់បានទៅដល់នោះទេ។
ទោះបីជាយ៉ាងនេះមែន ក៏រឿងនិទានដែលគេនិយាយតៗគ្នាក្នុងប្រទេសនូវែលសេឡង់ តាំងពីឆ្នាំ៦៥០ក្រោយគ្រឹស្តសករាជបានបញ្ជាក់ថា មានដីដ៏ធំមួយនៅទិសខាងត្បូង ដែលជាទីតាំងមួយដ៏អាថ៌កំបាំង។ វាមិនមែនជារឿងងាយស្រួលទេក្នុងការធ្វើដំណើរទៅកាន់ទ្វីបមួយនេះ។ នាវិកត្រូវការឆ្លងកាត់សមុទ្រពោរពេញដោយទឹកកកធំៗអណ្តែតតាមផ្ទៃទឹក អាកាសធាតុត្រជាក់ខ្លាំង និងឆ្ងាយពីទីតាំងមនុស្សរស់នៅ។ នេះជារឿងគ្រោះថ្នាក់ខ្លាំងណាស់។
ប៉ុន្មានឆ្នាំក្រោយមក មនុស្សជាច្រើននាក់ទៀតបានធ្វើដំណើរទៅដល់ឆ្នេររបស់ទ្វីបអង់តាកទិក ក្នុងគោលបំណងនេសាទសត្វភេ និងត្រីបាឡែន។ ការនេសាទនេះ សឹងតែបានធ្វើឲ្យពូជភេមួយចំនួនផុតពូជ។ ប្រទេសជាច្រើនដែលមានដូចជា អង់គ្លេស បារាំង អាហ្សង់ទីន អាហ្វ្រិកខាងត្បូង ន័រវែស បានទាមទារកាន់កាប់តំបន់ក្នុងទ្វីបមួយនេះ ដែលមានបង្កើតភាពចម្រូងចម្រាសជាច្រើន។ ក្នុងឆ្នាំ១៩១០ អ្នកស្រាវជ្រាវពីរក្រុមដែលមកពីប្រទេសអង់គ្លេស និងន័រវែសបានប្រជែងគ្នាក្នុងការធ្វើដំណើរទៅកាន់ចំណុចកណ្តាលនៃទ្វីបអង់តាកទិក មិនមែននៅតាមឆ្នេរនោះទេ។
បេសកម្មនេះបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រនៃការរកឃើញថ្មី។ អស់រយៈពេលជាច្រើនខែនៃការធ្វើនាវាចរណ៍តាមទឹក និងលើទឹកកកដោយថ្មើរជើង លោក Roald Amundsen ដែលជាអ្នកដឹកនាំក្រុមរុករករបស់ជនជាតិន័រវែស បានយកជ័យជម្នះលើក្រុមលោក Robert Falcon Scott ។ Amundsen បានដោតទង់ជាតិខ្លួនដំបូងគេនៅទិសខាងជើងនៃទ្វីបអង់តាកទិក ដែលបានធ្វើឲ្យអង់គ្លេសបាក់ទឹកចិត្តយ៉ាងខ្លាំង។ យ៉ាងមិញ ក្រុមរបស់អ្នកទាំងពីរនេះបានកត់ត្រាពីអាកាសធាតុ សណ្ឋានដី និងលក្ខណៈវិទ្យាសាស្ត្រផ្សេងៗទៀត ដែលជាផ្នែកមួយក្នុងការប្រមូលទិន្នន័យសំខាន់ៗ សម្រាប់ក្រុមអ្នកស្រាវជ្រាវនានា។
សរុបឲ្យខ្លីមក មនុស្សទើបបោះជំហានលើទ្វីបទាំងប្រាំពីរប្រមាណតែជាង១០០ឆ្នាំមុនប៉ុណ្ណោះ។ ផែនដីជាភពមួយដែលធំធេងណាស់សម្រាប់មនុស្ស ហើយនៅមានទីតាំងជាច្រើនទៀតដែលមនុស្សមិនទាន់ទៅដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com