ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋាភិបាល​សម្រេច​ឲ្យ​សមាគម​លក់​សំបុត្រ​ដល់​ទេសចរ ចូល​ទស្សនា​អដ្ឋិធាតុ​នៅ​វត្ត​ក្បាល​ខ្មោច​
24, Feb 2019 , 10:19 pm        
រូបភាព
​សៀមរាប​៖ នៅ​ខេត្តសៀមរាប មាន​កន្លែង​តម្កល់​អដ្ឋិធាតុ​អ្នកស្លាប់ ក្នុងសម័យ​ខ្មែរក្រហម​មួយកន្លែង ដែល​ស្ថិតនៅ​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ឬ​វត្ត​ក្បាល​ខ្មោច​។ បច្ចុប្បន្ន​ទីតាំង​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​សមាគម «​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ ក្នុងសម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស​» ហើយ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច បានសម្រេច​ឱ្យ​សមាគម​នេះ មាន​សិទ្ធិ​បោះប័ណ្ណ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ដែល​ចូលមក​ទស្សនា​នៅ​ទីតាំង​តម្កល់​អដ្ឋិធាតុ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី នៃ​សារព័ត៌មាន​ថ្មីៗ ពី​ខេត្តសៀមរាប​ដូចតទៅ​៖




 
​វត្ត​ទេព​ពោធិ​វង្ស ជា​អតីត​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម​។ ក្នុង​វត្ត​នេះ​ក៏មាន​អាគារ​មួយ​ដែលជា​អតីត​គុក​សម័យ​នោះ​ផងដែរ និង​ដែល​បាន​អរិ​ក្ស​រហូតដល់​បច្ចុប្បន្ននេះ​។ តាម​សង្ឃដីការ​របស់​ព្រះសង្ឃ​ក្នុង​វត្ត​នេះ សំណង់​ព្រះវិហារ​សព្វថ្ងៃ សង់​អំឡុង​ឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ ហើយ​ព្រះសង្ឃ​បាន​ថែរក្សា​អ​ដិ្ឋ​ធាតុ​ដែល​សេសសល់​ពីរ​បប​ខ្មែរក្រហម​ជា​រហូតមក​។​


 
​សមាគម​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស ត្រូវបាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨​។ សមាគម​នេះ​មាន​សិទ្ធិ​គ្រប់គ្រង  និង​ថែរក្សា​អដ្ឋិធាតុ​ដែល​សេសសល់​ពីរ​បប​ខ្មែរក្រហម ដែល​ស្ថិតនៅ​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ឬ​ហៅ​វត្ត​ក្បាល​ខ្មោច​។​
 
​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​សមាគម​នេះ មាន​សិទ្ធិ​លក់​សំបុត្រ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលទៅ​ទស្សនា​ទី​ប្រវត្តិសាស្ដ្រ​ខ្មែរក្រហម​មួយ​នេះ​។ ការលក់​សំបុត្រ​ចូល​ទស្សនា​នេះ គឺ​ដើម្បី​ការអភិរក្ស និង​ប្រែក្លាយ​ទីតាំង​នេះ​ជាទី​ផ្សព្វផ្សាយ​ប្រវត្តិសាស្ដ្រ​នៃ​របប​ខ្មែរក្រហម​ទៅដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។​
 
​ក្នុង​សេចក្ដីជូនដំណឹង​របស់​សមាគម​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស ចុះ​ថ្ងៃទី​២៩ មករា ឆ្នាំ​២០១៩ បានឱ្យដឹងថា សមាគម​នឹង​ចាប់ផ្តើម​លក់​ប័ណ្ណ​វិភាគទាន​ចំនួន ៣​ដុល្លារ​ក្នុង​ភ្ញៀវ​ម្នាក់ ចាប់ពី​ថ្ងៃទី​១ មិថុនា តទៅ ក្នុង​បំណង​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​គម្រោង​មួយចំនួន​។ គម្រោង​ទាំងនោះ​មានដូចជា ការអភិរក្ស​អដ្ឋិធាតុ​ដែល​សេសសល់​ក្នុង​វត្ត​, ការធ្វើ​កំណាយ​រណ្ដៅ​សាកសព​, អភិរក្ស​អាគារ​គុក​បណ្ដោះអាសន្ន​ក្នុងសម័យ​ខ្មែរក្រហម​, ធ្វើ​សាល​ពិ​ព័រ​ណ៌​, បង្កើត​ឡើងវិញ​នូវ​សម្ភារ​សម្លាប់​មនុស្ស និង​ទារុណកម្ម​ក្នុងសម័យ​ខ្មែរក្រហម​, សង់​បន្ទប់ទឹក រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​។​


 
​ក្រុម​មគ្គុទ្ទេសក៍​សុទ្ធតែ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការលក់​សំបុត្រ​ចូល​ទស្សនា​នេះ តែ​ពួកគេ​ក៏​ចង់ឃើញ​ការអភិវឌ្ឍ​ទីតាំង​នេះ​ផងដែរ​។ លោក ភា ជា​មគ្គុទ្ទេសក៍ បានឱ្យដឹងថា ពីមុន​កន្លែង​នេះ​មិន​លក់​សំបុត្រ​ទេ ហើយ​ជារឿយៗ​លោក​តែង​នាំ​ភ្ញៀវ​មក​ទស្សនា​នៅទីនេះ ដ្បិត​មាន​ទាំង​វត្ត​អារាម និង​អដ្ឋិធាតុ​សល់​ពីរ​បប​ខ្មែរក្រហម​។ លោក​ថា គម្រោង​លក់​សំបុត្រ​នេះ​នឹង​ល្អ ដើម្បី​ការអភិវឌ្ឍ​ឱ្យ​សម​នឹង​តំបន់​ទេសចរណ៍​មួយ​ក្នុង​ក្រុង​សៀមរាប​។​
 
​ភ្ញៀវទេសចរ​ដែល​ចូលមក​ទស្សនា​បរិវេណ​វត្ត និង​កន្លែង​តម្កល់​អដ្ឋិធាតុ ភាគច្រើន​ជា​ជ​ជាតិ​កូរ៉េ ដែល​ក្រុមហ៊ុន​ទេសចរណ៍​បានដាក់​ជា​ខ្សែ​ទស្សនា បន្ទាប់ពី​នោះគេ​ឃើញ​មាន​ភ្ញៀវទេសចរ​ជនជាតិ​ចិន  អឺរ៉ុប​។ ភ្ញៀវទេសចរ​និយម​មក​ទស្សនា​នៅ​កន្លែង​នេះ​នៅពេល​ព្រឹក និង​ពេល​រសៀល​មាន​ចំនួន​តិចតួច​។​


 
​លោក  ប៉ុល សាមុត មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ដែល​ទើប​សម្រាក​ពី​ការនាំ​ភ្ញៀវ​ដើរ និង​កំពុង​អង្គុយ​ហូប​ភេសជ្ជៈ​នៅក្នុង​បរិវេណ​វត្ត ក៏​មិនទាន់​បានដឹង​ពី​ព័ត៌មាន​នៃ​ការលក់​សំបុត្រ​នេះដែរ ដោយ​លោក​ប្រាប់ថា​មិនបាន​ចាប់អារម្មណ៍​នឹង​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ជិត​នោះ​។ យ៉ាងណា​លោក​ថា គាំទ្រ​ចំពោះ​ការលក់​សំបុត្រ​នេះ ហើយ​តម្លៃ​៣​ដុល្លារ គឺ​មិន​ថ្លៃ​ទេ​។ ភ្ញៀវ​មក​ទីនេះ​ច្រើន​មក​មើល​ចេតិយ ស្ដូប​ដាក់​ក្បាល​ខ្មោច និង​រូបភាព​រៀបរាប់​ពី​ការសម្លាប់​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​ជាដើម​។ ក្នុងនោះដែរ លោក សាមុត ស្នើ​សុំឱ្យ​គណៈកម្មការ​រៀបចំ​ជា​ចំណត សួនច្បារ​ជាដើម ដើម្បី​លម្អ​ទីតាំង​នេះ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​
 
​នៅក្បែរនោះ គឺ​លោក សុវណ្ណ​។ លោក សុវណ្ណ បាន​ដឹក​ភ្ញៀវ​អឺរ៉ុប​មួយ​គ្រួសារ​ចូល​ទស្សនា​ទីតាំង​ខាងលើ​។ លោក សុវណ្ណ ក៏​គាំទ្រ​ចំពោះ​ការលក់​សំបុត្រ​នេះដែរ ក្នុងនោះ​លោក​សំណូមពរ​ឱ្យមាន​ការរៀបចំ​មគ្គុទ្ទេសក៍​ក្នុង​តំបន់ ដើម្បី​ងាយស្រួល​ពន្យល់​ភ្ញៀវទេសចរ ដែល​មគ្គុទ្ទេសក៍​ទាំងនោះ​ដឹង​រឿងរ៉ាវ​គ្រប់​ជ្រុងជ្រោយ​នៅ​ទីតាំង​នេះ​។​
 
​ដោយសារ​មាន​គោលការណ៍​ថ្មី​លើ​ការលក់​សំបុត្រ​នេះ មគ្គុទ្ទេសក៍​ទេសចរណ៍ ឬ​អ្នក​ដឹក​ភ្ញៀវ​ខ្លះ ហាក់​ស្ទាក់ស្ទើរ និង​មិន​ច្បាស់លាស់​ចំពោះ​ការដាក់​ភ្ញៀវ​ចូល​ទស្សនា​នៅ​វត្ត​ទេព​ពោធិ​វង្ស​នេះ​។ លោក ពិសិដ្ឋ អ្នក​ដឹក​ភ្ញៀវ​បានឱ្យដឹងថា លោក​តែង​ដឹក​ភ្ញៀវ​ចូល​ទីនេះ ដ្បិត​វា​នៅ​ស្រប​ផ្លូវ​ទៅ​អង្គរវត្ត តែ​នៅពេល​គេ​ចាប់ផ្តើម​លក់​សំបុត្រ​ដូច្នេះ គឺ​វា​អាស្រ័យ​លើ​ភ្ញៀវទេសចរ​ដែល​គាត់​ចាប់អារម្មណ៍​ប៉ុណ្ណោះ​។ 


 
​តាមរយៈ​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៧ វិច្ឆិកា ឆ្នាំ​២០១៨ បានអនុញ្ញាត​ឱ្យ​សមាគម​របស់​លោកស្រី មាស ឡា​លីន បោះពុម្ព និង​ប្រើប្រាស់​ប័ណ្ណ​វិភាគទាន​៣​ដុល្លារ ដល់​ភ្ញៀវទេសចរ​បរទេស​ចាប់​ពី​អាយុ ១២​ឆ្នាំ​ឡើង ដើម្បី​ចូល​ទស្សនា​បូជនីយដ្ឋាន​នៃ​ការចងចាំ​ក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស និង​មិន​អនុញ្ញាតឱ្យ​លក់​ប័ណ្ណ​ឡើយ​ករណី​ភ្ញៀវ​គ្រាន់តែ​ចូល​ទស្សនា​វត្ត និង​ក្រៅ​បរិវេណ​បូ​ជី​យ​ដ្ឋា​ន​នេះ​៕
 

Tag:
 វត្ត​ក្បាល​ខ្មោច​
 ​ទេសចរណ៍​
 ​អដ្ឋិធាតុ​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com