អន្តរជាតិ
អនុ​ប្រធានាធិបតី​អាមេរិក ទៅ​ជួប​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយផ្ទាល់ ដើម្បី​បង្ហាញ​ការគាំទ្រ​
25, Feb 2019 , 11:19 am        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹង​ទៅ​ជួប​លោក ហ័ន ក្វៃ​ដូ មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ទឹកដី​កូ​ឡុំ​ប៊ី ដើម្បី​បង្ហាញ​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ការតស៊ូ​ប្រឆាំង​របប​ដឹកនាំ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ សព្វថ្ងៃ អាមេរិក​កំពុង​ដឹកនាំ​យុទ្ធនាការ​ប្រមែប្រមូល​ប្រទេស​ជុំវិញ​ពិភពលោក​ដើម្បី​ដាក់​សម្ពាធ​លើ​លោក ម៉ា​ឌុយ​រ៉ូ ឲ្យ​ចុះ​ចេញពី​តំណែង ហើយ​ងាក​ទទួលស្គាល់​លោក ក្វៃ​ដូ វិញ​។ ប៉ុន្តែ​លោក ម៉ា​ឌុយ​រ៉ូ ហាក់​មិនទាន់​ថយក្រោយ​ឡើយ​។​

 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹង​ជួប​លោក ហ័ន ក្វៃ​ដូ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ នៅ​កូ​ឡុំ​ប៊ី ជាទី​ដែល​លោក ក្វៃ​ដូ កំពុង​រក​ផ្លូវ​ឲ្យ​ជំនួយ​មនុស្សធម៌​របស់​អាមេរិក​មាន​លទ្ធផល​ចូល​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​សង្គ្រោះ​ប្រជាជន​ដែល​កំពុង​អត់ឃ្លាន​។ ជំនួប​រវាង​លោក ផេ​ន និង​លោក ក្វៃ​ដូ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ផុង​កាន់តែ​ជ្រៅ​ដោយសារតែ​ការប៉ុនប៉ង​បញ្ជូន​ជំនួយ​ចូល​ប្រទេស​ពី​សំណាក់​ក្រុមប្រឆាំង តែ​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ មិន​ទទួល​។​
 
​បើតាម​សេចក្ដីប្រកាស​របស់​អ្នកនាំពាក្យ​អនុ​ប្រធានាធិបតី​អាមេរិក លោក ផេ​ន នឹង​ប្រើ​ជំនួប​នៅ​កូ​ឡុំ​ប៊ី​ក្នុង​ការបង្ហាញ​ជំហរ​គាំទ្រ​ឥត​ងាករេ​របស់​រដ្ឋា​ភិ​បា​លោក ដូ​ណា​ល់ ត្រាំ ចំពោះ​លោក ក្វៃ​ដូ ដែល​អាមេរិក​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ជុំវិញ​វិបត្តិ​នយោបាយ​នេះ អ្នកនាំពាក្យ​លោក ផេ​ន ចាត់ទុក​ជាការ​ប្រជែង​គ្នា​រវាង​របប​ផ្ដាច់ការ និង​ប្រជាធិបតេយ្យ ហើយ​វា​ក៏​ដល់​ដែល​លោក ម៉ា​ឌុយ​រ៉ូ ចាកចេញ​ដែរ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កូ​ឡុំ​ប៊ី​ដែលជា​ប្រទេសមួយ​ទទួលស្គាល់​លោក ក្វៃ​ដូ អនុ​ប្រធានាធិបតី​អាមេរិក​នឹង​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​លី​ម៉ា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​មាន​សមាជិក​ភាគច្រើន​ជា​ប្រទេស​នៅ​អាមេរិក​ឡាទីន​។ តាមពិតទៅ ភាគច្រើន​នៃ​ប្រទេស​ទាំងនេះ ក៏បាន​ទាត់ចោល​ភាពស្របច្បាប់​របស់លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រួចហើយ​ដែរ​។​
 
​វិបត្តិ​នយោបាយ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើនរ​ត់ទៅ​ប្រទេសជិតខាង​។ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​និង​ទី​ភ្នា​ក់​ទេសន្តរប្រវេសន៍​អង្គការសហប្រជាជាតិ រាយការណ៍​ថា ចំនួន​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​មកពី​វេ​ណេ​ស៊ុយ​អេ​ឡា មាន​ចំនួន​៣​លាន ៤​សែន​នាក់​នៅ​ទូទាំង​ពិភពលោក ដោយ​ភាគច្រើន​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​និង​តំបន់​កា​រ៉ា​អ៊ី​ប ក្នុងទិសដៅ​ស្វែងរក​ភាពល្អប្រសើរ​ក្នុងការ​រស់នៅ​។​
 
​កូ​ឡុំ​ប៊ី​ដែលជា​អ្នកជិតខាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ទទួលយក​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​ច្រើនជាងគេបង្អស់​ដោយមាន​ចំនួន​ទៅដល់​ជាង​១​លាន​នាក់ បន្ទាប់មក​មាន​ប៉េ​រូ ស៊ី​លី អេក្វាទ័រ អា​ហ្ស​ង់​ទីន និង​ប្រេ​ស៊ី​ល​។ កូ​ឡុំ​ប៊ី ក៏​ជា​កន្លែង​រក្សាទុក​ជំនួយ​អាមេរិក​ដែរ ហើយ​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏​ប្រកាស​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​នេះ​ទៅទៀត​៕

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ម៉ៃ ផេ​ន​
  ហ្វ័​ន ក្វៃ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com