អន្តរជាតិ
ឡាវ-វៀតណាម ឯកភាពគ្នាពង្រឹង «ទំនាក់ទំនងពិសេសទ្វេភាគី» ឲ្យដល់កម្រិតខ្ពស់ ប្រធានរដ្ឋឡាវ និងសមភាគីវៀតណាម ត្រួតពលកងទ័ព (រូបភាព VNA)
× ឡាវ និងវៀតណាម នៅថ្ងៃទី២៤ ខែកុម្ភៈ បានឯកភាពគ្នាជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត។ ការឯកភាពគ្នានេះ ធ្វើឡើងអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម ង្វៀន ភូជុង នៅរដ្ឋធានីវៀងចន្ទន៍ ដែលជាទស្សនកិច្ចលើកដំបូងនៅបរទេសតាំងត្រូវបានជ្រើសតាំងជាប្រធានរដ្ឋកាលពីឆ្នាំ២០១៨ មក។ កិច្ចព្រមព្រៀងចំនួន៩ ត្រូវបានចុះហត្ថលេខាលើវិស័យហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ អគ្គីសនី និងថាមពល។
លោក ង្វៀន ភូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានាធិបតីផងនោះ បានទៅដល់រដ្ឋធានីវៀងចន្ទន៍នៅថ្ងៃទី២៤ ខែកុម្ភៈ ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក ប៊ុនញ៉ាង វរាជិត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ។
នាជំនួបនៅឯវិមានប្រធានាធិបតី លោក ប៊ុនញ៉ាង បានបង្ហាញការស្វាគមន៍ដែលលោក ង្វៀន ភូជុង ជ្រើសរើសឡាវជាប្រទេសទីមួយដើម្បីធ្វើទស្សនកិច្ចក្រោយក្លាយជាប្រធានាធិបតីវៀតណាម។ មេដឹកនាំឡាវចាត់ទុកដំណើរទស្សនកិច្ចរបស់សមភាគីវៀតណាម ជាការរួមចំណែកសំខាន់ក្នុងការជំរុញមិត្ត សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នេះបើតាមការផ្សាយរបស់កាសែតឡាវ Vientiane Times ។
មេដឹកនាំឡាវ និងវៀតណាម ក៏បានជជែកគ្នាពីកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ សំដៅជំរុញ និងអភិវឌ្ឍទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឲ្យឡើងដល់ចំណុចខ្ពស់ទៀត។ ក្នុងសេចក្ដីប្រកាសរួម ប្រទេសអ្នកជិតខាងទាំងពីរនេះ ក៏ឯកភាពគ្នាជំរុញឲ្យមានប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច វប្បធម៌ ការពារជាតិ អប់រំ និងការទប់ស្កាត់ជំនួញឆ្លងដែនខុសច្បាប់ផង។
ក្រោយជំនួបចរចាទ្វេភាគី មេដឹកនាំទាំងពីរក៏ធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៩ ដែលផ្ដោតលើវិស័យហិរញ្ញវត្ថុ ការសាងសង់ផ្លូវរថភ្លើង Vientiane-Vung Ang គម្រោងអភិវឌ្ឍអគ្គីសនី និងរ៉ែជាដើម។ លោក ង្វៀន ភូជុង ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី ថងលួន ស៊ីសូលីត និងប្រធានសភា ផានី យ៉ាធូទូ និងទៅពិនិត្យសំណង់អាគាររដ្ឋសភាឡាវតម្លៃ១០០លានដុល្លារដែលជាជំនួយរបស់វៀតណាម។
នាជំនួបដាច់ដោយឡែកគ្នានេះ លោកនាយករដ្ឋមន្ត្រី ថងលួន និងលោកស្រីប្រធានសភា ផានី សុទ្ធតែបានអរគុណការផ្ដល់ជំនួយដែលមិនអាចកាត់ថ្លៃបានចំពោះឡាវពីសំណាក់បក្ស រដ្ឋ និងប្រជាជនវៀតណាម៕
Tag:
ឡាវ
វៀតណាម
ង្វៀន ភូជុង
© រក្សាសិទ្ធិដោយ thmeythmey.com