អន្តរជាតិ
លោក​អា​បេ​៖ មូលដ្ឋានទ័ព​អាមេរិក​នៅ​អូ​គី​ណា​វ៉ា នឹង​ផ្លាស់ប្ដូរ​ដដែល ទោះ​ប្រជាជន​តំបន់​ប្រឆាំង​ក្ដី​
25, Feb 2019 , 3:30 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បានប្រកាស​ជំហរ​បន្ត​ផែនការ​ផ្លាស់ប្ដូរ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅលើ​កោះ​អូ​គី​ណា​វ៉ា ទោះជា​ប្រជាជន​ក្នុង​តំបន់​ជំទាស់​ដាច់ខាត​ក្ដី​។ លោក អា​បេ អះអាងថា គម្រោង​ផ្លាស់ប្ដូរ​នេះ មិនអាច​ពន្យារពេលបាន​ទៀតឡើយ​។ ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន ធ្វើឡើង​បន្ទាប់ពី​ការធ្វើប្រជាមតិ​មួយ​លើ​កោះ​នេះ​កាលពី​ចុង​សប្ដាហ៍​មុន ដែល​លទ្ធផល​បង្ហាញថា ប្រជាជន​មិន​សុខ​ចិត្តនឹង​ផែនការ​នេះឡើយ​។​

 
​ក្នុង​ប្រជាមតិ​ដែល​មិនមាន​ចំណង​អនុវត្ត​ផ្លូវច្បាប់ អ្នកបោះឆ្នោត​លើ​កោះ​អូ​គី​ណា​វ៉ា​ចំនួន​៧២​ភាគរយ បាន​ជំទាស់​គម្រោង​ផ្លាស់ប្ដូរ​មូលដ្ឋានទ័ព​អាមេរិក Futenma ហើយ​១៩​ភាគរយ​ទៀត​គាំទ្រ​ការរុះរើ​នេះ​។ ប្រជាជន​លើ​កោះ​ភាគខាងត្បូង​នេះ ចំនួន​៥២​ភាគរយ​បាន​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​នេះ​។ 
 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែល​ប្រកែក​មិន​បោះបង់​គម្រោង​ផ្លាស់ប្ដូរ​បន្ទាយទ័ព​អាមេរិក ប្រកាស​ទទួលយក​លទ្ធ​ផល​ប្រជាមតិ​នេះ ហើយ​លោក​នឹង​ព្យាយាម​ស្វែងរក​ការយោគយល់​ពី​ប្រជាជន​លើ​កោះ​អូ​គី​ណា​វ៉ា​ជុំវិញ​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​។ ប៉ុន្តែ​គម្រោង​ផ្លាស់ប្ដូរ​មូលដ្ឋាន​ចេញពី​ទីតាំង​ចាស់​នេះ នឹង​នៅតែ​បន្ត​ដដែល ដោយ​លោក អា​បេ អះអាងថា គម្រោង​នេះ​មិនអាច​ពន្យារពេលបាន​ទៀតឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​បន្ទាយទ័ព​អាមេរិក Futenma ជា​ចំណុចរសើប​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ជប៉ុន​។ ទោះជា​កោះ​មួយ​នេះ​មាន​ផ្ទៃដី​តិចជាង​មួយ​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ជប៉ុន​ក្ដី រដ្ឋាភិបាល​កោះ​មួយ​នេះ មិន​ចង់​ទទួលយក​ទាហាន​អាមេរិក​ឡើយ​។ វត្តមាន​យោធា​អាមេរិក បង្ករឿង​ឈឺក្បាល​យ៉ាងខ្លាំង​សម្រាប់​ប្រជាជន​ក្នុង​តំបន់​រាប់​តាំងពី​ការបំពុល​សំឡេង​ដោយសារ​ការឡើង​ចុះ​របស់​យន្តហោះ ឧ​បទ្ទ​វ​ហេតុ​យោធា និង​បទឧក្រិដ្ឋ​បង្កដោយ​ទាហាន​អាមេរិក​ផង​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា នៅ​ឆ្នាំ​១៩៩៦ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តូ​ក្យូ ក៏​ព្រមព្រៀង​ផ្លាស់ប្ដូរ​មូលដ្ឋាន​កងទ័ព​ចំនួន​ជិត​ប្រាំ​ម៉ឺន​នាក់​ហើយ​នៅក្បែរ​ទីប្រជុំជន​សម្បូរ​មនុស្ស ទៅកាន់​ទីតាំង​ថ្មី​ដែល​ស្ថិត​លើ​កោះ​អូ​គី​ណា​វ៉ា​ដដែល​។ ទីតាំង​ថ្មី​នេះ ស្ថិតនៅ​ដាច់ស្រយាល​ពី​ទីប្រជុំជន ហើយ​មួយផ្នែក​ត្រូវបាន​សាងសង់​លើដី​ចាក់​បំពេញ​សមុទ្រ​។ ប៉ុន្តែ​គម្រោង​នេះ​បន្ត​អូសបន្លាយ​ទល់​សព្វថ្ងៃ​។​
 
​ក្រុម​ជំទាស់​ផែនការ​នេះ ចង់​ឲ្យ​មូលដ្ឋាន​ថ្មី​តាំងនៅ​កន្លែង​ផ្សេង​ក្រៅពី​កោះ​នេះ ដើម្បី​ឲ្យ​ប្រជាជន​ជប៉ុន​ផ្សេងទៀត​ចែករំលែក​សម្ពាធ​មួយ​នេះ​។ ការមិន​ពេញចិត្ត​នេះ ក៏​ក្លាយជា​របៀបវារៈ​នយោបាយ​ដែរ ដោយ​ប្រជាជន​លើ​កោះ​នេះ តែងតែ​បោះឆ្នោត​ឲ្យ​បេក្ខជន​ទាំងឡាយណា​ដែរ​មាន​ប្រឆាំង​គម្រោង​នេះ ជាក់ស្ដែង​អភិបាលខេត្ត​សព្វថ្ងៃ លោក Denny Tamaki ដែល​ចូលកាន់​តំណែង​កាលពី​ឆ្នាំ​២០១៨ ជាដើម​ផង​។ យ៉ាងណាមិញ រដ្ឋាភិបាល​លោក អា​បេ គ្មាន​ឆន្ទៈ​ពិចារណា​ឡើងវិញ​ពី​គម្រោង​នេះឡើយ​៕
 

Tag:
 ជប៉ុន​
  អាមេរិក​
  អូ​គី​ណា​វ៉ា​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com