ONE Championship
កីឡាជាតិ
ជាតិ
គង់ សំបូរ ទទួលស្គាល់​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន ក្នុង​ព្រឹត្តិ​កាណ៍ ONE: CALL TO GREATNESS
25, Feb 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាករ​ក្លិប​អាណាចក្រ​ប្រយុទ្ធ (KFG) គង់ សំបូរ បានទទួល​បរាជ័យ​ក្នុងការ​ប្រកួត ONE Super Series លើកដំបូង​របស់ខ្លួន​ក្នុង​ព្រឹត្តិ​កាណ៍ ONE: CALL TO GREATNESS នៅ​សិង្ហ​បុរី នា​ថ្ងៃទី​២២ ខែកុម្ភៈ​។​

 
​អ្នក​ប្រដាល់​កម្ពុជា​វ័យ​២៣​ឆ្នាំ​បាន​តតាំង​ជាមួយ​ជើងឯក Top King Muay Thai World Champion កីឡាករ Zhang Chenglong ដែលជា​អ្នក​ប្រដាល់​ជនជាតិ​ចិន​។ ក្រោយ​កាត់​ការប្រកួត​គ្នា​៣​ទឹក​យ៉ាង​ស្វិតស្វាញ ចៅក្រម​បានសម្រេច​ឲ្យ​សំបូរ ចាញ់​ពិន្ទុ​មិន​ឯកច្ឆន្ទ​។​


កីឡាករ Zhang Chenglong
 
​លោក Kwok Leung Tsang អ្នកដឹកនាំ​ក្លិប KFG និយាយថា​៖ «​សំបូរ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងពេល​ចូល​ប្រកួត​។ ជា​អកុសល លទ្ធផល​ចេញមក​មិន​ដូច​អ្វីដែល​ពួកយើង​បាន​ប៉ង ប៉ុន្តែ​ខ្ញុំ​ប្រាកដថា​តាមរយៈ​បទពិសោធ​លើក​នេះ ការប្រកួត​បន្ទាប់​នឹង​ខុសពី​នេះ​»​។​
 
​ក្នុងនាម​ជា​គូ​សំខាន់​ទី​១​នៃ​ព្រឹត្តិការណ៍ សំបូរ បានចាប់ផ្ដើម​ការប្រកួត​យ៉ាង​លឿន ដោយ​បោះ​ជើង​ទាត់​លើ​ខ្លាំងៗ​ជាច្រើន​ជើង​ដើម្បី​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​កីឡាករ​ចិន​រហស្សនាម «Muay Thai Boy”»​។​
 
​ទោះបី​ត្រូវ សំបូរ ដេញ​ឲ្យ​ថយ​ក៏ដោយ ប៉ុន្តែ​អ្នក​ប្រដាល់​ចិន​ដ៏​មាន​ទេពកោសល្យ​អាច​រក​វិធី​តបត​វិញ​បាន​និង​បាន​បោះ​កណ្ដាប់ដៃ​ចំៗ​ពេញៗ​ពីរ​ដៃ​លើ​កីឡាករ​វ័យក្មេង​កម្ពុជា​។​
 
​ក្រោយ​ចាញ់​ទឹក​ទី​១ Zhang បាន​បង្កើនល្បឿន​នៅក្នុង​ទឹក​ទី​២​ហើយ​បានចេញ​ទាំង​ជើង​និង​កណ្ដាប់ដៃ ខណៈ សំបូរ នៅតែ​ប្រើ​ក្បាច់​ទាត់​ដែល​គេ​បានគ្រោង​ទុក​។​
 
Zhang បាន​ត្រួតត្រា​ទឹក​ទី​៣​សឹង​ទាំងស្រុង ប៉ុន្តែ សំបូរ មិន​ចុះ​ញ៉ម​ឡើយ​ហើយ​រក្សាបាន​លំនឹង​ទល់នឹង​ជើងឯក​មួយ​ថៃ​ពិភពលោក​ដ៏​ចំណាន​។​
 
​ថ្វីបើ​នេះ​ជាការ​ប្រកួត​លើក​ទី​១​របស់ សំបូរ នៅក្រៅ​ប្រទេស​និង​ជា​លើកដំបូង​របស់គេ​ក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​លើ​ពិភពលោក​ក្ដី តែ​គេ​បាន​រក្សា​ជំហ​រឹងមាំ​ទាំង​មុន​និង​ក្រោយពេល​ចៅក្រម​ផ្ដល់​ពិន្ទុ​ការប្រកួត kickboxing ទម្ងន់ bantamweight នេះ​ឲ្យ​គូប្រកួត​របស់គេ​ឈ្នះ​។​
 
​លោក Leung Tsang និយាយថា​៖ «​ខ្ញុំ​គិតថា​ទឹក​ទី​១​និង​ទី​២​ប្រហាក់ប្រហែលគ្នា ហើយ​នៅ​ទឹក​ទី​៣​វា​ច្បាស់​ហើយ​ថា Zhang ជា​អ្នក​នាំមុខ​ពិន្ទុ​ច្រើនជាង​។ លទ្ធផល​អាច​គេ​អាច​យើង ហើយ​ការសម្រេចចិត្ត​ផ្ដល់​ជ័យជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នៅតែ​ជា​លទ្ធផល​គួរ​ឲ្យ​សរសើរ​មួយ​សម្រាប់​កីឡាករ​ម្នាក់​ដែល​ទើប​ប្រកួត​លើកដំបូង​»​។​
 
​ពេលខ្លះ សំបូរ ហាក់​ភាន់ភាំង​នឹង​ច្បាប់ kickboxing ហើយ​ថ្នាក់ដឹកនាំ​ក្លិប KFG បាន​គិតថា​ចំណុច​នេះ​អាច​ពន្យល់បាន​ថា​ដោយសារ​កង្វះ​បទពិសោធ​ក្នុង​កីឡា​ប្រភេទ​នេះ​។​
 
​សរុប​ជារួម សំបូរ និង​ក្រុម​របស់គេ​រីករាយ​ចំពោះ​ការចេញ​ប្រកួត​លើកដំបូង​របស់គេ​ក្នុង ONE Super Series ហើយ​ក្លិប​ប្រដាល់​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ពេលនេះ​កំពុង​សម្លឹង​ទៅកាន់​ការប្រមូលផ្ដុំ​ឡើងវិញ​និង​រង់ចាំ​ការប្រកួត​បន្ទាប់​ដែល​អាចជា​ការប្រកួត kickboxing ឬ Muay Thai​។​
 
​រឿង​ប្រាកដ​មួយ​គឺថា​បទពិសោធ​លើកដំបូង​របស់​ក្លិប​ប្រដាល់ KFG ក្នុង​ស្ថាប័ន ONE Championship បានធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ស្រេកឃ្លាន​ក្នុង​ការចង់​មក​ប្រកួត​ទៀត​។​
 
​លោក Leung Tsang បញ្ជាក់ថា​៖ «​អ្នក​មិនអាច​បរិយាយ​បានទេ​។ វា​ជា​ស្ថាប័ន​ដ៏​ធំ​និង​រៀបចំ​បានល្អ​មែនទែន​។ វា​អស្ចារ្យ​ណាស់ ហើយ​ការទទួលបាន​ឱកាស​មក​ប្រកួត​លើ​ឆាក​ពិភពលោក​ទល់នឹង​អ្នក​ប្រយុទ្ធ​លំដាប់​ពិភពលោក​ដូច្នេះ​គឺ​មហស្ចារ្យ​ណាស់​»៕
 

Tag:
 គង់ សំបូរ​
© រក្សាសិទ្ធិដោយ thmeythmey.com