ជាតិ
សង្គមជាតិ
បកស្រាយ​លើក​ទី​បី​៖ គ្រាប់កាំភ្លើង​ដែល​បាញ់​ពលរដ្ឋ​នៅ​ព្រះសីហនុ មិនទាន់​រកឃើញ​ម្ចាស់​
25, Feb 2019 , 4:39 pm        
រូបភាព
លោក អេង ហ៊ី ថ្លែងក្នុងសន្និសីទកាសែត
លោក អេង ហ៊ី ថ្លែងក្នុងសន្និសីទកាសែត
ដោយ: ថ្មីៗ
​រហូតមកដល់​ពេលនេះ សមត្ថកិច្ច រក​មិនទាន់​ឃើញ​ជនល្មើស ដែល​ប្រើ​កាំភ្លើង​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ហើយ​សមត្ថកិច្ច ក៏​មិនទាន់មាន​ចម្លើយ​ឲ្យ​ច្បាស់លាស់​ដែរ ដោយ​ម្តង​បកស្រាយ​បែបនេះ ហើយ​ម្តង បកស្រាយ​បែប​នោះ​។ 


 
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មានការ​បកស្រាយ​ម្តងទៀត​តាមរយៈ​ការធ្វើ​សន្និសីទកាសែត​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទាក់ទងនឹងអំពើហិង្សារវាង​កម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។ លោក ប្រាប់​អ្នកកាសែត​ថា ក្នុងចំណោម​កម្លាំងប្រដាប់អាវុធ ដែល​ឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ មាន​កម្លាំង​កងរាជអាវុធហត្ថ​១០០​នាក់ ដោយមាន​កាំភ្លើង​វែង​១០​ដើម និង កាំភ្លើងខ្លី​៦​ដើម​ក្នុង​ដៃ​។ 
 
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បន្តថា កងរាជអាវុធហត្ថ បាន​បាញ់កាំភ្លើង​៦​គ្រាប់​ឡើងលើ ដោយសារ​ទប់​នឹង​កំហឹង​ពុំបាន ពេល​ប្រជាពលរដ្ឋ ប្រើ​អំពើហិង្សា ដូចជា ប្រើ​ដំបង គប់​ដុំ​ថ្ម គប់​ដង និង​បាញ់​ចម្ពាម ជាដើម​។ ប៉ុន្តែ លោក អះអាងថា ចំពោះ​គ្រាប់កាំភ្លើង ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ មិនមែនជា​គ្រាប់កាំភ្លើង​របស់​កងរាជអាវុធហត្ថ​ឡើយ​។

អ្នកនាំពាក្យ​រូបនេះ បកស្រាយ​ថា កម្លាំង​ជំនាញ​ខាង​កងរាជអាវុធហត្ថ បាន​យក​គ្រាប់កាំភ្លើង ដែល​នៅក្នុង​ខ្លួន​ជនរងគ្រោះ ទៅពិនិត្យ​ជាមួយនឹង​គ្រាប់កាំភ្លើង ដែល​កងរាជអាវុធហត្ថ​បាន​បាញ់ ហើយ​លទ្ធផល​បង្ហាញថា គ្រាប់​កាំភ្លើង​ទាំងនោះ គឺ​ប្រភេទ K59 ដូចគ្នា ប៉ុន្តែ គ្រាប់​កាំភ្លើង K59 ដែល​នៅក្នុង​ខ្លួន​ជនរងគ្រោះ គឺជា​គ្រាប់កាំភ្លើង​កែច្នៃ ដូច្នេះ វា​មិនមែនជា​គ្រាប់កាំភ្លើង ដែល​បាញ់​ចេញពី​កាំភ្លើង​របស់​កង​រាជ​អាវុធ​ហត្ថ​ទេ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​មិនទាន់​ដឹងថា​គ្រាប់កាំភ្លើង​នោះ​មកពីណា​ទេ​។ យើង​កំពុង​ស្រាវជ្រាវ​បន្ត​»​។ 
 
​បើ​រាប់​ទៅ មានការ​បកស្រាយ​៣​ដង​ហើយ ពី​រឿង​គ្រាប់កាំភ្លើង​ដែល​បាញ់​ត្រូវ​ប្រជាពលរដ្ឋ​នេះ តែ​ការបកស្រាយ​ទាំងនេះ សុទ្ធតែ​ខុសគ្នា​។ លើក​ទី​១ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែលជា​អ្នកទទួល​បញ្ជា​ដឹកនាំ​កម្លាំង​ចុះទៅ​អនុវត្ត​ដីកា បាន​បកស្រាយ​ថា គ្រាប់កាំភ្លើង​នោះ ប្រហែលជា​គ្រាប់កាំភ្លើង​របស់​ជន​បាតដៃ​ទី​៣ ដែល​បាន​ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ ដើម្បី​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ច​។ តែ​ក្រោយមក លោក ក៏​បកស្រាយ​លើក​ទី​២​ថា សមត្ថកិច្ច បាន​បាញ់កាំភ្លើង​ឡើងលើ ហើយ​ប្រហែលជា​គ្រាប់កាំភ្លើង​នោះ ធ្លាក់​មកវិញ ក៏ត្រូវ​ប្រជាពលរដ្ឋ​។ 
 
 
​បច្ចុប្បន្ន លោក ពៅ សា​រ័ត្ន ដែល​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង កំពុង​បន្ត​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​ទេ​។ លោក អេង ហ៊ី អះអាងថា លោក ពៅ សា​រ័ត្ន បាន​ធូរស្បើយ​ហើយ​។

លោក អេង ហ៊ី ថ្លែងថា គណៈកម្មការ​ចំពោះ​កិច្ច ដែល​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​បង្កើតឡើង​ដើម្បី​ឲ្យ​ចុះទៅ​ស្រាវជ្រាវ​ពី​រឿងនេះ បាន​រកឃើញ​កងរាជអាវុធហត្ថ​៥​នាក់ និង យោធិន​ម្នាក់ ដែល​ត្រូវ​រង​ពិន័យ ពាក់ព័ន្ធ​នឹង​អំពើហិង្សា ហើយ​ក្រុមប្រឹក្សាវិន័យ​កង​រាជ​អា​វុ​ហត្ថ បាន​បើក​កិច្ចប្រជុំ​និង​សម្រេច​រួចហើយ ពី​ការដាក់ពិន័យ​លើ​អ្នក​ទាំងនោះ​។ 

ក្នុងចំណោម​ពួកគេ មាន​៤​នាក់ គ្រាន់តែ​ត្រូវបាន​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ​ប៉ុណ្ណោះ ពី​សំណាក់​ក្រុមប្រឹក្សាវិន័យ​កងរាជអាវុធហត្ថ ឯ​២​នាក់​ទៀត ត្រូវបាន​ដកចេញ​ពី​ក្របខណ្ឌ និង​ត្រូវ​ប្រឈមមុខ​ជាមួយ​តុលាការ​។ 
 
​លោក​វរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ រង​ការស្តីបន្ទោស ព្រោះ​លោក មាន​កំហុស ដោយសារ​ធ្វេស​ប្រហែស​ក្នុងការ​គ្រប់គ្រង​កម្លាំង រហូត​បណ្តាល​កងរាជអាវុធហត្ថ ប្រើ​អំពើហិង្សា​។ 
 
​លោក សេក កុម្ភៈ (​មិន​បញ្ជាក់​ឋានន្តរសក្តិ​) រង​ការស្តីបន្ទោស ដោយសារ​បាន​បាញ់កាំភ្លើង​ម៉ាក AK ៤​គ្រាប់​ឡើងលើ​។   
 
​លោក ស៊ឹម វាសនា ជំនួយការ​ការិយាល័យ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ រង​ការស្តីបន្ទោស ព្រោះ​បាន​បាញ់កាំភ្លើង​ម៉ាក់ CF98 ២​គ្រាប់​ឡើងលើ​។ 
 
​លោក ពុធ ចាន់ (​មិន​បញ្ជាក់​ឋានន្តរសក្តិ​) ពុំបាន​ប្រើ​អំពើហិង្សា​ឡើយ តែ​លោក​នៅតែ​រង​ការស្តីបន្ទោស ព្រោះ​លោក នៅ​ជិត​នឹង​អ្នក​ដែល​ប្រើ​អំ​ហើ​ហិង្សា ហើយ​បែរជា​មិន​ព្រម​ហាមឃាត់​។ 
 
​ចំណែក លោក​ព្រឹទ្ធ​បាល​ទោល សុខ ធា​រិ​ទ្ធ ត្រូវបាន​ផ្អាក​ការងារ​ពី​ក្របខណ្ឌ ព្រោះតែ​បាន​ប្រើ​អំពើហិង្សា ដោយបាន​ធាក់​ប្រជាពលរដ្ឋ​ម្នាក់ ពេល​ប្រជាពលរដ្ឋ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់បាន ហើយ​ដៃ​ទាំង​២ ត្រូវបាន​ចងស្លាបសេក និង អង្គុយ​លុតជង្គង់​។ ក្រៅពី​ផ្អាក​ការងារ កងរាជអាវុធហត្ថ ថែមទាំង​កសាង​សំណុំរឿង​របស់​ព្រឹទ្ធ​បាល​ទោល​រូបនេះ ទៅ​តុលាការ​ផងដែរ​។  
 
​ដោយឡែក យោធិន​ស័ក្តិ​២​ម្នាក់ (មិនបញ្ចេញឈ្មោះ) ដែល​យក​កាំភ្លើង​ម៉ាក AK ទៅ​វាយ​ប្រជាពលរដ្ឋពីក្រោយ ដែល​អង្គុយ​លុតជង្គង់​និង​ដៃ​ត្រូវបាន​ចងស្លាបសេក​នោះ ត្រូវបាន​ដកចេញ​ពី​ក្របខណ្ឌ ហើយ​ត្រូវបាន​កសាង​សំណុំរឿង​ទៅ​តុលាការ ជាមួយ​ព្រឹទ្ធ​បាល​ទោល សុខ ធា​រិ​ទ្ធ​។ 

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្តីបន្ទោសឲ្យរដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើកម្លាំងយោធា ឲ្យចុះទៅអនុវត្តដីការបស់តុលាការកំពូល ជាមួយកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថ។ រដ្ឋមន្រ្តីមហាផ្ទៃ ក្រើនរម្លឹកថា រដ្ឋបាលខេត្ត អាចប្រើកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថបាន តែមិនអាចប្រើកម្លាំងយោធាឡើយ។ រដ្ឋមន្រ្តីរូបនេះ ប្រាប់ថា កុំឲ្យមានករណីបែបនេះ កើតឡើងសាជាថ្មី ព្រោះវា ជាទង្វើខុសច្បាប់។ 
 
ចំពោះការប្រើអំពើហិង្សានិងការផ្ទុះអាវុធ ពីសំណាក់កម្លាំងកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ លោក អេង ហ៊ី ក្នុងនាម​កងរាជអាវុធហត្ថ បាន​សម្តែង​ការសោកស្តាយ ហើយលោក ក៏​សុំទោស​ក្នុង​សន្និសីទកាសែត​នោះផងដែរ។

កាលពីដើមខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ​ប្រមាណ​២០០​មាក់ បាននាំតវ៉ា នៅពេល​តុលាការ​កំពូល ចេញ​ដីកា​ស្ថាពរ​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់ ឈ្នះក្តី​ពួកគាត់ លើ​រឿង​ដីធ្លី​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ពេលនោះ មាន​កម្លាំង​ទាំង​៣​ប្រភេទ​តែម្តង គឺ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា ដែល​ចុះទៅ​អនុវត្ត​ដីកា​របស់​តុលាការ​កំពូល ហើយក៏​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ រហូតដល់​ផ្ទុះ​អំពើហិង្សា​។  
 
​មកដល់ពេលនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​ស្ងៀមស្ងាត់​។ ប៉ុន្តែ ប្រជាពលរដ្ឋ ប្រហែលជា​មិនទាន់​បញ្ឈប់​ការតវ៉ា​ឡើយ ព្រោះ​ពួកគាត់ នៅតែ​មិន​សុខចិត្ត និង​ចាត់ទុក​សាលដីកា​របស់​តុលាការ​កំពូល ដែល​ឲ្យ​ពួកគាត់​ចាញ់ក្តី ថា​ជា​រឿង​អយុត្តិធម៌​៕ 
 

Tag:
 អេង ហ៊ី​
  ទំនាស់​ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com