ជាតិ
សមត្ថកិច្ចកំពុងស្វែងរកអ្នកបាញ់ដំរីងាប់ នៅខេត្តមណ្ឌលគិរី រូបពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ សមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ កំពុងស្វែងរកជនល្មើសដែលបានបាញ់ដំរីងាប់ នៅខេត្តមណ្ឌលគិរី ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ការអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពី ប្រជាពលរដ្ឋប្រទះឃើញដំរីមួយក្បាលបានងាប់នៅក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅថ្ងៃទី២៥កុម្ភៈថា សពដំរីនេះ ត្រូវបានសមត្ថកិច្ច យកទៅកប់ដោយធ្វើកំណាយយកគ្រោងឆ្អឹងរបស់វាមករក្សាទុកនៅសាលាខេត្ត សម្រាប់ធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រអំពីប្រភេទដំរីនៅកម្ពុជា។ លោកបានអះអាងថា ដំរីដែលបានងាប់នេះ ជាដំរីឈ្មោល ហើយត្រូវបានគេបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង ក្នុងគោលបំណងកាត់យកភ្លុក។
សត្វដំរីព្រៃមួយក្បាលនេះ មានកម្ពស់ ២,៧០ម៉ែត្រ ប្រវែង៤,៥០ ម៉ែត្រ ទទឹង ១,៥០ម៉ែត្រ ដែលបានងាប់អស់រយៈពេលជិត១០ថ្ងៃហើយ ព្រមទាំងបានរលួយ និងសាយភាយក្លិនស្អុយពេញព្រៃផងដែរ។ នេះជាការបញ្ជាក់របស់លោក ស្វាយ សំអ៊ាង ដែលបានបន្ថែមថា បច្ចុប្បន្ននៅខេត្តមណ្ឌលគិរី មានសត្វដំរីព្រៃជាង៣៦០ក្បាល៕
© រក្សាសិទ្ធិដោយ thmeythmey.com