ដោយ៖ Matias Andres
ជើងឯក KWC ទម្ងន់ ៦១គីឡូក្រាម ខុន ស៊ីចាន់ មិនអាចបង្កើតឈ្នះជាលើកទី២បានឡើយ បន្ទាប់ពីកីឡាករឆ្នើមឥណ្ឌូណេស៊ី Rudy “The Golden Boy” ផ្តួលឲ្យសន្លប់ក្នុងទី១ នៅសង្វៀនប្រទេសសិង្ហបុរី នៅថ្ងៃទី២២ ខែកុម្ភៈ។
កីឡាករជំនាញគុនខ្មែរបានប្រកួតគូបើកឆាកនៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS ហើយបានចាប់ផ្ដើមវាយយ៉ាងប្រុងប្រយ័ត្នដោយរក្សាចម្ងាយពីគូប្រកួតដែលជាជើងខ្លាំងរបស់ឥណ្ឌូណេស៊ី Agustian ។
នៅវិនាទី៤៥ Agustian ដែលមានរហស្សនាម «Golden Boy» បានបុកវាយសម្រុកផ្ដួលស៊ីចាន់ទៅលើរេញ ហើយគ្រប់គ្រងស្ថានការណ៍បានយ៉ាងរហ័សដោយសង្កត់លើស៊ីចាន់ជាប់។
កីឡាករកម្ពុជាបានការពារខ្លួនពីការព្យាយាមចាប់ក្លេរបស់ Agustian ដែរប៉ុន្តែកាន់តែជាប់ក្លេខ្លាំងឡើងៗនៅពាក់កណ្ដាលទឹក។
បន្ទាប់ពីព្យាយាមរើដើម្បីឲ្យ Agustian ខ្ទាតចេញ ស៊ីចាន់ ត្រូវចាប់ខ្នងបាន ហើយខណៈការប្រកួតទឹក១នៅសល់ពេល១:៤៥នាទីទៀត ជើងឯកមួយថៃថ្នាក់ជាតិរបស់ឥណ្ឌូណេស៊ីបានផ្ដេកខ្លួនលើរេញហើយក្លេកស៊ីចាន់ពីក្រោយដើម្បីឲ្យស៊ីចាន់គោះសុំចុះចាញ់តែម្តង។
លោក Alan Mccune ដែលជាគ្រូបង្វឹកយូរឆ្នាំរបស់ ស៊ីចាន់ និយាយថា៖ «វាមិនមែនជារាត្រីអស្ចារ្យសម្រាប់ស៊ីចាន់ឡើយ។ គាត់មិនបានវាយអស់មួយឆ្នាំហើយ ហើយពួកយើងយឺតបន្តិចក្នុងទឹកទី១។ Rudy ជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ ហើយគាត់ពូកែចាប់ក្លេ ជាចំណុចដែលពួកយើងមិនមានពេលដើម្បីត្រៀមលក្ខណៈក្នុងយុទ្ធសាស្ត្ររបស់យើង»។
«ទោះបីស៊ីចាន់រួចខ្លួនពីការវាយប្រហាររបស់ Rudy មួយលើកជាពីរលើកក្តី ប៉ុន្តែទីបំផុត Rudy ឱបខ្នងបានហើយចាប់រឹតកបានសម្រេច»។
ONE: CALL TO GREATNESS នៅសិង្ហបុរីមិនមែនជាព្រឹត្តិការណ៍ជោគជ័យសម្រាប់កីឡាករកម្ពុជាឡើយ ស្របពេល គង់ សំបូរ របស់ក្លិបអាណាចក្រប្រយុទ្ធ បានចាញ់ពិន្ទុក្នុងការប្រកួតប្រដាល់សេរី ONE Super Series លើកទី១របស់គេទល់នឹងកីឡាករចិន Zhang Chenglong។
ថ្វីបើកីឡាករកម្ពុជានិងក្រុមរបស់ពួកគេខកចិត្តចំពោះលទ្ធផល ប៉ុន្តែពួកគេមិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញពួកគេបានបង្ហាញទស្សនៈវិជ្ជមានចំពោះអនាគតក្បាច់គុនកម្ពុជា។
ជាក់ស្ដែង លោក Mccune លើកឡើងថា៖ «ពួកយើងនឹងត្រលប់ទៅហ្វឹកហាត់វិញ ហើយពួកយើងនឹងព្យាយាមរកការប្រកួតបន្ថែមសម្រាប់ស៊ីចាន់។
«មួយឆ្នាំវាយម្ដងមិនគ្រប់គ្រាន់ឡើយសម្រាប់ឲ្យគាត់អភិវឌ្ឍសមត្ថភាព។ ភាពស្រស់ស្អាតរបស់ ONE Championship គឺនៅត្រង់ថាអ្នកមានឱកាសដើម្បីល្បងសមត្ថភាពខ្លួនឯងជាច្រើនលើកដើម្បីក្លាយជាជើងឯក»។
«ខ្ញុំបានជជែកជាមួយ ONE Championship អំពីលទ្ធភាពសម្រាប់ស៊ីចាន់ក្នុងការវាយ ONE Super Series មិនមែនត្រឹមតែវាយ MMA មួយមុខទេ»។ ការដំណើរការ ONE Super Series ក្នុងខែមេសា ឆ្នាំ២០១៨ បានផ្ដល់ឱកាសយ៉ាងច្រើនដល់កីឡាករកម្ពុជា។
លីគប្រដាល់សេរីនេះអំណោយផលដល់ប្រទេសនានាដូចជាកម្ពុជាជាដើមដែលកំពុងបន្តអភិវឌ្ឍក្បាច់គុនចម្រុះ ប៉ុន្តែមានប្រវត្តិដ៏យូរលង់នៃការប្រកួតគុនខ្មែរ។
កម្ពុជាបានចាប់ផ្ដើមឆ្នាំ២០១៩ជាមួយជ័យជម្នះដ៏ធំធេងរបស់កីឡាការិនី នៅ ស្រីពៅ លើជើងខ្លាំងថៃនាង Rika Ishige ក្នុងទីក្រុងបាងកក ហើយនឹងមានឱកាសជាច្រើនទៀតដើម្បីត្រលប់មកវិថីជ័យជម្នះសម្រាប់ប្រទេសនេះ។
នៅថ្ងៃព្រហស្បតិ៍ទី២៥ខែកុម្ភៈ កីឡាករមានទីលំនៅនៅភ្នំពេញ Emmanuel Onyedikachi នឹងតំណាងកម្ពុជាជាថ្មីក្នុងការប្រកួត ONE Warrior Series 4 របស់លោក Rich Franklin ក្នុងប្រទេសសិង្ហបុរី ហើយនៅថ្ងៃសុក្រទី៨ ខែមីនា ឆ្នាំ២០១៩ កីឡាករ រិន សារ័ត្ន របស់ក្លិប Cambodian Top Team នឹងតតាំងជាមួយសិស្សប្អូនរបស់ Aung La N Sang គឺ Tial Thang នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។
ខុន ស៊ីចាន់ និងគ្រូបង្វឹករបស់គេមិនឲ្យបរាជ័យមួយលើកនេះដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានលើដំណើរដ៏វែងឆ្ងាយនៃអ្នកប្រកបអាជីពក្បាច់គុនទាំងឡាយឡើយ។ ផ្ទុយទៅវិញ ពួកគេផ្ដោតលើសារៈសំខាន់នៃភាពដាក់ខ្លួននិងការគោរពក្នុងកីឡារបស់ពួកគេ។
«ពួកយើងនៅតែរីករាយព្រោះពួកយើងបានតំណាងកម្ពុជាក្នុងវិធីល្អបំផុតដែលពួកយើងអាចធ្វើបាន ហើយពួកយើងគោរពគូប្រកួតរបស់ពួកយើងណាស់»។
«ពួកយើងនឹងត្រលប់មកវិញខ្លាំងជាងមុន!»៕