អន្តរជាតិ
លោក ឌូ​ទើ​តេ ទុក​ពលករ​ចិន​ខុសច្បាប់​ក្នុងស្រុក ព្រោះ​មិន​ចង់​ប៉ះពាល់​ដល់​ពលករ​ហ្វីលីពីន​នៅ​ចិន​
26, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និយាយថា លោក​សុខចិត្ត​អនុញ្ញាត​ឲ្យ​ពលករ​ចិន​ខុសច្បាប់​បន្ត​រស់នៅ​ក្នុងប្រទេស ដ្បិតថា​ការបញ្ជូន​ពួកគេ​ទៅវិញ​អាច​ទទួលរង​ប្រតិកម្ម​ពី​ភាគី​ចិន ដែល​នឹង​ប៉ះពាល់​ដល់​ពលករ​ហ្វីលីពីន​ប្រមាណ​៣០​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​។

 
​ថ្លែង​អំឡុង​ព្រឹត្តិការណ៍​មួយ​របស់​បក្ស​កាន់អំណាច​ហ្វីលីពីន នាទី​ក្រុង Binan  កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ លោក រ៉ូ​ឌ្រី​ហ្គិ ឌូ​ទើ​តេ គូសបញ្ជាក់ថា​៖«​ពលករ​ចិន​កំពុងធ្វើការ​នៅទីនេះ​។ ហេតុអ្វី​យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​រស់នៅ​ក្នុងប្រទេស​យើង​? ដូចគ្នា​អ៊ីចឹង​ដែរ​! យើង​ក៏មាន​ពលករ​ហ្វីលីពីន​៣០​ម៉ឺន​នាក់​នៅ​ប្រទេស​ចិន​ផងដែរ​។ នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​មិនអាច​និយាយថា ខ្ញុំ​នឹង​បញ្ជូន​ពួក​អ្នក​ត្រឡប់​ទៅវិញ​។ ចុះ​ប្រសិនបើ​ពលករ​ទាំង​៣០​ម៉ឺន​នាក់​របស់​យើង ភ្លាមៗ​ត្រូវគេ​បណ្តេញ​ចេញពី​ប្រទេស​ចិន​នោះ​?»​។ 
 
​ការលើកឡើង​របស់​មេ​ដឹកនាំ​រូប​នះ គឺធ្វើឡើង​ក្រោយពី​ការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន​បាន​កោះហៅ​ពលករ​បរទេស​ទាំងអស់​ដែល​កំពុងធ្វើការ​ក្នុងប្រទេស​ហ្វីលីពីន សម្រាប់​ការចុះបញ្ជី​រាប់​ចំនួន​មនុស្ស​។ ចំណាត់ការ​ថ្មី​នេះដែរ ត្រូវបាន​ដាក់ចេញ​ក្រោយពី​មាន​របាយការណ៍​មួយ​បង្ហាញថា ពលករ​ចិន​រាប់ពាន់នាក់ បាននិងកំពុង​ចូលទៅក្នុង​ប្រទេស​ហ្វីលីពីន​ក្នុងនាម​ជា​អ្នកទេសចរ ប៉ុន្តែ​លេចមុខ​នៅក្នុង​ប​ញ្ចី​ឈ្មោះ​របស់​ឧស្សាហកម្ម​គ្រប់គ្រង​ពលករ​ចិន​ថា​ជា ពលករ​ខុសច្បាប់​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Inquirer News កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​ទទួល​បន្ទុក​ធនធានមនុស្ស​, ការងារ និង​ពលកម្ម​នៃ​ព្រឹទ្ធសភា​ហ្វីលីពីន បាន​បន្ត​បើក​ការស៊ើបអង្កេត​លើ​កំណើន​នៃ​ពលករ​ចិន​ខុសច្បាប់​ក្នុងប្រទេស​ហ្វីលីពីន​។ ការស៊ើបអង្កេត​នេះ​បានចាប់ផ្តើម​កាលពី​ឆ្នាំមុន ពោលគឺ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន Franklin Drilon បង្ហាញ​ការព្រួយបារម្ភ​ជុំវិញ​ការមកដល់​ដ៏​ច្រើនសន្ធឹក​នៃ​ពលករ​ចិន​នៅ​ហ្វីលីពីន ហើយ​ដណ្តើម​ការងារ​របស់​ប្រជាជន​ហ្វីលីពីន​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក ឌូ​ទើ​តេ ទទួលរង​ការរិះគន់​យ៉ាងខ្លាំង ក្រោយ​លោក​ទៅ​ស្និទ្ធស្នាល​ជាមួយ​ក្រុង​ប៉េកាំង ក្នុង​គោលបំណង​ទទួល​លុយ​កម្ចី និង​ទទួល​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​របស់លោក​។ ម្យ៉ាងវិញទៀត មេដឹកនាំ​រូបនេះ​ក៏​មិន​ខ្វាយខ្វល់​នឹង​សាលក្រម​របស់​តុលាការ​ឡាអេ ដែល​កាត់ក្តី​ឲ្យ​ហ្វីលីពីន​ឈ្នះ​ក្នុង​ជម្លោះទឹកដី​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង រួមមាន ដែនទឹក​នៅ​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ហ្វីលីពីន​ជាដើម​៕
 

Tag:
 ​ចិន​
  ហ្វីលីពីន​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com