អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក គីម ជុង​អ៊ុន ទៅដល់​វៀតណាម​ហើយ ក្រោយ​ធ្វើដំណើរ​អស់បី​យប់​
26, Feb 2019 , 8:49 am        
រូបភាព
​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ទៅដល់​ទឹកដី​វៀតណាម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ នេះ ដើម្បី​ចូល​រូ​ម​ជំនួប​កំពូល​លើក​ទី​ពីរ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ និង​ទី​២៨ ខែកុម្ភៈ នៅ​រដ្ឋធានី​ហាណូយ​។ លោក គីម បាន​ចាក​ចេញពី​រដ្ឋធានី​ព្យុង​យ៉ាង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ហើយ​ធ្វើដំណើរ​តាម​រថភ្លើង​ឆ្លងកាត់​ទឹកដី​ចិន​ផងដែរ​។​

 
​រថភ្លើង​ពិសេស​ពាស​ដែក​ការពារ​គ្រាប់​ដែល​ដឹកលោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង បាន​ទៅដល់​ស្ថានីយ៍​រថភ្លើង Dong Dang នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ បន្ទាប់ពី​ធ្វើដំណើរ​ទាំងយប់​ទាំង​ថ្ងៃ​ជាង​៥០​ម៉ោង​។ វៀតណាម​ដែលជា​ម្ចាស់ផ្ទះ បាន​ពង្រឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត​ទាំង​កន្លែង​រថភ្លើង​លោក គីម ទៅដល់ និង​តាមផ្លូវ​ឆ្ពោះទៅកាន់​រដ្ឋធានី​ហាណូយ​។​
 
​ក្រោយ​ចុះ​ពី​រថភ្លើង​ភ្លាម មេដឹកនាំ​កូរ៉េខាងជើង​ក៏​បន្ត​ឡើង​ជិះ​រថយន្ត​ពិសេស​របស់ខ្លួន​ក្នុង​ដំណើរ​ជាង​មួយរយ​គីឡូម៉ែត្រ​ទៀត​ទៅកាន់​ហាណូយ ជាទី​ដែល​លោក​ត្រូវ​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចំនួន​ពីរ​ថ្ងៃ ដើម្បី​ចរចា​រឿង​រំសាយ​នុយក្លេអ៊ែរ​។ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង លោក គីម យ៉ុង​ឈុ​ល មនុស្ស​ជំនិត និង​លោកស្រី គីម យ៉ូ​ចុង ជា​ប្អូនស្រី​របស់លោក គីម ក៏​ធ្វើដំណើរ​ជាមួយ​ដែរ​។​
 
​ចំណែក​លោក ត្រាំ វិញ ក៏​កំពុង​ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅកាន់​វៀតណាម​ដែរ​។ ប្រធានាធិបតី​អាមេរិក​បាន​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ហើយ​រំពឹងថា ទៅដល់​ហាណូយ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ​។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ទៅដល់​ទឹកដី​វៀតណាម​រួចហើយ​។ 
 
​ជំនួប​លើក​ទី​ពីរ​រវាង​លោក ត្រាំ និង​លោក គីម នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ មុននឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​រួមគ្នា​។ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ មេដឹកនាំ​ទាំងពីរ​នឹងមាន​ជំនួប​ចរចា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែល​ជាប់គាំង​៕

Tag:
 កូរ៉េខាងជើង​
  វៀតណាម​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com