កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea កាត់ប្រាក់ឈ្នួល Kepa ១អាទិត្យ ក្រោយមិនព្រមដូរចេញតាមគ្រូ
× ក្លិប Chelsea បានសម្រេចកាត់ប្រាក់ឈ្នួលអ្នកចាំទី Kepa Arrizabalaga មួយសប្តាហ៍ បន្ទាប់ពីរូបគេបដិសេធមិនព្រមប្តូរចេញពីទីលានតាមអ្នកចាត់ការលោក Maurizio Sarri នាការប្រកួតផ្តាច់ព្រ័ត្រពាន League Cup កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
លោក Sarri សម្រេចប្ដូរ Kepa ចេញជំនួសដោយអ្នកចាំទី Willy Caballero សម្រាប់ត្រៀមជួយសង្គ្រោះបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ក្រោយ Chelsea និង Man City បញ្ជប់ការប្រកួត១២០នាទីដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។
ប៉ុន្តែការសម្រេចរបស់អ្នកចាត់ការសញ្ញាតិអ៊ីតាលីនេះ ត្រូវបានអ្នកចាំទី Kepa ដែលទិញពីAthletic Bilbao ក្នុងតម្លៃកំត្រាក្លិបបដិសេធមិនព្រមចេញទៅវិញ។ តាមរយៈការបដិសេធនេះ អាជ្ញាកណ្ដាល ក៏សម្រេចផ្ដល់សិទ្ធឲ្យ កីឡាករ Kepa នៅបន្តការប្រកួតជាធម្មតា។
យ៉ាងណាក៏ដោយទង្វើរបស់អ្នកចាំទីសញ្ជាតិអេស្បាញ វ័យ២៤ឆ្នាំបែបនេះ បានបង្ហាញពីការមិនគោរពគ្រូ និងធ្វើឲ្យគ្រូបាក់មុខថែមទៀត។ ដូច្នេះក្លិបរហស្សនាមតោខៀវក៏បានសម្រេចពិន័យ Kepa ជាប្រាក់បៀវត្សរបស់គេមួយសប្តាហ៍ ហើយសមីខ្លួនក៏បានយល់ព្រម និងសូមទោសពីទង្វើរបស់គេផងដែរ។
រវាង Kepa និង Sarri មិនមានអ្វីទើសទាល់គ្នាឡើយក្រោយបកស្រាយរៀងខ្លួនក្នុងសន្និសីតបន្ទាប់ពីបញ្ចប់ការប្រកួត។ «ទោះមានការយល់ច្រឡំបន្តិចបន្តួចប៉ុន្តែខ្ញុំបានធ្វើឲ្យមានកំហុសដ៏ធំមួយដោយការបដិសេធតាមការសម្រេចរបស់គ្រូ។ ខ្ញុំរីករាយនឹងទទួលពិន័យនេះ»។ Kepa បែបនេះក្នុងសេចក្តីថ្លែងការណ៍របស់ Chelsea។
ដោយឡែកលោក Sarri ឯណោះវិញ បើទោះជាលោកបានប្រតិកម្មនឹងទង្វើរបស់អ្នកចាំទីខ្លួននៅពេលនោះក្តី តែនៅពេលនេះលោកបាននិយាយយល់គ្នាជាមួយ Kepa អស់ហើយ គឺគ្មានបញ្ហាអ្វីនឹងគ្នាទៀតឡើយ៕
Tag:
បាល់ទាត់
Kepa Arrizabalaga
League Cup
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com