ជាតិ
នយោបាយជាតិ
អាល្លឺម៉ង់ មកឈ្វេងយល់គម្រោងនានារបស់ខ្លួន នៅកម្ពុជា ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក Nobert BARTHLE
× ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Nobert BARTHLE សមាជិកសហព័ន្ធអាល្លឺម៉ង់និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការអាល្លឺម៉ង់ បានចូលទៅជួបពិភាក្សាការងារជាមួយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងជំជួបនោះជាមួយសម្តេច ហ៊ុន សែន លោក Nobert BARTHLE បានលើកឡើងពីការដឹកនាំប្រតិភូចម្រុះរបស់លោក ដែលមានទាំងសមាជិកសភា និងសមាជិករដ្ឋាភិបាល មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់ពីគម្រោងទាំងឡាយ ដែលសហព័ន្ធអាល្លឺម៉ង់បានធ្វើនៅកម្ពុជា។ លោក ប្រាប់សម្តេច ហ៊ុន សែនថា ដំណើរទស្សនកិច្ចរបស់លោកមកឈ្វេងយល់ពីគម្រោងទាំងនោះ គឺដើម្បីបានជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តិការនៅលើគម្រោងជាច្រើនបន្ថែមទៀត ដោយអនុវត្តទៅតាមការណែនាំពីអ្នកស្រីអធិការបតី Angela Merkel ដែលកន្លងមកអ្នកស្រី តែងតែគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។
ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«លោក Nobert BARTHLE បានជម្រាបជូនសម្តេចថា លោកបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា ហើយសង្កេតឃើញមានការវិនិយោគជាច្រើន នៅក្នុងនោះ លោកក៏មានការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើនពីអាល្លឺម៉ង់ឲ្យមកកម្ពុជាផងដែរ។ ក្រោមការដឹកនាំរបស់សម្ដេចនាយកមន្ត្រី គឺបាននាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដែលបានធ្វើឲ្យសេដ្ឋកិច្ចរឹងមាំ មានស្ថិរភាព និងសន្តិភាព។ លោក ក៏បានជម្រាបជូនសម្ដេចផងដែរថា កន្លងមក គឺមានអ្នកវិនិយោគិនអាល្លឺម៉ង់ជាច្រើនបានចាប់អារម្មណ៍មកវិនិយោគនៅប្រទេសកម្ពុជា»។
សម្ដេច ហ៊ុន សែន អរគុណលោក Nobert BARTHLE ចំពោះការវាយតម្លៃនេះ។ នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់លោក Nobert BARTHLE ថា ទោះបីជាពេលនេះកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយ ហើយក្នុងនោះកម្ពុជាបានដាក់ចេញនូវការងារអាទិភាពមួយចំនួន ដើម្បីដោះស្រាយបញ្ហាទាំងនោះ រួមមាន ការអភិវឌ្ឍធនធានមនុស្ស បញ្ហាទឹកស្រោចស្រប់ បញ្ហាទូរគមនាគមន៍ គមនាគមន៍ និងបញ្ហាអគ្គិសនី។
លោក Nobert BARTHLE ឆ្លើយតបថា ប្រទេសអាល្លឺម៉ង់ គឺគាំទ្រនិងបន្តសហការជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាជានិច្ច ក្នុងការជួយដល់កម្ពុជា ដូចជាការជួយលើវិស័យកសិកម្ម អគ្គិសនី ការប្រើប្រាស់ផ្ទាំងសូឡា ប្រព័ន្ធស្រោចស្រពទឹក និងជំរុញការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ៕
Tag:
អាល្លឺម៉ង់
កម្ពុជា
ហ៊ុន សែន
Nobert BARTHLE
© រក្សាសិទ្ធិដោយ thmeythmey.com