អន្តរជាតិ
វៀតណាម នឹង​បំពាក់​កាមេរ៉ា​ឃ្លាំមើល​អ្នក​ល្មើសច្បាប់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​
26, Feb 2019 , 11:09 am        
រូបភាព
ដោយ:
​វៀតណាម នឹង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​ឃ្លាំមើល​ការ​ល្មើសច្បាប់​ចរាច​ណ៍ នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ត្រឹម​ឆ្នាំ​២០២០ និង​នៅ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២២​។ នេះ​គឺជា​ចំណាត់ការ​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​ចេញ​កាលពី​ថ្មីៗ​នេះ ក្នុង​គោលដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

 
​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បានស្នើ​ឲ្យ​ក្រសួង​សន្តិសុខ​សាធារណៈ​រៀបចំ​គម្រោង ដំឡើង​កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍​ដើម្បី​ភ្ចា​ប់​និង​ចែករំលែក​ទិន្នន័យ​ពី​កាមេរ៉ា​សុវត្ថិភាព​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ។ 
 
​បន្ថែម​ពី​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ គម្រោង​ថ្មី​នេះ ក៏មាន​គោលដៅ​បង្កើត​ទីតាំង​ផ្ទុក​ទិន្នន័យ​ថ្នាក់ជាតិ​មួយ​លើ​ការ​ល្មើសច្បាប់​និង​គ្រោះថ្នាក់​ចរាចរណ៍​នា​ឆ្នាំ​២០២០ និង​ចែករំលែក​ព័ត៌មាន​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​វៀតណាម​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​វៀតណាម បញ្ជាក់ទៀតថា បច្ចេកវិទ្យា​ទំនើប​ត្រូវតែ​យកទៅ​ប្រើប្រាស់ ដើម្បី​ត្រួតពិនិត្យ​លើ​ការ​ល្មើសច្បាប់​ចរាចរណ៍ និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សាធារណៈ​។ រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ដឹកជញ្ជូន​វៀតណាម​សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​បង្ក្រាប​តំបន់​ឧស្សាហ៍​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ ជាពិសេស​លើផ្លូវ​ល្បឿន​លឿន និង​លុបបំបាត់​ការឆ្លងកាត់​ដោយ​ខុសច្បាប់​លើផ្លូវ​រថភ្លើង​។ 
 
​បើតាម Vietnam News កាលពី​ឆ្នាំមុន អាជ្ញាធរ​ទីក្រុង​ហូជីមិញ​បានរៀបចំ​គម្រោង​បំពាក់​កាមេរ៉ា ប្រមាណ ១០០​គ្រឿង​ដើម្បី​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​។ ហើយ​វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ទីក្រុង​នេះ ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ​ត្រឹម​ឆ្នាំ​២០២០៕

Tag:
 វៀតណាម​
  សង្គម​អន្តរជាតិ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com