ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
បទ​សម្ភាស​៖ «​សហគ្រិន​ផលិត​អំបិល​ធម្មជាតិ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការផលិត​អំបិល​ក្នុងឆ្នាំនេះ​»
26, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​រាជធានី​ភ្នំពេញ ​​៖ សហគ្រិន​ស្ត្រី​ឆ្នើម កញ្ញា​ថូ​ង ធីតា នៃ​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ ក្នុង​ខេត្តកំពត ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍​(Thaung Enterprise) និង​ម្ចាស់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា កាលពី​ឆ្នាំ​២០១៨ មាន​សុទិដ្ឋិនិយម​ថា​អាច​នឹង​ប្រមូល​ផល​អំបិល​បាន​ច្រើន​នៅក្នុង​ឆ្នាំ ២០១៩ នេះ​ដោយសារ​អាកាសធាតុ​ហាក់ដូចជា​អំណោយផល​ខ្លាំង​ជាង​ឆ្នាំទៅ​មិញ​។  សហគ្រិន​ផលិត​អំបិល​ធម្មជាតិ​ឆ្នើម​រូបនេះ​បានផ្តល់​កិច្ចសម្ភាសន៍​ផ្ទាល់​ជាមួយ VOA ពិភាក្សា​លម្អិត​ពី​ផលិតផល​អំបិល​ធម្មជាតិ​របស់​ក​ម្ពុ​ជា និង​ការ​ប្រឈម​របស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅក្នុង​ខេត្តកំពត​។​



 
VOA៖ ចា៎ សូម​ជម្រាបសួរ​កញ្ញា ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ​នៅ​ខេត្តកំពត​ដែលមាន​ឈ្មោះថា ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍​(Thaung Enterprise)​។ ចា៎ អ៊ីចឹង​កញ្ញា អាចជួយ​រៀបរាប់​ត្រួសៗ​បានទេ​អំពី​សហគ្រាស​ផលិត​អំបិល​របស់​កញ្ញា ហើយ​ជា​រៀងរាល់ខែ​តើ​សហគ្រាស​អាច​ផលិត​អំបិល​ដាក់លក់​នៅ​ទីផ្សារ​បាន​ប៉ុន្មាន​?
 
​ថូ​ង ធីតា​៖ ចា៎ អរគុណ​មែន​ទេ​។ ជាក់ស្តែង​សហគ្រាស ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍ របស់​នាង​ខ្ញុំ​គឺ​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៦ ដែល​បើ​គិត​ទៅមក​ពេល​បច្ចុប្បន្ននេះ​វា​គិត​ទៅ​ប្រហែល​ពីរ​ឆ្នាំ​ហើយ ដែល​សហគ្រាស​របស់​នា​ង​ខ្ញុំ​ហ្នឹង​គឺ​ផ្តើមចេញពី​កា​រប​ម្លែ​ង​ខ្លួន ចេញពី​គេ​ហៅថា​អាជីវកម្ម​បែប​គ្រួសារ មក​ធ្វើជា​សហគ្រាស​មួយ​គេ​ហៅថា​សហគ្រាស​ធុន​តូច និង​មធ្យម​មួយ​ក្នុង​ការផលិត​អំបិល​មួយ​ដែល​ប្រកបដោយ​អនាម័យ​និង​ស្តង់ដារ​មួយ​ដែល​យើង​ធ្វើការ​ប្រកួតប្រជែង​ទាំង​ទីផ្សារ​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ ហើយ​សម្រាប់​ការផលិត​របស់ ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍គឺ​យើង​ផលិត​នូវ​អំបិល​មួយ ដោយ​យើង​យក​ការផលិត​អំបិល​បែប​ធម្មជាតិ​មក​ធ្វើ​ការច្នៃ មានន័យថា​មក​លាង​សម្អាត មក​ធ្វើការ​រើស​សម្អាត មក​ធ្វើការ​វេច​ខ្ចប់​មួយ​ដែលមាន​អនាម័យ​និង​ស្តង់ដារ​មួយ​សម្រាប់​ការផ្គត់ផ្គង់​នៅ​ថ្នាក់ជាតិ​និង​អន្តរជាតិ​។​
 
​ជាទូទៅ សម្រាប់​ជា​មធ្យម​យើង​អាច​ផលិត​នូវ​អំបិល​ក្រួស​ប្រហែលជា​បាន​ពី​៣​ពាន់​តោន​ទៅ​ប្រាំ​ពាន់​តោន​ក្នុង​មួយឆ្នាំ ដោយសារតែ​យើង​មាន​ស្រែអំបិល​ផ្ទាល់ខ្លួន​យើង​ហើយក៏​យើង​ធ្វើការ​ជាមួយ​កសិករ​នៅ​ជុំវិញខ្លួន​ហ្នឹង​ផងដែរ​។ ហើយ​ការធ្វើ​អាជីវកម្ម​នេះ​យើង​ចាប់ផ្តើម Project (​គម្រោង​) ដំបូង​គឺ​យើង​ធ្វើការ​ចាប់ផ្តើម​នៅ​តំបន់​មណ្ឌល​ត្រើយ​កោះ​ដែលជា​តំបន់​ផលិត​អំបិល​ល្អ​ជាងគេ​នៅក្នុង​រវាង​ខេត្តកំពត​និង​កែប​យើង​ផងដែរ​។​
 
VOA៖ រវាង​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨​តើ​វា​មានការ​កើនឡើង​ឬក៏​ថយចុះ​?
 
​ថូ​ង ធីតា​៖ ការផលិត​អំបិល​នៅក្នុង​ឆ្នាំ​២០១៧ និង​២០១៨ នេះ​គឺ​យើង​ឃើញ​មានការ​ប្រែប្រួល​បន្តិច​ដោ​យ​សារ​តែ​ឆ្នាំ​២០១៧ គឺ​យើង​ធ្វើ​ផលិត​បាន​ច្រើន​ទៅតាម​ទំហំ​ដីស្រែ​ក៏ដូចជា​លទ្ធភាព​ដែល​យើង​ផលិត​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​សម្រាប់​២០១៨ នេះ​វា​មាន​បញ្ហា​មួយចំនួន​ដោយសារ អាកាសធាតុ​ប្រែប្រួល វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​សម្រាប់​ឆ្នាំ​២០១៨​ទាំងមូល​តែម្តង​។ និយាយ​ទៅដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាកសិករ​យើង​ជាពិសេស​ខាង ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍ ក៏​ពិបាក​ផលិត​នូវ​អំបិល​ធម្មជាតិ​ដែរ​។ ប៉ុន្តែ​យើង​នៅមាន​ស្តុក​មួយចំនួន​ពី​ឆ្នាំ​២០១៧ ដែល​យើង​អាចធ្វើ​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​បាន​។​
 
VOA៖ អ៊ីចឹង សម្រាប់​ឆ្នាំ​២០១៩ នេះ​តើក​ញ្ញា​មាន​ដំណោះស្រាយ​យ៉ាងណា​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​?
 
​ថូ​ង ធីតា​៖ ចា៎ ការពិត​ដោយសារ​ការចាប់ផ្តើម​ឆ្នាំ​២០១៩ នេះ​យើង​ធ្វើការ​ផលិត​ហើយ​តាំងពី​ខែ​០៩​ខែ​១០ ហើយ​ខែ​ដែល​យើង​អាច​ប្រមូល​ផល​បាន​គឺ​ចាប់ផ្តើម​ពី​ខែ​០១​នេះ​ទៅ ទៅដល់​ខែ​០៤ ហើយ​ឥឡូវនេះ​យើង​ឃើញ​អាកាសធាតុ​ដូចជា​អំណោយផល មានន័យថា​សង្ឃឹមថា​យើង​នឹង​អាច​ប្រមូលបាន​ទៅតាម​ទំហំ​ឬក៏ ទៅតាម​ចំនួន​ដែល​យើង​កំណត់ថា​តើ​ឆ្នាំនេះ​យើង​នឹង​ផលិត​បាន​ប៉ុន្មាន​តោន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​ផងដែរ​សម្រាប់​សហគ្រាស ថូ​ង អ៊ី​ន​ធឺ​ប្រៃ​ស៏​របស់​យើង​។​
 
VOA៖ តើ​អំបិល​ធម្មជាតិ​និង​អំបិល​ឧស្សាហកម្ម​ហ្នឹង​វា​មាន​ភាពខុសគ្នា​យ៉ាងណាខ្លះ​?
 
​ថូ​ង ធីតា​៖ វា​ខុសប្លែក​ជាមួយនឹង​អំបិល​គេ​ហៅថា​អំបិល​រោងចក្រ ឬ​អំបិល​កែច្នៃ ដោយសារ​អំបិល​ធម្មជាតិ​របស់​យើង​ទាំងអស់​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​មែនទែន​រហូតដល់​៨០​មុខ​ជាង ដែល​សារធាតុចិញ្ចឹម​ទាំងអស់​គឺ​ផ្តល់​សារសំខាន់​មែនទែន​សម្រាប់​សារពាង្គកាយ​ក៏ដូចជា​កោសិកា​ផ្សេងៗ​ដែល​សារពាង្គកាយ​របស់​យើង​ត្រូវការ​ចាំបាច់​ជាប្រចាំ​។ ហើយ​ដោយសារតែ​ទីតាំង​ភូមិសាស្ត្រ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​អំបិល​របស់​យើង​វា​ផ្ទុក​នៅ​សារធាតុចិញ្ចឹម​ហ្នឹង​ខ្ពស់ ដែល​យើង​អាច​ថា​ជា​ប្រភេទ​អំបិល​សមុទ្រ​ដែល​ល្អ ហើយ​យើង​សង្ឃឹមថា​នៅ​ឆ្នាំនេះ​ក្រសួងពាណិជ្ជកម្ម​ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​គេ​ចាប់ផ្តើម​នូវ​គម្រោង​មួយ​ដែល​គេ​ហៅថា​គម្រោង GI(Geographical Identification Protection) ដូចនឹង​ម្រេច​កំពត​យើង​អ៊ីចឹង ហើយ​យើង​សង្ឃឹមថា​ឆ្នាំនេះ យើង​នឹង​ចាប់ផ្តើម​គម្រោង​ហ្នឹង​ឆាប់ៗ​។​
 
​ហើយ​ក្រឡេក​ទៅទាក់ទង​នឹង​អំបិល​រោងចក្រ​ឬក៏​អំបិល​កែច្នៃ ជាទូទៅ​យើង​ដឹង​ហើយ​ថា​នៅលើ​ពិភពលោក​យើង ៩០​ភាគរយ​ហើយ​ដែលជា​អំបិល​ឧស្សាហកម្ម​ហើយ​មានតែ​ខ្ទង់​ចន្លោះ​ពី​៨​ភាគរយ​ទៅ​១០​ភាគរយ​ទេ​ដែល​យើង​ផលិត​អំបិល​សមុទ្រ​បាន​។ អ៊ីចឹង​អ្វី​ទៅជា​អំបិល​ឧស្សាហកម្ម​? អំបិល​ឧស្សាហកម្ម ជា​អំបិល​ដែល​គេ​បូម​ទឹករ៉ែ​ពីក្រោម​ដី​មក គេ​ដាក់​ចូលក្នុង​ម៉ាស៊ីន​របស់គេ គេ​ដាក់​សារធាតុ​ញែក​ទាំងអស់ គេ​យកតែ​ពួក​សូ​ដ្យូ​ម​ហើយនឹង​ក្ល័​រ​ទេ អ៊ីចឹង​គេ​យក​ចំនួន​សូ​ដ្យូ​ម​ហើយនឹង​ក្ល័​រ​ហ្នឹង​រហូតដល់​៩៩.៩៩​ភាគរយ​ទៅតាម​ស្តង់ដារ​កូ​ដិ​ច​របស់គេ ដែល​ធ្វើ​ឲ្យ​អំបិល​ហ្នឹង​គឺ​ប្រៃ​ខ្លាំង​មែនទែន​។ អ៊ីចឹង​ហើយ​បាន​ប្រជាជន​យើង​មួយចំនួន គាត់​ចេះតែ​ឆ្ងល់​ថា​ហេតុអ្វី​គាត់​ទិញ​អំបិល​មួយចំនួន​គឺ​ប្រៃ​ខ្លាំង​មែនទែន​។ ចា៎ អាហ្នឹង​គឺ​ដោយសារតែ​កម្រិត​នៃ​សារធាតុ​សូ​ដ្យូ​ម​ហើយនឹង​ក្ល័​រ​ហ្នឹង​គឺ​កម្រិត​ដែល​ខ្ពស់ ហើយ​នៅពេលដែល​បានជា​អំបិល​ហ្នឹង​មក គឹ​នឹងដាក់​ជាមួយ​សារធាតុ​មួយចំនួន​ឲ្យ​វាសរ ឲ្យ​វា​ស្ងួត​ហុយ​អត់​មាន​សំណើម​ដែល​ប្រភេទ​ទាំងអស់នេះ​វា​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​យើង​ផងដែរ​។ អាហ្នឹង​វា​ជា​ភាពខុសប្លែក​គ្នា​រវាង​អំបិល​សមុទ្រ​និង​អំបិល​រោងចក្រ​។​
 
VOA៖ តើ​អ្វី​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​សហគ្រាស​ផលិត​អំបិល ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍​(Thaung Enterprise) នៅ​ខេត្តកំពត​នេះ​?
 
​ថូ​ង ធីតា​៖ ចា៎ អរគុណ​មែនទែន​សម្រាប់​សំណួរ​នេះ​ពីព្រោះថា​នៅពេលដែល​យើង​ក្រលេកមើល​ឃើញជាក់ស្តែង​។ បញ្ហា​ប្រឈម​គឺ​នៅតែមាន​ជានិច្ច​។ បញ្ហា​ប្រឈម​គឺ​ដោយសារតែ​យើង​ជា​អ្នក​ផលិត​អំបិល​ធម្មជាតិ​គេ​ហៅថា​អំបិល​សមុទ្រ​មិនមែនជា​អំបិល​រោងចក្រ ពីព្រោះ​អំបិល​រោងចក្រ​ទោះជា​មាន​អាកាសធាតុ​ប្រែប្រួល​យ៉ាងម៉េច​ក៏​អត់​មាន​បញ្ហា​សម្រាប់​គេ​ដែរ​។ ប៉ុន្តែ​សម្រាប់​អំបិល​ធម្មជាតិ​ឬក៏​អំបិល​សមុទ្រ​ហ្នឹង​គឺ​យើង​ភាគច្រើន​ពឹងផ្អែក​ទៅលើ​អាកាសធាតុ​។ បើ​អាកាសធាតុ​ប្រែប្រួល​ឬក៏​មាន​បញ្ហា​ច្រើន​ដូចជា​ភ្លៀង​ច្រើន​គឺ​យើង​ផលិត​អត់​បាន​។ ប៉ុន្តែ​យើង​អត់​អាច​ប្រៀបធៀប​បាន​ថា​ហេតុអ្វី​យើង​មិន​ព្រម​មាន​វិធីសាស្ត្រ​អី​ផ្សេងៗ​ដើម្បី​ធ្វើការ​ផលិត​អំបិល​ធម្មជាតិ​ហ្នឹង យើង​កំពុង​ស្វែងរក​ការផលិត គេ​ហៅថា​បច្ចេកវិទ្យា​មួយចំនួន​ធ្វើយ៉ាងណា​ដើម្បី​ផលិត​អំបិល​ធម្មជាតិ​ពីព្រោះ​បច្ចេកទេស​ភាគច្រើន​គឺ​ផ្តោតទៅលើ​ការផលិត​អំបិល​ឧស្សាហកម្ម​។​
 
​ហើយ​បញ្ហា​ទី​ពីរ​នោះ​គឺ​បញ្ហា​នៃ​ការផលិត​អំបិល​ធម្មជាតិ​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​អំបិល​ឧស្សាហកម្ម​ឬ​អំបិល​នាំចូល​មួយចំនួន​។ បញ្ហា​ដែល​យើង​ជួប​ធំ​បំផុត​គឺ​បញ្ហា​គេ​ហៅថា Unfair Competition(​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​) ដែលមាន​ការនាំ​ចូល​នូវ​អំបិល​មួយចំនួន​ដែល​ខុសច្បាប់​ឬ​យ៉ាងណា​គឺ​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ទៅលើ​តម្លៃ​ទីផ្សារ​នៃ​អំបិល​។ ពីព្រោះ​យើង​ដឹងថា​អំបិល​ឧស្សាហកម្ម​ឬក៏​ការនាំ​ចូល​មួយ​នៅ​ការ​វេច​ខ្ចប់​មួយ​ដែល​បន្លំ​ជា​អំបិល​ក្នុងស្រុក​ឬក៏​អំបិល​ធម្មជាតិ ហើយ​លក់​នៅក្នុង​តម្លៃ​មួយ​ដែល​ថោក​ដែល​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួន​ដែល​គាត់​អត់​ទាន់​បាន​យល់ដឹង​ពី​បញ្ហា​ទាំងអស់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​តម្លៃនៅលើទីផ្សារ​ផងដែរ​។ ដូច​ខ្ញុំ​បាន​ជម្រាបជូន​ខាងលើ​ហ្នឹង​អ៊ីចឹង នៅពេលដែល​តម្លៃ​ទាប​ខ្លាំងពេក ហើយ​ការផលិត​របស់​យើង​នៅក្នុង​ស្រុក​មានតម្លៃ​ខ្ពស់ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​នៅក្នុង​ស្រុក ក៏ដូចជា​ប្រជាកសិករ​របស់​យើង​ដែល​គាត់​ខំប្រឹងប្រែង​ទាំង​ញើស​ទាំង​ឈាម​របស់គាត់​ក្នុង​ការផលិត​អំបិល​ធម្មជាតិ អំបិល​ដែលមាន​គុណភាព​ដល់​ប្រជាពលរដ្ឋ​របស់​យើង​។​
 
VOA៖ តើ​កញ្ញា​គិតថា​ស្ថាប័ន​ពាក់ព័ន្ធ ឬក៏​ក្រសួង​ផ្សេងៗ​អាចជួយ​អ្វីខ្លះ​ដើម្បី​ជួយ​គាំទ្រ​និង​ជំរុញ​សហគ្រាស​ផលិត​អំបិល​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន​?
 
​ថូ​ង ធីតា​៖ ចា៎ អរគុណ​មែនទែន សម្រាប់​សំណួរ​នេះ​។ ការពិតទៅ​នាង​ខ្ញុំ​ក៏​ចង់​សំណូមពរ​ទៅដល់​ក្រសួង​ផ្សេងៗ ក៏ដូចជា​រដ្ឋាភិបាល​ដែល​ធ្វើយ៉ាងណា​ឲ្យ​គាត់​មាន​គោលនយោបាយ​មួយ​លើកទឹកចិត្ត​ឬក៏​ជំរុញ​ឲ្យ​ប្រជាកសិករ​របស់​យើង​ក្នុង​ការផលិត​អំបិល​ធម្មជាតិ​នៅក្នុង​ខេត្តកំពត​ឲ្យ​គាត់​មាន​ទឹកចិត្ត​និង​មានការ​ជ្រោមជ្រែង​ច្រើន​ពី​សំណាក់​រដ្ឋាភិបាល​។ អ្វីដែល​នាង​ខ្ញុំ​អាច​លើក​បាន​គឺ​ប្រជាកសិករ​យើង​មួយចំនួន ពេលខ្លះ​គាត់​ត្រូវការ​ដើមទុន​ក្នុង​ការផលិត​អំបិល​ធម្មជាតិ​។ អ៊ីចឹង​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​គាត់​នឹងមាន​គោលនយោបាយ​មួយ​ក្នុងការ​បង្កើត​ធនាគារ​សហគ្រាស​ធន​តូច​និង​មធ្យម ធ្វើយ៉ាងណា​ជួយ​ជំរុញ​ជួយ​លើកទឹកចិត្ត SME ក្នុងប្រទេស​កម្ពុជា​យើង​ឲ្យ​មាន​ការផលិត មាន​កម្ចី​ដើមទុន​ក្នុង​ផលិត​នូវ​ផលិតផល​របស់ខ្លួន​។​
 
​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​ឃើញ​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ការផលិត​អំបិល​ដែល​ខ្វះ​អនាម័យ​ដែល​គ្មាន​ស្តង់ដារ​មួយ​។ អ៊ីចឹង​ចំណុច​នេះដែរ ខ្ញុំ​សូម​ធ្វើការ​សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​ធ្វើយ៉ាងណា​ត្រួតពិនិត្យ​ទៅលើ​គុណភាព​ក៏ដូចជា​ស្តង់ដារ​នៃ​ការផ្គត់ផ្គង់​អំបិល​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ​។ ពីព្រោះថា​បើសិនជា​គាត់​គ្មាន​ច្បាប់ អនុញ្ញាត​ត្រឹមត្រូវ គាត់​ផលិត​នូវ​អ្វីដែល​ខ្វះ​អនាម័យ​ស្តង់ដារ អាហ្នឹង​គឺជា​ចំណែក​មួយ​ក្នុង​ការផ្តល់​ផល​អវិជ្ជមាន​ជាច្រើន​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង​ផងដែរ​។​
 
​ចំណុច​បន្ថែមទៀត​នោះ​គឺ​ទាក់ទង​នឹង​គោលនយោបាយ ក៏ដូចជា​ចំណុច​មួយចំនួន​ដែល​រដ្ឋាភិបាល​គាត់​នឹង​គិតគូរ​ទៅលើ​ភាព​ប៉ះពាល់​របស់​ការ​នាំចូល​ខុសច្បាប់​ផ្សេងៗ​របស់​អំបិល​ដែល​នាំចូល​ពី​ខាងក្រៅ​មក​ដែល​វា​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឲ្យ​ប្រជាកសិករ​យើង​កាត់បន្ថយ​នូវ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ជាច្រើន​ផងដែរ​។​
 
​ហើយ​នាង​ខ្ញុំ​សង្ឃឹមថា​អំបិល​ធម្មជាតិ​គឺជា​ផលិតផល​សក្តានុពល​ទី​បួន​ក្នុងការ​ដាក់បញ្ចូល​នៅក្នុង​គម្រោង GI​យើង​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​អន្តរជាតិ​ផងដែរ​។​
 
VOA៖ មួយវិញទៀត តើ​កញ្ញា​គិតថា​ការ​នាំចូល​អំបិល​រាប់ម៉ឺន​តោន វា​អាចជា​ដំណោះស្រាយ​មួយ​ទេ​ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​?
 
​ថូ​ង ធីតា​៖ ចា៎ សម្រាប់​ការនាំ​ចូល​អំបិល​ច្រើន​ម៉ឺន​តោន​នេះ​ជាការ​ពិត​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែលជា​បញ្ហា​ប្រឈម​នៅខាងមុខ​ហ្នឹង ខ្ញុំ​គិតថា​វា​ជា​ចំណុច​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា ក្នុងការ​នាំចូល​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​។ ប៉ុន្តែ​បើសិន​ជាការ​នាំចូល​មួយ​ដែល​លើសលុប​វា​នឹង​ផ្តល់​ផលប៉ះពាល់​ជាច្រើន​ដូច​ខ្ញុំ​បាន​ជម្រាបជូន​ខាងលើ​អ៊ីចឹង​ថា​ក្នុងការ​នាំចូល​មកវា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ផ្សារ​ក្នុងស្រុក​ក៏ដូចជា​អ្នក​ផលិត​ក្នុងស្រុក​ផងដែរ​។ ខ្ញុំ​អាច​និយាយបានថា​ជាមួយនឹង​តម្លៃ​ផ្ទាល់ ជាមួយនឹង​ការប៉ះពាល់ ទឹកចិត្ត​ផ្ទាល់ ធ្វើ​ឲ្យ​អ្នក​ផលិត​យើង​ការបាក់​ទឹកចិត្ត​ផងដែរ​។​
 
VOA៖ អ៊ីចឹង​តើក​ញ្ញា​គិតថា​ការផលិត​អំបិល​នៅក្នុង​ស្រុក​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​អស់​ឬទេ​?
 
​ថូ​ង ធីតា​៖ ចា៎​ជាការ​ពិត បើសិនជា​អាកាសធាតុ​ល្អ​ក្នុងប្រទេស​កម្ពុជា​យើង គឺ​យើង​ផលិត​បាន​ច្រើន​ហើយ​យើង​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ខ្ញុំ​គិតថា​យើង​នូវ ខ្វះ​ការផ្គត់ផ្គង់​មួយចំនួន​ប៉ុន្មាន​ខែ​ចុងក្រោយ​។ អាហ្នឹង​គឺជា​អ្វី​ទទួល​ព័ត៌មាន​ពី​ខាង​សហគមន៍​។ សម្រាប់​សហគ្រាស ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍​(Thaung Enterprise) នាង​ខ្ញុំ​សង្ឃឹមថា​យើង​នឹងធ្វើ​ការសហការ​ផលិត​ឲ្យ​បាន​ច្រើន និង​សហការ​ជាមួយ​ប្រជាកសិករ​យើង​ឲ្យ​ច្រើន​ក្នុង​ការផលិត​បន្ថែមទៀត​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

VOA៖ សំណួរ​ចុងក្រោយ គឺ​តើក​ញ្ញា​មានមតិ​ផ្តាំផ្ញើរ​អី​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា​?
 
​ថូ​ង ធីតា​៖ សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​មិន​ថា​អ្នកណា​ទេ ដូច​ខ្ញុំ​បាន​ជម្រាបជូន​អ៊ីចឹង​ថា សហគ្រាស​ថូ​ង អ៊ិន​ធឺ​ប្រៃ​ស៍​(Thaung Enterprise) គឺ​ភាគច្រើន​ចក្ខុវិស័យ​របស់់​យើង​គឺ​យើង​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ទាំង​អ្នកតាក់តែង​ច្បាប់ អ្នកប្រើប្រាស់ ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ឬក៏​ម្ចាស់​ភោជនីយដ្ឋាន ឬក៏​ម្ចាស់​អាជីវកម្ម​ផ្សេង គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​យល់​នឹង​ឲ្យ​តម្លៃ​ទៅលើ​អំបិល​ធម្មជាតិ​នៅក្នុង​ខេត្តកំពត​។ ថា​តើ​អំបិល​នៅក្នុង​ខេត្តកំពត​របស់​យើង​នឹងមាន​គុណភាព​យ៉ាងណា​ផ្តល់​ផលប្រយោជន៍​យ៉ាងណាខ្លះ​ដល់​សុខភាព​របស់​ពួកគាត់​។ ហើយ​ជាពិសេស​នោះ​គឺ​នាំគ្នា​ជួយ គាំទ្រ​ផលិតផល​ក្នុងស្រុក​របស់​យើង ពីព្រោះ​បើ​យើងទាំងអស់គ្នា​អត់​ជួយ​គាំទ្រ​(support) ទេ​យើង​ក៏​អត់​ដឹងថា​អ្នកណា​គេ​មក​គាំទ្រ (support) ផលិតផល​ក្នុងស្រុក​របស់​យើង​ដែរ​។ ទាល់តែ​ប្រជាពលរដ្ឋ​របស់​យើង​ផ្ទាល់​ក្នុង​ការជួយជ្រោមជ្រែង​គាំទ្រ (support) ទាំងអស់គ្នា​។ ហើយ​ក្នុង​ហ្នឹង​ដែរ យើង​អាច​និយាយបានថា​ឲ្យ​គាត់​យល់ ថា​តើ​ភាពខុសប្លែក​គ្នា​រវាង​អំបិល​សមុទ្រ​ហើយ​និង​អំបិល​ឧស្សាហកម្ម​តើ​វា​ផ្តល់​ផល​វិជ្ជមាន​និង​ផល​អវិជ្ជមាន​យ៉ាងណាខ្លះ​ដល់​សុខភាព​របស់គាត់​ផងដែរ​។​
 
VOA៖ សូម​អរគុណ​ច្រើន​កញ្ញា ថូ​ង ធីតា ម្ចាស់​សហគ្រាស​ផលិត​អំបិល​ធម្មជាតិ ថូ​ង​អ៊ី​ន​ធឺ​ប្រៃ​ស៍​។​

© រក្សាសិទ្ធិដោយ thmeythmey.com