ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ស្បែក​នឹង​ប្រែជា​ភ្លឺរលោង​ស្រស់ស្អាត ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ធម្មតាៗ​ទាំងនេះ​
26, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​មនុស្ស​ខ្លះ​មាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត​? មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើឱ្យ​ស្បែក​មាន​សភាព​បែបនេះ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​ការ​ទទួលទាន​អាហារ​ត្រឹមត្រូវ​។


 
​អ្វីដែល​យើង​ទទួលទាន​ជះឥទ្ធិពល​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង រួមទាំង​សម្រស់​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​ចង់​ទទួលបាន​ស្បែក​ភ្លឺរលោង​ស្រស់ស្អាត អ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​នូវ​សុខភាព​ស្បែក​ល្អប្រសើរ​ស្រស់ស្អាត​ភ្លឺរលោង ៖
 
១. ការ៉ុត 
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កម្ចាត់​មុន និង​ការ​រលា​កលើ​ស្បែក​ផងដែរ​។ វីតាមីន A ឬ beta-carotene កាត់បន្ថយ​ការផលិត​ហួស​កម្រិត​នៃ​កោសិកា​ស្បែក​ក្នុង​ស្រទាប់​ខាងក្រៅ​នៃ​ស្បែក​។ ហើយ​វា​ក៏​ជួយ​កាត់បន្ថយ​ការប្រមូលផ្ដុំ​នៃ​កោសិកា​ស្បែក​ងាប់ៗ​ដែល​អាច​បង្ក​ការរាំងស្ទះ​ដល់​រន្ធ​ញើស​ផងដែរ​។​
 
២. ម្ទេស​ប្លោក
 
​អាហារ​ផ្សេងទៀត​ដែល​នឹង​ជួយ​ឱ្យ​អ្នកទទួលបាន​នូវ​ស្បែក​ភ្លឺរលោង​បែប​ធម្មជាតិ​នោះ គឺ​ម្ទេសផ្លោក​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A ដែល​ជួយ​កម្ចាត់​ស្នាម​ជាំខ្មៅ និង​មុន ហើយ​រក្សា​ភាព​ភ្លឺរលោង​នៃ​ស្បែក​។​
 
៣. ត្រី​សាល​ម៉ុ​ន​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។ ក្រៅពីនេះ​ត្រី​សាល​ម៉ុ​ន​ក៏មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សាបាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាមរយៈ​ការពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា នោះ​មានន័យថា អ្នក​កំពុងតែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​សម្រស់ ចូរ​ព្យាយាម​ទទួលទាន​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការបំបាត់​នូវ​ស្នាម​ជាំ ក៏ដូចជា​ភាព​ស្រអាប់​នៃ​ស្បែក និង​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល​ដែល​បង្កបញ្ហា​នៃ​ភាព​ចាស់​ជាង​វ័យ​។ មិន​ថា​អ្នកទទួល​ទាន​វា​នៅពេល​ព្រឹក ឬ​លាយ​ជាមួយ​អាហារ​ឡើយ ក៏​ទឹកខ្មេះ​ផ្លែ​ប៉ោម​នៅតែ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ល្អប្រសើរ​ចំពោះ​សុខភាព និង​ស្បែក​ដែរ​។​
 
៥. ផ្លែ​ព្រូន​
 
​ផ្លែ​ព្រូន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរ​សៃ​ដែល​ជួយ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ដូច្នេះ​អ្នកនឹង​ទទួលបាន​នូវ​សុខភាព​រាងកាយ​ល្អប្រសើរ រួមទាំង​ស្បែក​ទន់​ភ្លឺរលោង​ស្រស់ស្អាត​ជាក់​ជាមិនខាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com