កីឡាជាតិ
ជាតិ
AFC Cup៖ ណាហ្គា​វើ​ល​ប៉ះ Hanoi នា​ម៉ោង​៧​យប់​នេះ​នៅ​ក្រុង​ហាណូយ​
26, Feb 2019 , 2:05 pm        
រូបភាព
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ Hanoi FC របស់​វៀតណាម នា​ជំនួប​បើកឆាក​ពូ​ល F ពានរង្វាន់ AFC Cup 2019 នៅ​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន Hang Day Stadium​។ ក្នុង​ពូ​ល F នេះដែរ ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា​បើកទ្វារ​កីឡដ្ឋាន Thuwunna Stadium ស្វាគមន៍ Tampines Rovers របស់​សិង្ហ​បុរី នៅ​ម៉ោង​៤​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​។​

 
​ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ ណាហ្គា​វើ​ល ត្រូវការ​ឈ្នះ​ក្រុម​ជើង​ខ្លាំង Hanoi FC របស់​វៀតណាម​នា​ជំនួប​បើកឆាក​របស់ខ្លួន​នៅថ្ងៃនេះ  ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​សម្រាប់​អ្នកគាំទ្រ ក៏ដូចជា​បង្កើន​ឱកាស​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។ បើ​ណាហ្គា​វើ​លអាច​យកឈ្នះ Hanoi មែន​នោះ វា​ជា​ជោគជ័យ​មួយ​ដំណាក់កាល ព្រោះ​វា​ជាការ​ប្រកួត​ក្រៅ​ទឹកដី​។ 
​តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​យកឈ្នះ​នោះឡើយ ព្រោះ Hanoi FC ជា​ក្រុម​ខ្លាំង​មួយ​របស់​វៀតណាម និង​ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​៤​សម័យកាល​។ តែ​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​ឆ្នាំ​២០១៨​មួយ​នេះ ទើបតែ​ធ្លាក់​ចេញពី​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​លំដាប់​ទី​១​ប្រចាំ​ទ្វីបអាស៊ី AFC Championship League កាលពីពេល​ថ្មីៗ​។ បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​កន្លងមក​នោះទេ​។ 
 
​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី​នេះ ណាហ្គា​វើ​ល​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម Hanoi របស់​វៀតណាម​, Yangon United របស់​មី​យ៉ាន់​ម៉ា និង Tampines Rovers របស់​សិង្ហ​បុរី​។ ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ ដោយ​ក្រុម​នីមួយ​ជួប​ប្រកួត​គ្នា​ចំនួន​ពីរលើក​។ ពានរង្វាន់​នេះ គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២៥ កុម្ភៈ ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕ 
 

Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com