ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ស្នើឲ្យអាស៊ានរួមគ្នាលុបបំបាត់របាំងមិនមែនពន្ធគយ លោក ប៉ាន សូរស័ក្ដិ រដ្ឋន្រ្តីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យប្រទេសសមាជិកអាស៊ាន ត្រូវសហការគ្នាកាត់បន្ថយ ឬលុបបំបាត់របាំងមិនមែនពន្ធគយ ដើម្បីជំរុញកំណើនដោះដូរពាណិជ្ជកម្មរបស់តំបន់បន្ថែមទៀត។ ការថ្លែងរបស់លោក ប៉ាន សូរស័ក្ដិ ធ្វើឡើងក្នុងវេទិកាពិភាក្សាកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី៤ ដែលប្រព្រឹត្តទៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែកុម្ភៈនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា បានថ្លែងដូច្នេះថា«បើទោះបីជាមានការកាត់បន្ថយរបាំងមិនមែនពន្ធគយកន្លងមកក្ដី តែក៏នៅមានប្រទេសសមាជិកអាស៊ានមួយចំនួនត្រូវបានសង្កេតឃើញថាបានបន្តដាក់របាំងមិនមែនពន្ធគយដូចជា ភូតគាមអនាម័យ និងរបាំងបច្ចេកទេស (TBT) ដែលទាំងនេះរារាំងការធ្វើពាណិជ្ជកម្ម ជាពិសេសសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចដូចជា កម្ពុជា ឡាវ និងមីយ៉ានម៉ា»។
ដើម្បីពង្រីកកំណើនពាណិជ្ជកម្មក្នុងតំបន់ និងដៃគូរបស់អាស៊ាន ឲ្យកាន់តែមានទំហំធំ លោក ប៉ាន សូរស័ក្ដិ បានគូសបញ្ជាក់ថា គ្រប់បណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូ គួរយកចិត្តទុកដាក់ពង្រឹងកិច្ចសហការកាត់បន្ថយ ឬលប់បំបាត់របាំងមិនមែនពន្ធគយ ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម លំហូរព័ត៌មាន សុខដុមនីយកម្ម និងការទទួលស្គាល់កម្រិតស្ដង់ដារគ្នាទៅវិញទៅមក។
ការលើកឡើងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មខាងលើនេះ គឺស្របគ្នានឹងកង្វល់របស់វិស័យឯកជន ដែរ។ ផ្នែកឯកជន កន្លងមក ត្អូញត្អែរពីផលលំបាកពេលនាំចេញ ពិសេសផលិតកសិកម្មទៅកាន់ប្រទេសជិតខាង មានជាអាទិ៍ប្រទេស ក្នុងរដូវដែលប្រទេសគេផលិតបានដែរ។ អាជ្ញាធររបស់ប្រទេសថៃ លើកហេតុផលបច្ចេកទេសផ្សេងៗ ដែលធ្វើឲ្យខ្មែរមិនអាចនាំចេញផលិតផលខ្លួនទៅថៃបាន។
ជាមួយគ្នានេះលោក ប៉ាន សូរស័ក្ដិ អះអាងថាកម្ពុជាបានធ្វើកំណែទម្រង់លើកិច្ចសម្រួលពាណិជ្ជកម្មសំខាន់ៗជាច្រើនដូចជា យន្តការសម្រួលច្រកចេញចូលតែមួយ ការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាកសញ្ញាតាមអនឡាញ ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ CO តាមអនឡាញ ព្រមទាំងការសម្រួលនីតិវិធីបញ្ចេញទំនិញ និងកាប់បន្ថយថ្លៃចំណាយផ្សេងៗនៅច្រកព្រំដែន ជាដើម៕
Tag:
របាំងមិនមែនពន្ធគយ
លោក ប៉ាន សូរស័ក្ដិ
© រក្សាសិទ្ធិដោយ thmeythmey.com