ជាតិ
World Bank នឹង​អនុវត្ត​គម្រោង​បង្កើន​ភាព​ធន់​នឹង​អាកាសធាតុ នៅ​ខេត្តព្រៃវែង ស្វាយរៀង និង​តាកែវ​
26, Feb 2019 , 8:19 pm        
រូបភាព
លោកស្រី Anjali Acharya មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន ជួបពិភាក្សាការងារជាមួយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង​
លោកស្រី Anjali Acharya មន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន ជួបពិភាក្សាការងារជាមួយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង​
​ភ្នំពេញ​៖ ធានា​គារ​ពិភពលោក​(World Bank) នឹង​អនុវត្ត​គម្រោង​ស្ដីពី​ការបង្កើន​នូវ​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​ខេត្ត​ចំនួន​៣ ក្នុងប្រទេស​កម្ពុជា ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដើម្បី​ធានា​នូវ​និរន្តរភាព​លើ​តំបន់​អាង​ទន្លេមេគង្គ​ក្រោម​។  គម្រោង​អនុវត្ត​នេះ បានបង្ហាញ​ឡើង​ក្នុងជំនួប​រវាង​លោក ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​លោកស្រី Anjali Acharya មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​ពិភពលោក​ទទួល​បន្ទុក​បរិស្ថាន កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

 
​លោកស្រី Acharya បាន​និយាយថា World Bank បានចាប់ផ្តើម​អនុវត្ត​មួយ​ជំហាន​ហើយ នៅ​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​វៀតណាម ដែល​ជាប់​ជាមួយ​ព្រំដែន​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់  ៤០​លាន​ដុល្លារ ។ ស្រប​ពេលដែល​គម្រោង​ស្ដីពី​ការបង្កើន​នូវ​ភាព​ធន​និង​អាកាសធាតុ នឹងត្រូវ​អនុវត្ត​ក្នុងប្រទេស​កម្ពុជា​ដែរនោះ World Bank ត្រៀម​ផ្ដល់​ថវិកា​ដល់​កម្ពុជា ដូចនឹង​ប្រទេស​វៀតណាម​ដែរ ដោយ​បូក​បន្ថែមនឹង​តម្រូវការ​ជាក់ស្ដែង​មួយចំនួនទៀត ក្នុងពេល​អនុវត្ត​គម្រោង តាម​រូបមន្ត Demand Driven ។​
 
​មន្ត្រីជាន់ខ្ពស់​ធនាគារ​ពិភពលោក​រូបនេះ បាន​បញ្ជាក់ថា ការអនុវត្ត​គម្រោង​ខាងលើ គឺ​ក្នុង​បំណង​ចាប់យក​ទឹក​ពី​អាង​ទន្លេមេគង្គ​ក្រោម មកប្រើប្រាស់​ឲ្យ​បាន​សមស្រប​ប្រកបដោយ​ចីរភាព សមធម៌ និង​ប្រសិទ្ធភាព​ខ្ពស់ ក្នុងពេលដែល​ភពផែនដី កំពុង​ឡើងក​ម្ដៅ​កាន់តែខ្លាំង​ឡើងៗ ក្រោម​បាតុភូត Elnio ហើយ​វា​ជាការ​ផ្ដល់​អាទិភាព​មួយ សម្រាប់​បណ្តា​ខេត្ត​ដែល​នៅជាប់​នឹង​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៀតផង​។ បើតាម​លោកស្រី Acharya គម្រោង​បង្កើន​នូវ​ភាព​ធន់និង​អាកាសធាតុ នឹង​អនុវត្ត​នៅ​ខេត្តព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ ដែលជា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។​
 
​បច្ចុប្បន្ន​កម្ពុជា អាចមាន​លទ្ធភាព​ទាញយក​ទឹក​មកប្រើប្រាស់​ក្នុង​ខេត្តព្រៃវែង ស្វាយរៀង និង​តាកែវ តាមរយៈ​ប្រព័ន្ធធារាសាស្ត្រ ដូចជា​ប្រព័ន្ធធារាសាស្ត្រ​កី​ចក ,​ប្រព័ន្ធធារាសាស្ត្រ​វៃ​កូ ,​ប្រព័ន្ធធារាសាស្ត្រ​តា​ដុក​ព្រៃ​ញាតិ និង​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយ​លេខ​៩៨ ដែលជា​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ ក្នុងប្រទេស​។ នេះ​បើតាម​លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕

Tag:
 អាកាសធាតុ​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com