អន្តរជាតិ
អាមេរិកនិងក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ឯកភាពគ្នាបង្កើនសម្ពាធលើលោក ម៉ាឌុយរ៉ូ មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ហ័ន ក្វៃដូ និងអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នាជំនួបក្រុមប្រទេសលីម៉ានៅកូឡុំប៊ី (រូបភាព AFP)
× សហរដ្ឋអាមេរិក និងក្រុមប្រឆាំងវ៉េណេស៊ុយអេឡា នៅថ្ងៃទី២៥ ខែកុម្ភៈ បានឯកភាពគ្នាលើយុទ្ធសាស្ត្រដើម្បីដាក់សម្ពាធកាន់តែខ្លាំងថែមទៀតលើរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ ការឯកភាពគ្នានេះ ធ្វើឡើងនាជំនួបទល់មុខរវាងអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡាដែលតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្ន ហ័ន ក្វៃដូ នៅឯកូឡុំប៊ី។ លោក ផេន ក៏ពាំនាំការគាំទ្រឥតងាករេរបស់លោក ដូណាល់ ត្រាំ ទៅកាន់លោក ក្វៃដូ ដែរ។
ការប្រឹងប្រែងរបស់អាមេរិក និងក្រុមប្រឆាំងនៅវ៉េណេស៊ុយអេឡា នៅតែមិនទាន់អាចធ្វើអ្វីប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ បានដដែល។ ក្រុមប្រទេសតំបន់អាមេរិកឡាទីនដែលមិនទទួលស្គាល់រដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ បានជួបជុំគ្នានៅរដ្ឋធានីបូហ្គោតារបស់កូឡុំប៊ី ដើម្បីរកផ្លូវស្ដារប្រជាធិបតេយ្យក្នុងប្រទេសសម្បូរប្រេងនេះឡើងវិញ។
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន និងមេដឹកនាំប្រឆាំង ហ័ន ក្វៃដូ ដែលមានវត្តមានក្នុងជំនួបថ្ងៃទី២៥ ខែកុម្ភៈ ក៏បានជួបតទល់គ្នាដើម្បីជជែកពីផែនការដែលត្រូវធ្វើក្នុងការបណ្ដេញលោក ម៉ាឌុយរ៉ូ ចេញពីតំណែង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ផេន ក៏បញ្ជាក់ជាថ្មីពីជំហររបស់អាមេរិកដែលរក្សារាល់ជំហរទាំងអស់ដាក់លើតុរាប់ទាំងការប្រើប្រាស់យោធាដើម្បីដោះស្រាយបញ្ហាផង។ ជាងនេះទៅទៀត លោក ត្រាំ ក៏គាំទ្រលោក ក្វៃដូ មួយរយភាគរយដែរ។
ជំនួបនៅកូឡុំប៊ី ធ្វើឡើងបន្ទាប់ពីមនុស្សបួននាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតរងរបួសក្នុងការប៉ះទង្គិចរវាងក្រុមគាំទ្រលោក ក្វៃដូ និងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡានៅព្រំដែនរវាងវ៉េណេស៊ុយអេឡានិងប្រេស៊ីលនិងកូឡុំប៊ី។ ការប៉ះទង្គិចកើតឡើង ស្របពេលដែលវ៉េណេស៊ុយអេឡាបិទព្រំដែនដើម្បីរាំងខ្ទប់ការដឹកជញ្ជូនជំនួយមនុស្សធម៌របស់អាមេរិកសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡាដែលកំពុងស្រេកឃ្លានខ្លាំង។ លោក ក្វៃដូ ជាអ្នកស្នើសុំជំនួយនេះពីអាមេរិក។
ក្រុមប្រទេសលីម៉ាវិញ ក៏អះអាងថា ខ្លួននឹងស្នើឲ្យតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិប្រកាសដាក់សកម្មភាពរាំងផ្លូវជំនួយមនុស្សធម៌នេះ និងទង្វើហិង្សារបស់ររបបដឹកនាំលោក ម៉ាឌុយរ៉ូ លើជនជាតិឯង ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក ក្វៃដូ ដែលប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នតាំងពីថ្ងៃទី២៣ ខែមករាមក ព្រមានថា លោក ម៉ាឌុយរ៉ូ ជាការគំរាមកំហែងសម្រាប់ប្រទេសតំបន់អាមេរិកទាំងអស់។
ប្រធានាធិបតីកូឡុំប៊ី Ivan Duque វិញ បានអំពាវនាវឲ្យដាក់សម្ពាធដែលខ្លាំងជាងមុនលើមេដឹកនាំសង្គមនិយមនៅវ៉េណេស៊ុយអេឡា។ យ៉ាងណាមិញ ក្រុមប្រទេសលីម៉ា ទាត់ចោលបំណងប្រើប្រាស់យោធាដើម្បីគ្រាន់តែការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យឡើយ។ ខណៈវិបត្តិនយោបាយកាន់តែអូសបន្លាយនោះ ប្រជាជនវ៉េណេស៊ុយអេឡឯណោះ ក៏រងគ្រោះកាន់តែខ្លាំងពិសេសកង្វះស្បៀងអាហារ ខណៈដែលជំនួយមនុស្សធម៌នៅជាប់គាំងត្រឹមព្រំដែននោះ៕
Tag:
អាមេរិក
វ៉េណេស៊ុយអេឡា
ម៉ៃ ផេន
ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com