ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ នឹង​កាត់ក្តី​លោក សម រង្ស៊ី ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​និង​បទ​ញុះញង់​កងទ័ព​
26, Feb 2019 , 8:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ពីរ​ផ្សេងទៀត​របស់លោក សម រង្ស៊ី គឺ​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​និង​សំណុំរឿង​ញុះញង់​យោធា​មិន​ឲ្យ​ស្តាប់​បញ្ជា​។ ចៅក្រម​ស៊ើបសួរ​រូបនេះ បានចេញ​សេចក្តីជូនដំណឹង​ថា សំណុំរឿង​ទាំងពីរ​នេះ ត្រូវបាន​សម្រេច​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ​។


 
​ក្រោម​ការបញ្ជា​របស់​ចៅក្រម​ស៊ើបសួរ សមត្ថកិច្ច បាន​យក​សេចក្តីជូនដំណឹង​ស្តីពី​ការបញ្ជូន​សំណុំរឿង​របស់លោក សម រង្ស៊ី ទៅ​ជំនុំជម្រះ ទៅ​បិទ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។ យ៉ាងណា សេចក្តីជូនដំណឹង ពុំបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការបើក​សវនាការ​ជំនុំជម្រះ​នោះទេ​។​
 
​លោក សម រង្ស៊ី រង​បទ​ចោទ​ញុះញង់​យោធា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ដោយសារតែ​លោក អំពាវនាវ​ឲ្យ​យោធា​និង​កងកម្លាំងប្រដាប់អាវុធ ឈរ​ខាង​លោក​និង​ប្រជាជន ក្នុង​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ហើយ​លោក រង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ  កាល​អំឡុង​ខែកក្កដា ឆ្នាំ​២០១៨ ដោយសារតែ​កាលនោះ លោក អះអាងថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត គឺជា​ព្រះរាជសារ​ក្លែងក្លាយ​។ 
 
​បើ​សរុបទៅ លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនតិចជាង​១០​ទេ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕
 
 
 
 

Tag:
 សម រង្ស៊ី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com