អន្តរជាតិ
វិបត្តិវ៉េណេស៊ុយអេឡា៖ ចិនប្រឆាំងដាច់ខាតការប្រើជំនួយមនុស្សធម៌ ដើម្បីនយោបាយ
× ក្រុងប៉េកាំង ប្រឆាំងដាច់ខាតចំពោះកម្លាំងខាងក្រៅដែលព្យាយាមជ្រៀតជ្រៀកក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា ដោយប្រើប្រាស់ជំនួយមនុស្សធម៌ ដើម្បីសម្រេចគោលបំណងនយោបាយខ្លួន។ នេះបើតាមការបញ្ជាក់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទទី២៥ ខែកុម្ភៈ។
លោក Lu Kang និយាយថា ចិនសង្ឃឹមថា សន្តិភាពនិងស្ថិរភាពកើតមានក្នុងប្រទេសវ៉េណេស៊ុយអេឡា និងស្នើឲ្យភាគីពាក់ព័ន្ធគោរពតាមច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋានក្នុងទំនាក់ទំនងអន្តរជាតិ។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua មន្ត្រីអ្នកនាំពាក្យចិនរូបនេះ បញ្ជាក់ថា ភាពចលាចលដែលកំពុងកើតឡើងក្នុងប្រទេសវ៉េណេស៊ុយអេឡា ពុំផ្តល់ផលចំណេញដល់ភាគីណាមួយនោះឡើយ។
ការលើកឡើងរបស់លោក Lu គឺធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ សហការជាមួយក្រុមប្រឆាំងវ៉េណេស៊ុយអេឡា ប្រកាសពីគម្រោងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់វ៉េណេស៊ុយអេឡា។ ប៉ុន្តែការដឹកជំនួយនេះត្រូវបានរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌុយរ៉ូ បដិសេធមិនទទួលយក។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានទទូចឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡា និងបក្សប្រឆាំង ស្វែងរកដំណោះស្រាយនយោបាយ ដោយប្រើប្រាស់កិច្ចសន្ទនា និងការពិគ្រោះយោបល់ ក្រោមក្របខណ្ឌច្បាប់និងធម្មនុញ្ញ។ បន្ថែមពីនេះ លោក Lu ក៏ស្នើឲ្យសមាគមន៍អន្តរជាតិធ្វើរឿងដែលត្រឹមត្រូវ ដើម្បីជួយដល់ស្ថិរភាពជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡា និងលើកស្ទួយជីវភាពរបស់ប្រជាជន។
«យើងសង្ឃឹមថា សមាគមអន្តរជាតិនឹងផ្តល់ជំនួយកសាងដល់វេណេស៊ុយអេឡា ដោយសន្យាគោរពអធិបតេយ្យភាពរបស់ប្រទេសនេះ»។ នេះបើតាមអះអាងរបស់លោក Lu Kang ៕
Tag:
ចិន
សហរដ្ឋអាមេរិក
វ៉េណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com