ONE Championship
កីឡាជាតិ
ជាតិ
ទូត​កម្ពុជា​ប្រចាំ​សិង្ហ​បុរី​ថា​ពិភពលោក​ស្គាល់​ពាក្យ​«​គុន​ខ្មែរ​»​តាមរយៈ ONE Championship
26, Feb 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ Matias Andres
 
​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សិង្ហ​បុរី លោក ងួន សុខ​វេ​ង បាន​សរសើរ​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ពីររូប គង់ សំបូរ និង ខុន ស៊ី​ចាន់ថា​បាន​ជួយ​ផ្សព្វ​ផ្សាយពាក្យ​«​គុន​ខ្មែរ​» ទៅកាន់​ពិភពលោក នៅមុន​ចូល​ប្រកួត​ក្នុង​សង្វៀន ONE Championship នៃ​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថ្ងៃ​សុក្រ​ទី​២២ ខែកុម្ភៈ​។​

 
​លោក សុខ​វេ​ង មានប្រសាសន៍ថា​៖ «​ការខិតខំ​ប្រឹងប្រែង​នឹង​ហុច​ផល​សម្រេច​។ ការបញ្ជូន​កីឡាករ​ប្រយុទ្ធ​របស់​កម្ពុជា​ទៅ​ប្រទេសមួយ​ឬ​ប្រទេស​ណា​ផ្សេងទៀត​គឺជា​វិធី​ដែល​ពួកយើង​បង្ហាញ​ពិភពលោក​អំពី​មរតក​ដ៏​អស្ចារ្យ​របស់​យើង និង​ភាពខ្លាំង​របស់​ប្រជាជន​កម្ពុជា​តាមរយៈ​គុន​ខ្មែរ​និង​ល្បុក្កតោ​»​។​
 
​តំណាង​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​របស់​កម្ពុជា​ក៏មាន​វត្តមាន​ក្នុងជំនួប​នោះដែរ ព្រមជាមួយ​គ្រូបង្ហាត់​របស់ សំបូរ និង ស៊ី​ចាន់ ផង​គឺ​លោក Kwok Leung Tsang ដែលជា​សហ​ស្ថាបនិក​ក្លិប​អាណាចក្រ​ប្រយុទ្ធ​និង​លោក Alan Mccune អ្នកដឹកនាំ​ក្លិប Phnom Penh MMA​។​
 
​លោក​ឯកអគ្គរាជទូត​ក៏បាន​សន្យាថា​នឹងចូលរួម​ទស្សនា​ផ្ទាល់​ព្រឹត្តិការណ៍​ដែល​បាន​ប្រព្រឹត្តិ​ឡើង​នៅក្នុង​កីឡដ្ឋាន Singapore Indoor Stadium ពីមុខ​ទស្សនិកជន​ណែនណាន់តាន់តាប់​ដែល​បាន​ទិញ​សំបុត្រ​អស់​គ្មាន​សល់​។​
 
«​ខ្ញុំ ក្នុងនាម​ស្ថានទូត​កម្ពុជា​ប្រចាំ​សិង្ហ​បុរី សូម​ជូនពរ ស៊ី​ចាន់ និង សំបូរ ទទួលបាន​លទ្ធផល​ល្អ​បំផុត​។ យើងខ្ញុំ​ក៏​សូម​អរគុណ​ដល់​គ្រូបង្វឹក Alan និង ជា រិ​ទ្ធ ចំពោះ​ការបំពេញ​ការងារ​យ៉ាង​អស្ចារ្យ​»​។​
​ជា​អកុសល ខុន ស៊ី​ចាន់ និង គង់ សំបូរ មិនអាច​នាំយក​ជ័យជម្នះ​ត្រលប់​ទៅ​មាតុភូមិ​វិញ​ឡើយ ទោះបី​ពួកគេ​បាន​ត្រៀមលក្ខណៈ​យ៉ាង​ផ្ចិតផ្ចង់​ក៏ដោយ​។​
 
​ស៊ី​ចាន់ បាន​សុំ​ចុះចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Rudy “The Golden Boy” Agustian ក្នុង​ទឹក​ទី​១ ក្នុងការ​ប្រកួត​គូ​បើកឆាក​ល្ងាច​នោះ ខណៈ សំបូរ បាន​ប្រកួត​ពេញ​៣​ទឹក​ទល់នឹង​កីឡាករ​ចិន Zhang Chenlong ហើយ​បាន​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។​
 
​ទោះបី​បរាជ័យ​ក៏ដោយ ក្រុម​របស់​ពួកគេ​បាន​រក្សា​ផ្នត់គំនិត​វិជ្ជមាន​ដែល​ស្រប​នឹង​ប្រសាសន៍​របស់​ឯកឧត្ដម សុខ​វេ​ង មុន​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS ថា​៖ «​វា​ជា​ឈាម​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​។ ពួកយើង​ជា​អ្នក​ចម្បាំង​ដ៏​ពិតប្រាកដ​»៕
 

Tag:
 ងួន សុខ​វេ​ង​
  គង់ សំបូរ​
  ខុន ស៊ី​ចាន់
© រក្សាសិទ្ធិដោយ thmeythmey.com