អន្តរជាតិ
ម៉ាឡេស៊ី គ្រោង​បញ្ចេញ​គំរូ​រថយន្ត​ហោះ​ផលិត​ក្នុងស្រុក​លើកដំបូង​នា​ឆ្នាំ​២០១៩​នេះ​
27, Feb 2019 , 8:39 am        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
ដោយ:
​ម៉ាឡេស៊ី បង្ហាញ​គំរូ​ឡាន​ហោះ​ដំបូង​របស់ខ្លួន​ទៅកាន់​សាធារណៈជន​ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សហគ្រិនភាព Mohd Redzuan Md Yusof ។ លោក​រដ្ឋមន្ត្រី​រូបនេះ​បន្ថែមទៀតថា គំរូ​រថយន្ត​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងស្រុក​នេះ គឺមាន​សុវត្ថិភាព​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ហោះហើរ​នៅ​រយៈពេល​កម្ពស់​ទាប និង​នៅ​កម្រិត​ល្បឿន​មធ្យម​។

 
​ថ្លែង​នៅមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ទី​២៦ ខែកុម្ភៈ លោក Mohd Redzuan និយាយថា​៖«​យើង​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងស្រុក​ដើម្បី​បង្កើត​ឡាន​ហោះ​។ ហើយ​យើង​នឹង​ពឹង​ផ្អែកលើ​ភាគី​បរទេស​តែ​នៅពេល​យើង​ចង់​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​សុវត្ថិភាព​ឡាន​តែប៉ុណ្ណោះ​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bernama លោក​រដ្ឋមន្ត្រី​រូបនេះ បញ្ជាក់ថា ការវិនិយោគ​លើ​ការបង្កើត​គំរូ​ឡាន​ហោះ​នេះ គឺមាន​តម្លៃ​ប្រមាណ​ជាង ២៤៥ ៥០០​ដុល្លារ​ឯណោះ​។ លោក​បន្តថា គម្រោង​ឡាន​ហោះ​នេះ គឺជា​វិធីសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល​ក្នុង​គោលដៅ​បង្កើន​ការយល់ដឹង​របស់​ប្រជាជន​ទាក់ទិន​នឹង​បច្ចេកវិទ្យា​ថ្មី​។​
 
​ទ​ន្ទឺ​ម​នឹង​នេះ លោក Mohd Redzuan បកស្រាយ​ថា គម្រោង​ថ្មី​នេះ​នឹង​បង្កើន​សក្ដានុពល​សមត្ថ​ភាព​របស់​ម៉ាឡេស៊ី​ក្នុង​វិស័យ​រថយន្ត​, យានយន្ត​គ្មាន​មនុស្ស​បើក និង​ដែនអាកាស​ផងដែរ​។ យ៉ាងណាមិញ លោក​ថា គម្រោង​នេះ​គឺ​ដាច់ដោយឡែក​ពី​គម្រោង​ផលិត​រថយន្ត​ថ្នាក់ជាតិ​លើក​ទី​បី ដែល​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ៕ 
 

Tag:
 ម៉ាឡេស៊ី​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com