ជាតិ
សេដ្ឋកិច្ច
ដើមឆ្នាំ២០១៩ កម្ពុជាបាននាំចេញបន្លែស្រស់ជាង៣០តោន ទៅទីផ្សារអឺរ៉ុប
× ភ្នំពេញ៖ ខែមករា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញបន្លែស្រស់ចំនួន៣៣តោន ទៅទីផ្សារសហភាពអឺរ៉ុប។ ការនាំចេញទាំងនេះគឺស្របតាមគោលការណ៍របស់ក្រសួង ដែលជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក និងការនាំចេញ ដោយលើកកម្ពស់សក្តានុពលក្នុងការប្រកួតប្រជែង ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការនាំចេញបន្លែស្រស់ពីកម្ពុជាទៅសហភាពអឺរ៉ុប គឺមានជាច្រើនឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញបន្លែស្រស់ជាង១,០០០តោន។
លោកស្រី បានអះអាងដូច្នេះ« ក្នុងឆ្នាំ២០១៩នេះ ការនាំចេញបន្លែរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានចំនួនកើនជាងច្រើនរៀងរាល់ឆ្នាំ ព្រោះសន្ទះនៃការផលិតរបស់ប្រជាកសិករមានកើនឡើង និងល្អប្រសើរច្រើន តាមបែបស្តង់ដារអន្តរជាតិ»។
ថ្វីដ្បិតថា កម្ពុជាបាននាំចេញបន្លែទៅទីផ្សារអន្តរជាតិប្រចាំឆ្នាំក៏ពិតមែន ប៉ុន្តែ ការនាំចេញបន្លែនេះ គឺមានទំហំតូចនៅឡើយ បើធៀបនឹងទៅការនាំចូលបន្លែពីបរទេស ដែលមានចន្លោះពី២០០ ទៅ៤០០តោន ក្នុងមួយថ្ងៃ។ បន្លែដែលកម្ពុជានាំចូលនេះ ភាគច្រើនពីប្រទេសវៀតណាម និងថៃ។ នេះបើរបាយការណ៍របស់លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ដែលបានធ្វើការសិក្សាស្រាវជ្រាវកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com