ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! ដោះស្រាយ​បញ្ហា​បែកញើស​ពេលយប់ ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
27, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​ការ​បែកញើស​នៅពេល​យប់ គឺជា​រឿង​ធម្មតា​បំផុត​មួយ​កំឡុងពេល​អស់​រដូវ​។ បញ្ហា​បែកញើស​បង្កបញ្ហា​គួរឱ្យ​រំខាន​ក្នុងកំឡុងពេល​គេង​យប់​ដែល​ភាគច្រើន​បណ្ដាលឱ្យ​គេង​មិនបាន​ស្កប់ស្កល់​ពី ៧ ទៅ ៩ ម៉ោង​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ ដោះស្រាយ​បញ្ហា​បែកញើស​ពេលយប់ ៖

១. ជៀសវាង​ការទទួល​ទាន​កាហ្វេ​
 
​ក៏​ព្រោះតែ​កាហ្វេ​អ៊ី​ន​បង្ក​ការ​រំញោច​ដល់​ក្រពេញ​ញើស​នោះ ចូរ​អ្នក​ជៀសវាង​ទទួលទាន​កាហ្វេ​សូម្បី​តែមួយ​ពែង ឬ​ភេសជ្ជៈ​ដទៃទៀត​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​ចូល​គេង​។ ជាពិសេស​ប្រសិនបើ​អ្នក​ឆាប់​ប្រតិកម្ម​ទៅនឹង​ជាតិ​កាហ្វេ​អ៊ី​ន​ទៀត​នោះ ចូរ​ជៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន ឬ​កាហ្វេ​ពី ៥ ទៅ ៦ ម៉ោង​មុនពេល​ចូល​គេង​។​
 
២. ជៀសវាង​ការទទួល​ទាន​គ្រឿង​ស្រវឹង​
 
​ប្រសិនបើ​អ្នក​គិតថា ការទទួល​ទាន​គ្រឿង​ស្រវឹង​អាចជួយ​ឱ្យ​អ្នក​ឈប់​ខ្វល់ខ្វាយ​ពី​បញ្ហា​បែកញើស​ពេលយប់​នោះ ចូរ​គិត​ម្ដងទៀត​។ ក្រុម​អ្នកជំនាញ​និយាយថា ជាតិ​អាល់កុល​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ​ជិត​ស្បែក​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ក្ដៅ​ពេញ​ខ្លួន និង​បែកញើស​កាន់តែច្រើន​។ ចំពោះ​ស្ត្រី ជាតិ​អាល់កុល​ក្រៅពី​ធ្វើឱ្យ​គេង​មិនបាន​ស្កប់​ហើយ​នោះ វា​ក៏​ធ្វើឱ្យ​រោគសញ្ញា​នៃ​ការ​អស់​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​បន្ទាប់​ផងដែរ​។​
 
៣. ជៀសវាង​ការទទួល​ទាន​អាហារ​ហឹរ​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​បែកញើស អ្នក​គួរ​ជៀសវាង​ទទួលទាន​នូវ​អាហារ ឬ​ភេសជ្ជៈ​អ្វីដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​ដូចជា​អ្វីដែល​ក្ដៅ ឬ​ហឹរ​។​
 
៤. បន្ថែម​សណ្ដែកសៀង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​សណ្ដែកសៀង ឬ​អាហារ​ផ្សំ​ឡើង​ពី​សណ្ដែកសៀង ជួយ​ដោះស្រាយ​បញ្ហា​បែកញើស​ពេលយប់​បាន​យ៉ាង​ប្រសើរ​តាមរយៈ​សមត្ថភាព​ទប់​ស្កាត់​ការធ្លាក់ចុះ​នៃ​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​សែន​។ ទោះជា​យ៉ាង​កុំ​ទទួលទាន​ច្រើន​លើស​ពេក ជៀសវាង​បញ្ហា​សុខភាព​មិនល្អ​ណាមួយ​កើតឡើង​។​
 
៥. កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
 
​ក៏​ព្រោះតែ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​មួយ​បង្កបញ្ហា​បែកញើស​ពេលយប់ នោះ​អ្នក​គួរតែ​ព្យាយាម​អនុវត្ត​វិធី​ណាមួយ​ដើម្បី​កាត់បន្ថយ​ភាព​ស្ត្រេ​ស​របស់ខ្លួន​។​
 
​ប្រសិនបើ​ក្រោយពី​អនុវត្ត​គន្លឹះ​មួយចំនួន​ខាងលើ​រួចហើយ ប៉ុន្តែ​អាកា​រៈ​នៃ​ការ​បែកញើស​យប់​របស់​អ្នក​ហាក់ដូចជា​គ្មាន​ភាពប្រសើរឡើង​សោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​ព្រោះ​វា​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com