អន្តរជាតិ
លោក គីម ប្រជុំ​យុទ្ធសាស្ត្រ​ជាមួយ​មន្ត្រី​សំខាន់ៗ មុន​ជួប​លោក ត្រាំ
27, Feb 2019 , 9:43 am        
រូបភាព
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីរបស់ខ្លួនមុនជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព KCNA)
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំជាមួយមន្រ្តីរបស់ខ្លួនមុនជំនួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព KCNA)
​ទៅដល់​ទឹកដី​វៀតណាម​ដើម្បី​ជួប​លោក ដូ​ណា​ល់ ត្រាំ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​កោះប្រជុំ​ជាមួយ​មន្ត្រី​សំខាន់ៗ​របស់ខ្លួន ក្នុងជំនួប​ដែល​ត្រូវបាន​ហៅថា ជំនួប​យុទ្ធសាស្ត្រ​។ មន្ត្រី​ចរចា​កូរ៉េខាងជើង បានផ្ដល់​ព័ត៌មាន​លម្អិត​ទាក់ទង​លទ្ធផល​ចរចា​ជាមួយ​អាមេរិក​ដែល​ធ្វើឡើង​តាំងពី​សប្ដាហ៍​មុន​។ ជំនួប​ដែល​ធ្វើឡើង​ថ្ងៃទី​២៦ ខែកុម្ភៈ បង្ហាញ​ពី​ការ​ខ្វាយខ្វល់​របស់​មេដឹកនាំ​កូរ៉េខាងជើង​ជុំវិញ​ជំនួប​ជាមួយ​លោក ត្រាំ ដែល​ផ្ដោត​សំខាន់​លើ​ការរំសាយ​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។

 
​ក្នុង​រូបថត​មួយ​សន្លឹក​ដែល​ផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ គីម ជុង​អ៊ុន ត្រូវបាន​មើលឃើញថា អង្គុយ​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​ពី​ការរាយការណ៍​របស់​ម​ន្ត្រី​ចរចា​កូរ៉េខាងជើង​។ ក្រុមមន្ត្រី​កូរ៉េខាងជើង បាន​ស្ថិតនៅ​វៀតណាម​តាំងពី​សប្ដាហ៍​មុន​ដើម្បី​ជួបចរចា​ជាមួយ​ភាគី​អាមេរិក​ជុំវិញ​ប្រធានបទ​កិច្ចប្រជុំ សេចក្ដីថ្លែងការណ៍​រួម និង​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​។​
 
​បើតាម​រូបថត​នោះ លោក គីម ត្រូវបាន​អង្គុយ​អមដោយ​ប្រធាន​ក្រុម​ចរចា​នុយក្លេអ៊ែរ​កូរ៉េខាងជើង គីម យុក​ឈុ​ល​, ប្រធានការិយាល័យ​យុទ្ធសាស្ត្រ​នៃ​នាយកដ្ឋាន​រណសិរ្ស​បក្ស​ពលករ​កូរ៉េ គីម សុង​ហេ​, រដ្ឋមន្ត្រីការបរទេស រី យ៉ុង​ហូ និង​អនុរដ្ឋមន្ត្រី​ការបរទេស ឆេ ស៊ុន​ហ៊ី ដែលជា​អតីត​តំណាង​ចរចា​ជាមួយ​អាមេរិក​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គេ​មិនឃើញ​វត្តមាន​លោក គីម យ៉ុង​ឈុ​ល ដែលជា​មន្ត្រីជាន់ខ្ពស់​ទ​ទួល​បន្ទុក​ការចរចា​មួយ​អាមេរិក​ឡើយ​។​
 
​បើតាម​ការផ្សាយ​របស់ KCNA ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap ជំនួប​យុទ្ធសាស្ត្រ​ដែល​ធ្វើ​នៅ​សណ្ឋាគារ​ប្រណីត Melia ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​បាន​ស្ដាប់​យ៉ាង​យកចិត្ត​ទុក​របាយការណ៍​លម្អិត​ពី​ជំនួប​រវាង​មន្ត្រី​កូរ៉េខាងជើង និង​អាមេរិក​ដែល​ជួបគ្នា​ដើម្បី​រៀបចំ​ជំនួប​កូរ៉េខាងជើង​-​អាមេរិក​ឲ្យ​បាន​ជោគជ័យ​។ លោក គីម យុក​ឈុ​ល បាន​ជួបចរចា​ជាមួយ​សម​ភាគី​អាមេរិក​Stephen Biegun នៅ​នាទីចុងក្រោយ​នៅ​ហាណូយ​សំដៅ​បង្កើត​កិច្ចព្រមព្រៀង​នៃ​ជំនួប​នេះ​។​
 
​បញ្ហា​ដែលជា​របៀបវារៈ​សំខាន់​នៃ​ការចរចា​មន្ត្រី​ថ្នាក់​ក្រុមការងារ​នេះ គឺ​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ និង​ការចាត់វិធានការ​ឆ្លើយ​តប​របស់​អាមេរិក​ទៅនឹង​សកម្មភាព​របស់​កូរ៉េខាងជើង​។ អ្វីដែល​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​ជជែក​គ្នា​ខ្លាំង​ដើម្បី​ឲ្យ​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ទៅមុខ​មានការ​បិទ និង​ការបំផ្លាញ​ទីតាំង​នុយក្លេអ៊ែរ Yongbyon ដ៏​ល្បីឈ្មោះ ខណៈ​កូរ៉េខាងជើង​ចង់បាន​ការលើកលែង​ទណ្ឌកម្ម និង​ការប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​ផ្លូវការ​។ 
 
​លោក គីម និង​លោក ត្រាំ នឹង​ជួបគ្នា​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ និង​អមដោយ​មន្ត្រី​ម្ខាងៗ​ពីរ​នាក់​ទៀត​។ បន្ទាប់​ទៅ មេដឹកនាំ​ទាំងពីរ នឹង​ទទួល​អាហារ​ពេល​ល្ងាច​រួមគ្នា​ផង​។ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ជា​ពេលវេលា​សំខាន់ ដោយ​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង នឹងមាន​ជំនួប​ចរចា​កាន់តែ​លម្អិត​ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ក្ដី​រំពឹង​ដែលមាន​ខ្ពស់​ជាងគេ​សម្រាប់​ជំនួប​លើក​ទី​ពីរ​នេះ គឺ​លោក ត្រាំ និង​លោក គីម អាច​នឹង​ប្រកាស​បញ្ចប់សង្គ្រាម​កូរ៉េ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com