ជាតិ
សង្គមជាតិ
កម្ពុជា-វៀតណាម ប្ដេជ្ញាមិនអនុញ្ញាតឲ្យកម្លាំងនយោបាយ ឬយោធា ប្រើប្រាស់ទឹកដីគំរាមដល់សន្តិសុខជាតិដទៃឡើយ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម នៅក្នុងពិធីចុះហត្ថលេខាលើឯកសារនានារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៦ កុម្ភៈ
× ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នា លើផ្នែកការពារជាតិ ដោយសម្រេចមិនអនុញ្ញាតឲ្យមានកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយ ប្រើប្រាស់ទឹកដីខ្លួន បង្កើនកម្លាំង ដើម្បីគំរាមកំហែងប្រទេសជាតិដទៃឡើយ។ នេះជាការឯកភាពគ្នារវាងលោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងថ្នាក់ដឹកនាំកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ប្រមុខរដ្ឋវៀតណាម លោក ង្វៀន ហ្វ៊ូជុង និងថ្នាកដឹកនាំកម្ពុជា បានឯកភាពចែករំលែកព័ត៌មានឱ្យបានទៀងទាត់ និងសហការសម្របសម្រួលគ្នាឲ្យមានប្រសិទ្ធភាព រួមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់។ ជាពិសេសក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ ដែលជាការរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
ជាមួយគ្នានេះភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការការពារជាតិ ដោយប្ដេជ្ញាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកម្លាំងយោធាណាមួយ នៅលើទឹកដីខ្លួន ហើយបង្កអសន្តិសុខដល់ប្រទេសដទៃឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ដែលបានស្រង់សម្តីថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានសរសេរដូច្នេះថា៖«ឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត និងដោះស្រាយបញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ពង្រឹងការសម្របសម្រួលគ្នា ក្នុងគោលដៅថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសទាំងពីរ»។
កន្លងមកកម្ពុជា ធ្លាប់ត្រូវបានប្រទេសមហាអំណាចដាក់ការសង្ស័យថា កម្ពុជាអាចនឹងបើកផ្លូវឲ្យចិន ដាក់មូលដ្ឋានទ័ពលើទឹកដី ដើម្បីបង្កើនឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូចិនជាដើម។ ក្នុងរបាយការណ៍វាយតម្លៃរបស់អាមេរិកនេះ បានលើកយកការក្ដោបក្ដាប់អំណាចរបស់គណបក្សប្រជាជន ដែលកំពុងមានទំនាក់ទំនងស្អិតល្មួតជាមួយចិន មកបរិយាយប្រមាណជា៣បន្ទាត់ថា គណបក្សកាន់អំណាចមួយនេះ នឹងអាចកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ហើយបើកផ្លូវឲ្យកងទ័ពចិន អាចឈរជើងនៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។
របាយការណ៍វាយតម្លៃការគំរាមកំហែងពិភពលោករបស់អាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី២៩ មករា ជាភាសាអង់គ្លេស ហើយមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ការឈានឆ្ពោះទៅរកភាពផ្ដាច់ការរបស់កម្ពុជា ដែលស្ដែងឡើងតាមរយៈការរក្សាអំណាចរបស់គណបក្សប្រជាជនកម្ពុជា និងការគ្របដណ្ដប់យ៉ាងពេញលេញនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចឲ្យវត្តមានកងទ័ពចិននៅក្នុងប្រទេស»។
ប៉ុន្តែការលើកឡើងរបស់អាមេរិកបែបនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បដិសេធ។ កម្ពុជាចាត់ទុកការវាយតម្លៃរបស់អាមេរិកនេះ ជាការសង្ស័យគ្មានមូលដ្ឋានគ្រឹះ ហើយគ្រាន់តែជាទស្សនបំផុសបំផុលរូបភាពអ្វីមួយមិនល្អពីកម្ពុជា ដោយសារតែឃើញពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ប៉ុណ្ណោះ។
រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ នៅត្រង់ជំពូកទី៤ និយាយអំពីរបបនយោបាយ នៃមាត្រា៥៣ ត្រង់ចំណុចទី៤ បានចែងថា«…ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅលើទឹកដីបរទេសដែរ លើកលែងតែក្របខណ្ឌសំណូពររបស់អង្គការសហប្រជាជាតិ»៕
Tag:
ង្វៀន ហ្វ៊ូជុង
សន្តិសុខ
វៀតណាម
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com