កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បញ្ចប់​អាជីព​អាជ្ញាកណ្ដាល​អាហ្វ្រិក​ម្នាក់​អស់​មួយជីវិត ពីបទ​ទទួល​សំណូក​
27, Feb 2019 , 11:10 am        
រូបភាព
​អាជ្ញាកណ្ដាល​កាត់សេចក្តី​កីឡាបាល់ទាត់​លោក Oden Charles Mbaga ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បញ្ចប់​អាជីព​អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​២០​ម៉ឺន​ដុល្លារ​អាមេរិក ពីបទ​ទទួល​សំណូក​ដើម្បី​រៀបចំ​ការប្រកួត​។​


 
​ការដាក់ពិន័យ​នេះ​បន្ទាប់ពី​គណៈកម្មាធិការ​សីលធម៌ FIFA រកឃើញថា​លោក Mbaga មានទោស​ក្នុង​ការទទួល​សំណូក​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់ ២០១២ ដែល​រំលោភ​លើ​ក្រមសីលធម៌​របស់​ស្ថាប័ន​ខ្លួន​នៅក្រោយ​ការស៊ើបអង្កេត​កាលពី​ខែកក្កដា ឆ្នាំមុន​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា FIFA បាន​ចោទប្រកាន់ Mbaga ថា​បាន​ទទួលយក​សំណូក​ដើម្បី​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក្នុង​ឆ្នាំ ២០០៩ ទៅ​ឆ្នាំ​២០១២​។​


លោក Oden Charles Mbaga ដែលត្រូវ FIFA បញ្ចប់អាជីពមួយជីវិត
 
​អាជ្ញាកណ្តាល​សញ្ជាតិ​តង់​សានី​រូបនេះ​ក៏​ត្រូវគេ​រាយការណ៍​ថា​មានការ​ទាក់ទង​ទៅនឹង​ការកំណត់​លទ្ធផល​ការប្រកួត​ទុក​មុន​ជាមួយ​លោក Wilson Perumal ផងដែរ​។ Perumal ជនជាតិ​សិង្ហ​បុរី​រូបនេះ បាន​ចូលរួម​គប់គិត​ក្នុងការ​ផ្តល់​ឲ្យ​អាជ្ញាកណ្តាល​ប្រព្រឹត្តិ​អំពើពុករលួយ​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ សម្រាប់​ការ​ភ្នាល់​បាល់​។​
 
 Mbaga បាន​ប្រាប់ Reuters នៅ​ទីក្រុង Dar es Salaam ទៀតថា FIFA ធ្លាប់​សួរចម្លើយ​លោក​ម្តង​ដែរ​កាលពី​ឆ្នាំ ២០១០ ហើយ​ចាប់ពីពេលនោះ​មក​លោក​មិនបាន​ដឹង​អ្វី​អំពី​ការប្រកួត​ក្រោយៗ​ឡើយ​។ «​នេះ​គឺជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​មិនដឹង​អ្វី​សោះ​ថា FIFA មិន​ឲ្យ​ខ្ញុំ​ចូលរួម​សកម្មភាព​បាល់ទាត់​អស់​មួយជីវិត ខ្ញុំ​ពិតជា​មិនដឹង​រឿងនេះ​មែន​»​។​
 
​ក្រៅពី Mbaga កាលពី​ខែ​មុន អតីត​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​លោក Ibrahim Chaibou ជនជាតិ​នី​ហ្សេ​ក៏ត្រូវ​បាន FIFA បញ្ចប់​អាជីព​មួយជីវិត និង​ពិន័យ​ជា​ប្រាក់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ ក្រោយ​រកឃើញថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​សំណូក​៕
 

Tag:
 បាល់ទាត់​
  FIFA
  Oden Charles Mbaga
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com