ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​វៀតណាម​មាន​ទំហំ​ពាណិជ្ជកម្ម​៤,៧​ពាន់​លាន​ដុល្លារ​ឆ្នាំ​២០១៨ និង​ប្រឹង​ឲ្យ​សម្រេច ៥​ពាន់​លាន​
27, Feb 2019 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បើតាម​សេចក្ដីថ្លែងការណ៍​រួម​នៃ​លទ្ធផល​ដំណើ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​វៀតណាម​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម បាន​ឈានដល់ ៤,៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ហើយ​ភាគី​ទាំងពីរ​នឹង​ប្រឹងប្រែង​ពង្រីក​ទំហំ​នេះ​ឲ្យ​សម្រេចបាន ៥​ពាន់​លាន​ដុល្លារ ដូចដែល​ទិសដៅ​បានដាក់​ចេញ​ក្នុងពេល​កន្លងមក​។​


 
​ចំណុច​ទី​៥​នៃ​សេចក្ដីថ្លែងការណ៍​រួម​នេះ បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ភាគី​ទាំង​ពីរបាន​ឯកភាព​ចាត់វិធានការ​នានា​ដើម្បី​កែលម្អ​បរិយាកាស​វិនិយោគ ខិតខំ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​សម្រេចបាន ៥​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ​២០១៨ សម្រេចបាន ៤,៧​ពាន់​លាន​ដុល្លារ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកកម្ពស់​គុណភាព​អប់រំ បណ្ដុះបណ្ដាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​»​។​
 
​សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា ភាគី​ទាំងពីរ​នឹង​សម្រួល​ដល់​ការបង្កើត​ក្របខ័ណ្ឌ​ច្បាប់ សម្រាប​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ផ្ដល់​អាទិភាព​ដល់​ការតភ្ជាប់​សេដ្ឋកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ថា​ពល ទូរគមនាគមន៍ ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​។​
 
​កន្លងមក​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បានដាក់​ទិសដៅ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​ចំនួន ៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ តែ​ទំហំ​ពាណិជ្ជកម្ម​ដែល​ធ្វើបាន​កន្លងមក គឺ​វៀតណាម​ក្ដោប​ក្ដាប់​ចំណែក​ធំ​ជាង​កម្ពុជា​។ សេចក្ដីថ្លែងការណ៍​ខាងលើ​មិនបាន​លម្អិត​ពី​ទឹកប្រាក់​នាំចេញ​-​ចូល​របស់​ភាគី​ម្ខាងៗ​នោះទេ​។ 
 
​តែបើ​តាម​ទិន្នន័យ​រយៈពេល ១០​ខែ​នៃ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម បាន​បង្ហាញថា វៀតណាម​នាំចូល​កម្ពុជា​ស្មើនឹង ៧៣​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​។

អំឡុងពេល ១០​ខែ​នោះ ទំហំ​ពាណិជ្ជ​កម្មនេះ​មាន​ចំនួន​ត្រឹម ៣,០៦ ពាន់​លាន​ដុល្លារ ដែល​កើន ៣៦​ភាគរយ​។ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​បាន​ផ្សាយ​តួលេខ​នេះ​បាន​លម្អិត​បន្ថែមថា វៀតណាម​បាន​នាំចូល​ផលិតផល​ដែល​សំខាន់ៗ​រួមមាន ដែកថែប ប្រេង ផលិតផល​វាយ​ន​ភណ្ឌ ស្បែកជើង សម្លៀកបំពាក់​។​
 
​កម្ពុជា​នាំចេញ​ទៅ​វៀតណាម​វិញ​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​មិនទាន់​កែច្នៃ ដែល​រួមមាន​ស្វាយចន្ទី កៅស៊ូ ឈើ និង​ផលិតផល​ធ្វើ​ពី​ឈើ​។​
 

Tag:
 ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com